អភិបាលខេត្តកណ្ដាលប្រកាសគាំទ្រ និងកិច្ចសហការពីក្រុមប្រឹក្សាខេត្តដើម្បីដំណើរការដឹកនាំទទួលបានជោគជ័យលើគ្រប់វិស័យ


កណ្ដាល៖ ឯកឧត្ដម គួច ចំរើន ប្រកាសគាំទ្រ និងកិច្ចសហការពីក្រុមប្រឹក្សាខេត្ត ដើម្បីដំណើរការដឹកនាំទទួលបានជោគជ័យលើគ្រប់វិស័យ ពិសេសលើការបម្រើសេវានានា ជូនប្រជាពលរដ្ឋ រក្សាបាននូវសន្តិសុខសណ្ដាប់ធ្នាប់ក្នុងខេត្ត លុបបំបាត់ នូវរាល់បទល្មើសគ្រប់ប្រភេទ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ជាដើម។

ការប្រកាសគាំទ្ររបស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល ក្នុងកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្ត លើកទី២ អាណិត្តទី៤ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

ឯកឧត្ដមអភិបាលខេត្តបានអបអរសាទរចំពោះក្រុមប្រឹក្សាដែលបានបើកកិច្ចប្រជុំដើម្បីអនុម័តនូវការងារចាំបាច់មួយចំនួនក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ក្រុមប្រឹក្សាខេត្ត ក្នុងអាណិតថ្មីនេះ។

ឯកឧត្ដមបានបន្តថា កិច្ចប្រជុំនេះគឺជាលើកដំបូង បន្ទាប់ពីការចូលកាន់មុខតំណែង រយៈពេល ១៥ថ្ងៃ ហើយនេះក៏ជាឱកាសសម្រាប់ការស្គាល់គ្នាកាន់ជិតស្និទ្ធបន្ថែមទៀត រវាងក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ទីរជុំវិញខេត្ត ក៏ដូចជាមន្ត្រីរាជការទាំងអស់ផងដែរ។

បើតាមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម នូ សាខន បានលើកឡើងថា កិច្ចប្រជុំក្រុមប្រឹក្សាខេត្តត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើរបៀវារៈសំខាន់ៗដែលបានគ្រោងទុក ហើយក៏ជាការជួបជុំគ្នាជាមួយគ្រប់បណ្តាមន្ទីរ អង្គភាពជំនាញក្នុងខេត្ត ដើម្បីធ្វើការផ្សព្វផ្សាយ អំពីលទ្ធផលការងារ ដែលបានអនុវត្តន៍កន្លងមក និងកំណត់ទិសដៅអនុវត្តន៍បន្តអោយទទួលបានលទ្ធផលកាន់តែប្រសើរឡើងថែមទៀត។

ឯកឧត្តមប្រធានបានកោតសរសើរ និងវាយតម្លៃខ្ពស់ទៅលើកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរជុំវិញខេត្ត ដែលបានខិតខំបំពេញការងារតាមតួនាទី ភារកិច្ចទទួលបានលទ្ធផលល្អ និងមានការទទួលខុសត្រូវខ្ពស់។

ឯកឧត្តមក៏បានជំរុញ និងលើកទឹកចិត្តដល់ បណ្តាមន្ទីរ អង្គភាពនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវបន្តខិតខំបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនបន្ថែមទៀតដើម្បីជួយលើកកម្ពស់ប្រសិទ្ធភាពការងារ និងអនុវត្តន៍សេចក្តីសម្រេចផ្សេងៗ ប្រកបដោយអភិបាលកិច្ចល្អរវាងក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្តសំដៅឆ្លើយតបបានតាមតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ជាពិសេសត្រូវបន្តដោះស្រាយបញ្ហាប្រឈមនានាដែលនៅសេសសល់ ឱ្យទទួលបានជោគជ័យបន្ថែមទៀតផងដែរ។

គួរបញ្ជាក់ថា ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២នេះ មាន ៥របៀបវារៈសំខាន់ៗ ដោយក្នុងនោះក្រុមប្រឹក្សាខេត្ត បានពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងដីកាស្តីពីការរៀបចំបទបញ្ជាផ្ទៃក្នុង របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ និងបានអនុម័តលើសេចក្តីព្រាងប្រតិទិនកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា សម្រាប់រយៈ ពេល១២ខែ៕

អត្ថបទដែលជាប់ទាក់ទង