ផ្លូវកៅស៊ូជាច្រើនខ្សែនៅជុំវិញផ្សារតាខ្មៅចាស់រងការខូចខាតស្ទើរទាំងស្រុង និងត្រូវបានគេរំលោភ ខណៈអាជ្ញាធរមូលដ្ឋានបានឆ្លើយដាក់គ្នា

 


កណ្ថាល៖ ពិតជាអនិច្ចារផ្លូវកៅស៊ូជាច្រើនខ្សែច្រើនម៉ែត្រនៅជុំវិញផ្សារតាខ្មៅចាស់បានកំពុងរងនូវការខូចខាតយ៉ាងដំណំស្ទើរតែទាំងស្រុង និងត្រូវបានគេរំលោភយកធ្វើជាអាជីវកម្មដោយឥតអៀនខ្មាស់ បែរថៅកែផ្សារឲ្យដៃជើងកូនចៅដើរយកភាសុីឲ្យយ៉ាងរលូន ខណៈអាជ្ញាធរមូលដ្ឋានបានត្រឹមឆ្លើយដាក់គ្នាយកត្រូវរៀងៗខ្លួន។

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនិងអាជីវករបានឲ្យដឹងថា ផ្លូវខាងមុខតូបពួកគាត់ខូចចង់អស់ទៅហើយ ពុំដឹងថា គេធ្វើថ្ងៃណាទេ ឃើញតែគេចុះមកវាស់ហើយទៅបាត់ តាំងពីមុនបោះឆ្នោតមកដល់បច្ចុប្បន្នអត់ឃើញធ្វើផង។

ប្រភពបន្តថា ផ្លូវជុំវិញផ្សារយូរៗទៅ រួមតូចទៅៗ អ្នកលក់ដូរបានរំលោភយកផ្លូវទៅលក់ដូរចង់អស់ផ្លូវដើរ រកកន្លែងជិះម៉ូតូ ដើរមិនចង់បានផង ហើយអ្នកលក់ដូរបែរជានាំគ្នាបង់លុយទៅឲ្យខាងម្ចាស់ផ្សារទៅវិញ។

បើតាមលោក ជៀម ខូយ ចៅសង្កាត់ខ្មៅបានឆ្លើយឲ្យបណ្ដាញសារព័ត៌មាន The Mirror News ដឹងនៅរសៀលថ្ងៃទី៥ ខែកក្ដដា ឆ្នាំ២០២៤នេះថា ជាគម្រោងរបស់ខេត្ត តែគេមិនទាន់មានលុយធ្វើដោយប្រើប្រាស់ថវិកាគុណប្រយោជន៍របស់ខេត្ត។

បើតាមលោក ឃឹម សំភារៈ អភិបាលក្រុងតាខ្មៅបានឲ្យដឹងដែរថា ផ្លូវហ្នឹងខាងខេត្តនិងខាងសាធារណៈការ ហើយខាងខេត្តគម្រោងដូចជាមានផែនការហើយ ប៉ុន្តែនៅខាងលទ្ធកម្មនិងការងារផ្សេងៗទៀត។

បើតាមប្រភពពីមន្ត្រីសាលាខេត្តកណ្ដាលមួយរូបបានឲ្យដឹងផងដែរថា ជាគម្រោងរបស់ខេត្តដែលពាក់ព័ន្ធពីរអង្គភាព៖ ទី១៖ ទីចាត់ការផែនការវិនិយោគដែលជាអ្នកធ្វើគម្រោង និងទី២៖ ទីចាត់ការហិរញ្ញវត្ថុដែលជាអ្នកកាន់លុយ។

បើតាមប្រភពព័ត៌មានពីមន្ត្រីមួយរូបនៅមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តកណ្ដាលបានឲ្យដឹងថា ខាងមន្ទីរបានលើកគម្រោងទៅខេត្ត ប៉ុន្តែមិនទាន់មានឥណទានក្នុងការធ្វើ និងជួសជុល។

ទាក់ទិនផ្លូវខាងលើនេះ ប្រជាពលរដ្ឋក៏បានសំនូមពរដល់ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាលថ្មីមេត្តាជួយអន្តរាគមន៍ឲ្យបានធ្វើ ជួសជុល កែលម្អឲ្យបានល្អ ស្អាត ជាប់ និងជួយរំដោះផ្លូវចេញពីការរំលោភពីសំណាក់ក្រុមអាជីវករផង៕

អត្ថបទដែលជាប់ទាក់ទង