យុវតីអាយុ ១២,១៣ឆ្នាំចំនួន៣នាក់បានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័មក្នុងស្រះទឹកមួយទំហំក្បែរ៥ហិកតា នៅក្រុងតាខ្មៅ

កណ្ដាល៖ យុវតីអាយុ ១២,១៣ឆ្នាំចំនួន៣នាក់បានលង់ទឹកស្លាប់អាណោចអាធ័មក្នុងស្រះទឹកមួយទំហំក្បែរ៥ហិកតា ស្ថិតនៅភូមិទួលក្រសាំង សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាលកាលពីវេលាម៉ោង១៨៖០០នាទី ថ្ងៃចន្ទទី៨ ខែកក្កដា ឆ្នាំ២០២៤។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤នេះ។

ប្រភពបានឲ្យដឹងថា ក្រោយទទួលបានព័ត៌មានពាក់ព័ន្ធករណីក្មេងលង់ទឹកខាងលើ លោកវរសេនីយ៍ឯក យី វណ្ណដា អធិការក្រុងតាខ្មៅនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ បានបញ្ជាឲ្យអធិការរងទទួលការងារយុត្តិធម៌ និងកម្លាំងផ្នែកពិនិត្យវិភាគកន្លែងកើតហេតុចុះទៅពិនិត្យករណីក្មេងលង់ទឹកនៅកន្លែងកើតហេតុភ្លាមៗតែម្ដង។

បើតាមប្រភពពីសមត្ថកិច្ចជំនាញបានឲ្យដឹងថា សពជនរងគ្រោះ‌៣នាក់៖ ១៖ ឈ្មោះ គង់ ទេវី ភេទស្រី អាយុ១៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស ទីលំនៅបុរីសិរីមង្គល ភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ២៖ ឈ្មោះម៉ាលី ម៉ានិកា ភេទស្រី អាយុ១២ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស ទីលំនៅបុរីសិរីមង្គល ភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ និង៣៖ ឈ្មោះរត្ន័ ម៉ាយ៉ា ភេទស្រី អាយុ១៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស ទីលំនៅបុរីសិរីមង្គល ភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

បើតាមការរៀបរាប់របស់ក្រុមគ្រួសារជនរងគ្រោះទាំង៣នាក់បានឲ្យដឹងថា៖ ជនរងគ្រោះទាំង០៣នាក់ បានបាត់ពីផ្ទះនៅវេលាម៉ោង៨៖២២នាទីព្រឹក រហូតវេលាម៉ោង១៨៖៣០នាទី នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤ ក្មេងជនរងគ្រោះចំនួន០៣នាក់ បានដើរចេញពីក្នុងបុរីរណបសុភមង្គលនៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ឆ្ពោះមកលេងទឹកបឹងទឹកជោរនៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ក្រុងតាខ្មៅ ខេត្តកណ្តាល។  លុះដល់វេលម៉ោងបាយថ្ងៃត្រង់មិនឃើញក្មេងទាំង០៣នាក់នោះមករកហូបបាយដូចសព្វដង ក្រុមគ្រួសារស្វែងរក មកដល់ទីតាំងបឹងខាងលើក៏ឃើញសម្ភារៈរបស់ពួកក្មេងៗនៅមាត់បឹងទឹកជោរ មានស្បែកជើង និងអាវ មានបូរចងសក់ បាននាំគ្នាដើរ តែមិនឃើញក្មេងៗទេសង្ស័យថាក្មេងៗលង់ទឹកតែម្តង។

ប្រភពបានឲ្យដឹងទៀតថា នៅវេលាម៉ោង២០៖០០នាទីថ្ងៃដដែល កម្លាំងចម្រុះ និងបងប្អូនខ្មែរឥស្លាមបាននាំគ្នាចុះជួយរាវរកឃើញសពជនរងគ្រោះចំនួន៣នាក់ ដែលបានលង់ទឹកហើយ គិតត្រឹមវេលាម៉ោង២២៖៣០នាទី។ ហើយកម្លាំងការិយាល័យបច្ចេកទេសនិងវិទ្យាសាស្ត្រ សមត្ថកិច្ចផ្នែកជំនាញក្រុងតាខ្មៅក៏បានចុះមកពិនិត្យកន្លែងកើតហេតុនិងសាកសពផងដែរ។

គួរជម្រាបថា បើយោងតាមកាមេរ៉ាសុវត្ថិភាពវេលាម៉ោង៨៖២២នាទី ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ ឃើញជនរងគ្រោះទាំងបីនាក់ដើរឆ្លងកាត់បុរី មិនដឹងទៅទីណា។ រហូតវេលាម៉ោង២១៖ ៣០នាទី ក្រុមគ្រួសារជនរងគ្រោះបានដើររកជនរងគ្រោះ ទៅដល់ស្រះទឹកមួយកន្លែងមានចម្ងាយពីផ្ទះ ប្រហែល១៨០០ម៉ែត្រក៏ឃើញស្បែកជើងជនរងគ្រោះចំនួនពីរគូនិងអាវ បូរចងសក់ នៅមាត់ស្រះហើយក៏នាំគ្នាចុះរាវរកជនរងគ្រោះរហូតដល់ម៉ោង ២២៖៣០នាទី ទើបរាវរកជនរងគ្រោះឃើញសពទាំងបីនាក់តែម្ដង។  ប្រភពបន្តថា កន្លែងកើតហេតុនៅទិសខាងត្បូង មានចំងាយពីផ្លូវ២១Aទៅកន្លែងកើតហេតុ៦០០ម៉ែត្រ ស្រះមានទំហំប្រហែល៥ហិតា ជំរៅទឹកប្រហែល៦ម៉ែត្រ នៅជាប់មាត់ស្រះមានស្បែកជើង២គូរ អាវយឺតមួយ និងបូរចងសក់ចំនួន១។

ប្រភពបានបញ្ជាក់ថា សាកសពទាំង៣នាក់ មានស្ថានភាពដូចគ្នា ខ្លួនប្រាណប្រឡាក់ដីភក់ ខោអាវសើម មានទឹកផ្កាឈូកហូរចេញច្រមុះនិងមាត់ ក្នុងរុនច្រមុះមានដីភក់ ភ្នែកក្រហម បាតដៃនិងបាតជើង ជ្រួញ  ខ្លួនប្រាណស្លេកស្លាំង ពោះតឹង ក្រៅពីនិងពុំមានស្លាកស្នាមអ្វីគួរអោយកត់សំគាល់ឡើយ។ ជនរងគ្រោះស្លាប់ដោយសារលង់ទឹក។ សាកសពទាំង៣នាក់ត្រូវបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

គួរជម្រាបជូនថា នៅក្នុងហេតុការណ៍រាវរកសាកសពយុវតីរងគ្រោះទាំង៣នាក់ខាងលើ ក៏មានវត្តមានឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលរួមទាំងមេបញ្ជាការកងកម្លាំងពាក់ព័ន្ធផងដែរ។

ឯកឧត្តមអភិបាលខេត្ត និងលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តកណ្តាលក៏ដូចជាបងប្អូនប្រជាពលរដ្ឋទូទៅ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជាមួយក្រុមគ្រួសារសពក្មួយស្រី និងសូមឲ្យវិញ្ញាណក្មួយស្រីទាំង០៣ សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទដែលជាប់ទាក់ទង