លោកមេបញ្ជាការ សំ តុលា៖ ឈាមមានប្រភពពីមនុស្ស មិនមានរោងចក្រណាផលិតបានឡើយ សូមលើកទឹកចិត្តដល់កងកម្លាំងទាំងអស់ បន្តរួមគ្នាបង្កើតវប្បធម៌ជួយគ្នា បរិច្ចាកឈាមដោយស្ម័គ្រចិត្ត

 

កណ្តាល៖ លោកឧត្ដមសេនីយ៍ត្រី សំ តុលា បានគូសបញ្ជាក់ថា ឈាមមានប្រភពពីមនុស្ស មិនមានរោងចក្រណាផលិតបានឡើយ ដូចនេះសូមលើកទឹកចិត្តដល់កងកម្លាំងយើងទាំងអស់ បន្តរួមគ្នាបង្កើតវប្បធម៌ជួយគ្នា បរិច្ចាកឈាមដោយស្ម័គ្រចិត្ត ដែលជាសកម្មភាពមនុស្សធម៌ដ៏ប្រពៃក្នុងការជួយជនរងគ្រោះដែលត្រូវការឈាមចាំបាច់ដើម្បីសង្គ្រោះជីវិតមនុស្ស។

ការគូសបញ្ជាក់របស់លោកឧត្ដមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល នាព្រឹកថ្ងៃសៅរ៍ ទី១៣ ខែកក្កដា ឆ្នាំ២០២៤នេះ ក្នុងពិធីសំណេះសំណាល និងបំពាក់មេដាយ របស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីអបអរសាទរសាទរខួបអនុស្សាវរីយ៍លើកទី៣១ ថ្ងៃបង្កើតកងរាជអាវុធហត្ថ «១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៤»។

លោកមេបញ្ជាការបានផ្តល់កម្លាំងចិត្តដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថខេត្តកណ្តាលទាំងអស់ ដែលចូលរួមដោយផ្ទាល់ក្នុងការផ្តល់ឈាមដោយស្ម័គ្រចិត្ត សម្រាប់បម្រើឱ្យជនរួមជាតិដែលមានតម្រូវការឈាមចាំបាច់ ដើម្បីជួយសង្គ្រោះជីវិតមនុស្សនាពេលបច្ចុប្បន្ននិងទៅអនាគត។

លោកមេបញ្ជាការបានគូសបញ្ជាក់ទៀតថា កងរាជអាវុធហត្ថខេត្តកណ្តាលបានធ្វើជាគំរូល្អនិងមានស្នាដៃកិត្តិយស កេរ្តិ៍ឈ្មោះដ៍ថ្លៃថ្លានេះ ដោយមានការដឹកនាំចង្អុលបង្ហាញជាប្រចាំពីលោកនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកណ្តាលឱ្យកម្លាំងកងរាជអាវុធហត្ថគ្រប់រូបយកចិត្តទុកដាក់ឈរលើគោលការណ៍គោរពបទបញ្ជា គោរពវិន័យ សាមគ្គី ឯកភាពផ្ទៃក្នុង គោរពតាមឋានានុក្រម ពិសេសមានឆន្ទៈក្នុងការការពារនិងបម្រើប្រជាពលរដ្ឋ។

លោកឧត្ដមសេនីយ៍បន្តថា កងរាជអាវុធហត្ថមានតួនាទីយ៉ាងសំខាន់សម្រាប់ជួយដល់សង្គមទាំងមូល ក្នុងការថែរក្សាការពារ ពង្រឹងសន្តិសុខ ស្ថិរភាពនយោបាយ និងរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ហើយមកដល់បច្ចុប្បន្ននេះ កងរាជអាវុធហត្ថខេត្តកណ្តាល បានបង្កើតនូវសមិទ្ធផលនានាជាច្រើន សម្រាប់អង្គភាព ជាពិសេសក្រៅពីការងារស្នូល បានចូលរួមសហការនិងចុះជួយដល់ប្រជាពលរដ្ឋគ្រប់ពេលវេលា គ្រប់ទីកន្លែង នៅពេលដែលប្រជាពលរដ្ឋមានតម្រូវការ។

លោកឧត្ដមសេនីយ៍ត្រីក៏បានកោតសរសើរ និងថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះបេសកកម្មដ៏ថ្លៃថ្លារបស់មជ្ឈមណ្ឌលជាតិផ្ដល់ឈាម ក្នុងការមកចូលរួមសហការជាមួយកងកម្លាំងកងរាជអាវុធហត្ថ ខេត្តកណ្តាលបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិតមនុស្ស ដោយមិនគិតពីឋានៈ ពណ៌សម្បុរ ឬនិន្នាការ ជាពិសេសបានជួយសម្រួលដល់កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល និងក្រុមគ្រួសារ សាច់ញាតិពេលត្រូវការឈាមជាចាំបាច់។

ក្នុងនាមមេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល លោកឧត្ដមសេនីយ៍ត្រី សំ តុលា សូមធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះទឹកចិត្តដ៏សប្បុរសរបស់ នាយទាហាន និងនាយទាហានរង នៃកងរាជអាវុធហត្ថ ខេត្តកណ្តាលទាំងអស់ដែលបានចូលរួមស្ម័គ្រចិត្តបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះជីវិតមនុស្សដែលត្រូវការឈាមជាចាំបាច់ ក្នុងរយះពេលកន្លងមក។

លោកឧត្ដមសេនីយ៍បានឲ្យដឹងទៀតថា ដោយអនុវត្តតាមភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ បង្ការ បង្ក្រាប និងសង្គ្រោះ ដែលជាយន្តការដឹកនាំដ៏មានប្រសិទ្ធិភាពរបស់លោក នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើឲ្យនាយទាហាន និងនាយទាហានរង នៃកងរាជអាវុធហត្ថ ខេត្តកណ្តាលទាំងអស់ បានយកអស់ស្មារតីអនុវត្តតួនាទី ភារកិច្ច ទទួលខុសត្រូវខ្ពស់ ជាពិសេសកម្លាំងកងរាជអាវុធហត្ថ បានត្រៀមរួចជាស្រេច ដើម្បីជួយដល់ប្រជាពលរដ្ឋដែលកំពុងខ្វះឈាមដែលរងគ្រោះដោយឧបទ្ទេវហេតុផ្សេងៗ។

គួរជម្រាបជូនថា បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល បានសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្រោមអធិបតីភាពលោកឧត្ដមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល និងលោកវិជ្ជបណ្ឌិតប្រធានមជ្ឍមណ្ឌលជាតិផ្តល់ឈាម និងដោយមានការចូលរួមពី នាយទាហាន និងនាយទាហានរង នៃកងរាជអាវុធហត្ថខេត្តកណ្ដាល គ្រួសារអាវុធហត្ថ ប្រជាពលរដ្ឋ  និងក្រុមគ្រូពេទ្យរបស់មជ្ឍមណ្ឌលជាតិផ្តល់ឈាម មួយចំនួនទៀត។

លោកឧត្ដមសេនីយ៍ក៏បានមានប្រសាសន៍ថា អរគុណសន្តិភាព! អរគុណនយោបាយ ឈ្នះ ឈ្នះ!និងដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករ នយោបាយ ឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិ ពេញលេញ៕

អត្ថបទដែលជាប់ទាក់ទង