ផ្លូវបេតុងចូលរោងចក្រកាត់ដេរ «ហ្គ្រេត ជិនស៊ីន ហ្គាម៉ិន» កំពុងរងការខូចខាត គ្មានសណ្ដាប់ធ្នាប់ និងមានសំរាមរលួយស្អុយ

កណ្ដាល៖ ផ្លូវបេតុងចូលរោងចក្រកាត់ដេរ « ហ្គ្រេត ជិនស៊ីន ហ្គាម៉ិន» ភ្ជាប់ពីផ្លូវ១១៥ ស្ថិតនៅក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាលកំពុងរងការខូចខាតយ៉ាងធ្ងន់ធ្ងរ និងមានសភាពកខ្វក់ លិចទឹក ស្មៅ រុក្ខជាតិដុះពីលើអមសងខាង គ្មានសោភ័ណ្ឌភាព គ្មានសណ្ដាប់ធ្នាប់ និងមានសំរាមរលួយស្អុយគួរឲ្យខ្ពើមរអើមទៀតផង។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤នេះ។

ប្រភពបានបន្តថា ផ្លូវបេតុងចូលរោងចក្រកាត់ដេរខាងលើមានប្រវែងប្រមាណជាជាង១៥០ម៉ែត្រប៉ុណ្ណោះ ប៉ុន្តែផ្លូវខាងលើនេះ ខូចខាតស្ទើរទាំងស្រុងទៅហើយ មានសំរាមស្អុយរលួយ ពេលខ្លះលិចទឹក ហើយអ្នកលក់ដូរបានយកសំរាមដែលពួកគាត់ប្រមូលរួច យកទៅគទុកអមសងខាងផ្លូវមុខរោងចក្រទម្រាំរថយន្តដឹកសំរាមមកប្រមូលយកទៅ ជាពិសេសសំរាមផ្លាស្ទិក រប៉ាត់រប៉ាយគ្មានសណ្ដាប់ធ្នាប់ គ្មានអនាម័យទាល់តែសោះ។

ទាក់ទិនករណីផ្លូវបេតុងខាងលើនេះ លោក ឃឹម សំភារៈ អភិបាលក្រុងតាខ្មៅបានប្រាប់ឲ្យបណ្ដាញសារព័ត៌មាន The Mirror News ដឹងថា ផ្លូវនេះ ខាងសង្កាត់និងប្រជាពលរដ្ឋជាអ្នកមើលថែទាំ ហើយលោកនឹងប្រាប់ខាងសង្កាត់ឲ្យចុះទៅមើល។

ជុំវិញករណីខាងលើនេះ ចៅសង្កាត់តាខ្មៅ លោក ជៀម ខូយ មិនបានឆ្លើយតបឬបញ្ជាក់ឲ្យបណ្ដាញសារព័ត៌មានយើងបានដឹងថា យ៉ាងណានោះ ព្រោះអង្គភាពយើងបានព្យាយាមខលចូលតាមបណ្ដាញសង្គមតេលេក្រាម ប៉ុន្តែគ្មានការឆ្លើយតប។

ជាមួយនោះ សាធារណៈជនបានសំនូមពរដល់អាជ្ញាធរមូលដ្ឋានក្រុងតាខ្មៅ និងសង្កាត់តាខ្មៅឧស្សាហ៍ចុះពិនិត្យមើលផ្លូវជាប្រចាំ រៀបចំឲ្យបានស្អាត ល្អ មានសោភ័ណ្ឌភាព សណ្ដាប់ធ្នាប់ របៀបរៀបរយ អនាម័យឲ្យបានជាប្រចាំផង ជាពិសេសផ្លូវបេតុងខាងលើនេះ ព្រោះមានបងប្អូនកម្មករ កម្មការិនី និងប្រជាពលរដ្ឋជាច្រើនបានអាស្រ័យផល៕

អត្ថបទដែលជាប់ទាក់ទង