ឯកឧត្ដម គួច ចំរើន ណែនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានឲ្យបន្តតាមដានយកចិត្តទុកដាក់ខ្ពស់ចំពោះការគំរាមកំហែងដល់ស្រូវរបស់ប្រជាកសិករ ពីរុយស និងដង្កូវមូលស្លឹក

កណ្ដាល៖ ឯកឧត្ដម គួច ចំរើន បានណែនាំដល់មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន សូមបន្តតាមដានយកចិត្តទុកដាក់ខ្ពស់ ចំពោះការគំរាមកំហែងដល់ស្រូវរបស់ប្រជាកសិករ ប្រសិនបើនៅតែបន្តគំរាមកំហែងពី រុយស និងដង្កូវមូលស្លឹក កាន់តែធ្ងន់ធ្ងរបន្ថែមទៀត ត្រូវចាត់វិធានការឱ្យបានទាន់ពេលវេលាធ្វើយ៉ាងណាកុំឱ្យស្រូវរបស់ប្រជាពលរដ្ឋរងការខូចខាតឡើយ។

ការណែនាំរបស់ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាលក្នុងឱកាសដែលឯកឧត្តមអញ្ជើញដឹកនាំមន្ត្រីជំនាញបច្ចេកទេស និងអាជ្ញាធរស្រុកលើកដែក ចុះពិនិត្យស្ថានភាពដំណាំស្រូវដែលរងការបំផ្លាញដោយរុយស និង​ដង្កូវមូរស្លឹក​ របស់ប្រជាកសិករ នៅស្រុកលើកដែក នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤នេះ។

ឯកឧត្ដមអភិបាលខេត្តបានថ្លែងថា បន្ទាប់ពីទទួលបានព័ត៌មានថា ស្រូវរបស់ប្រជាពលរដ្ឋនៅស្រុកលើកដែក មានការគំរាមកំហែងពីរុយស និងដង្កូវមូរស្លឹក ទើបអាជ្ញាធរខេត្តបានដឹកនាំមន្ត្រីជំនាញបច្ចេកទេស មកធ្វើការពន្យល់ណែនាំពីរបៀបនៃការកំចាត់ រុយស និងដង្កូវមូរស្លឹក ជៀសវាងប្រជាពលរដ្ឋប្រើប្រាស់ថ្នាំទៅតាមការស្មានរបស់ខ្លួន ដែលមិនត្រូវនឹងបច្ចេកទេស ហើយធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ផ្ទាល់ ក៏ដូចជាអ្នកដែលទទួលបានផលយកទៅប្រើប្រាស់ផងដែរ។

ឯកឧត្តមបន្ថែមថា ការចុះមកពិនិត្យនៅពេលនេះ គឺដើម្បីពន្យល់ដល់ប្រជាពលរដ្ឋឱ្យយល់ច្បាស់ពីវិធីសាស្ត្រនៃការ ការពារ រុយស និងដង្កូវមូរស្លឹក កុំឱ្យមានការបំផ្លាញផលស្រូវរបស់ប្រជាពលរដ្ឋយើង ហើយថ្នាំដែលប្រើប្រាស់ទៅនេះគឺមិនបំផ្លាញសុខភាពយើង និងសុខភាពអ្នកដែលប្រើប្រាស់ភោគផលរបស់យើងទៅថ្ងៃអនាគតឡើយ។

ជាមួយនោះ ឯកឧត្ដមក៏បានជំរុញ និងលើកទឹកចិត្តដល់ប្រជាកសិករទាំងអស់ សូមប្រើប្រាស់ថ្មាំ​កំចាត់សត្វល្អិតចង្រៃផ្សំពីរុក្ខជាតិ ជៀសវាងការប្រើប្រាស់ថ្នាំគីមីដែលធ្វើឱ្យប៉ះពាល់សុខភាពរបស់អ្នកប្រើប្រាស់ផ្ទាល់។

បើតាមលោក ចាប់ ចន្ទវិទ្យា អភិបាលស្រុកលើកដែកបានឱ្យដឹងថា រុយស និងដង្កូវមូរស្លឹក បានធ្វើឱ្យប៉ះពាល់​ ដំណាំស្រូវប្រមាណ ៣៤២ហិកតា​ តាមបណ្តាភូមិចំនួន​ ៤​ភូមិ​ គឺ​ ភូមិ​ថ្មី​ ភូមិ​ព្រែក​តាទួន​ ភូមិ​ពាមរាំងលេី​ និង​ ភូមិ​ ពាមរាំង​ក្រោម​។ ជាមួយគ្នានេះ ក្រុមការងារ​ជំនាញ​ មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល និងអាជ្ញាធរស្រុក បានចុះពិនិត្យ និងបានផ្តល់ថ្នាំ​ កំចាត់សត្វល្អិតផ្សំពីរុក្ខជាតិចំនួន៣៩០លីត្រ។

បើតាមលោក ប៊ុនទួន ស៊ីម៉ូណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល បានឱ្យដឹងដែរថាស្រែ​មួយចំនួន​ ស្រូវឡើងពណ៌ក្រហមព្រឿងៗ ខ្លះស្លោកចុង ជាពិសេសស្រែ​ ដែល​សាបព្រួស​ពូជច្រើន​ពេក (៣៥០-៤០០kg/ha) និងប្រើប្រាស់ថ្នាំកសិកម្មបាញ់ការពារជាប្រចាំ។ លោកបន្តថា ចំពោះមាន​វត្តមាន​ រុយស និងដង្កូវមូរស្លឹក តាម​បបណ្តាស្រែមួយចំនួនមន្ត្រី​ ជំនាញ​ សូម​ផ្តល់ការណែនាំបច្ចេកទេស​ រួមមាន​៖ ប្រើពូជស្រូវត្រឹមតែ ១២០ -១៥០kg/ha, ចុះពិនិតស្រែជាប្រចាំ, បន្ថយការប្រើប្រាស់ថ្នាំកសិកម្ម, កុំប្រើជី UREA ច្រើនពេក, សូមប្រើប្រាស់ថ្មាំ​កំចាត់សត្វល្អិតចង្រៃផ្សំពីរុក្ខជាតិ។

លោកប្រធានមន្ទីរបន្ថែមថា ស្រែដែលរងការបំផ្លាញ​ មានកំរិត​ស្រាល​ មិនទាន់មានរងការខូចខាតធ្ងន់ធ្ងរនៅ​ឡើយទេ មន្ត្រីជំនាញ​ និងអាជ្ញាធរដែនដីគ្រប់លំដាប់​ថ្នាក់​ កំពុងតែចាត់វិធានការ​ បង្កា​រ​ និងកំចាត់​ ចៀសវាងការ​ខូចខាត​ ឬ​ រីក​រាលដាល​បន្តទៀត​។

គួរជម្រាបជូនថា បន្ទាប់ពីចុះពិនិត្យស្ថានភាពដំណាំស្រូវដែលរងការបំផ្លាញដោយរុយស និង​ដង្កូវមូរស្លឹក​ របស់ប្រជាកសិករ នៅស្រុកលើកដែក ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អញ្ជើញពិនិត្យហេដ្ឋារចនាសម្ព័ន្ធ អគាររដ្ឋបាលសាលាស្រុកលើកដែក និងសំណេះសំណាលជាមួយមន្ត្រីរាជការស្រុកលើកដែក ដែលកំពុងបម្រើការងារ និងផ្ដល់សេវាជូនប្រជាពលរដ្ឋ នៅការិយាល័យច្រកចេញចូលតែមួយ ការិយាល័យនានាក្នុងសាលាស្រុក។

ឯកឧត្ដមអភិបាលក៏បានណែនាំដល់មន្ត្រីរាជការទាំងអស់ សូមលើកកម្ពស់ការផ្តល់សេវាសាធារណៈ តាមរយៈការពង្រឹង និងការកែលម្អស្ថាប័នសាធារណៈនៅថ្នាក់ក្រុង សង្កាត់ ឱ្យក្លាយជារដ្ឋបាលទំនើប ស្អាតស្អំ និងមានសមត្ថភាព ដែលស័ក្តិសមជារដ្ឋបាល បម្រើផលប្រយោជន៍ពិតប្រាកដរបស់ប្រជាជន។ ជាមួយគ្នានេះដែរ ត្រូវបន្តពង្រឹង និងកែលម្អនូវយន្តការ គោលការណ៍ ស្តង់ដា បែបបទ និងនីតិវិធីនានានៃការផ្តល់សេវាសាធារណៈ ព្រមទាំងពង្រឹងការបំពេញមុខងារ និងកាតព្វកិច្ច របស់មន្ត្រីគ្រប់លំដាប់ថ្នាក់ ក្នុងការផ្តល់សេវាសាធារណៈនានា ជូនប្រជាពលរដ្ឋឱ្យបានរហ័ស ហើយក៏ត្រូវដាក់ទណ្ឌកម្មវិន័យ ឬអនុវត្តវិធានការច្បាប់ ចំពោះមន្ត្រីសាធារណៈ រូបណាដែលបំពានក្រមសីលធម៌វិជ្ជាជីវៈ ឬរំលោភបំពានអំណាច ក្នុងការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង