ប៉ូលិសខេត្តបន្ទាយមានជ័យបង្ហាញមុខសញ្ញាជនសង្ស័យជាជនជាតិថៃ៣នាក់ ពាក់ព័ន្ធគ្រឿងញៀន ជាង៣០០០គ្រាប់ និងបញ្ជូនទៅតុលាការ

 

 

បន្ទាយមានជ័យ៖ កម្លាំងនគរបាលជំនាញខេត្តបន្ទាយមានជ័យនៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤បានបង្ហាញមុខសញ្ញាជនសង្ស័យជាជនជាតិថៃចំនួន៣នាក់ ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន ជាង៣០០០គ្រាប់ និងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនិតិវិធី។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃនេះ។

ប្រភពបន្តថា ដោយអនុវត្តាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលដោយ លោក សំរិទ្ធិ សុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង៧យប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងនគរបាលការិយាល័យជំនាញប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតចុះបង្រ្កាបករណីជួញដូរគ្រឿងញៀននៅបន្ទប់ជួលយកន្លែង ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ (ជនជាតិថៃ) ។

ប្រភពបន្តថា ជនសង្ស័យទាំង៣នាក់៖ ៖១-ឈ្មោះ tananat kerdnoy ភេទប្រុស អាយុ៤៤ឆ្នាំ, ២-ឈ្មោះ tanakorn eikeiv ភេទប្រុស អាយុ២២ឆ្នាំ ,៣-ឈ្មោះ veerapat trainut អាយុ២៨ឆ្នាំ។ ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងនគរបាលស្រាវជ្រាវរកឃើញ វត្ថុតាងរួមមាន៖ ១-ថ្នាំគ្រាប់WY ចំនួន១៩កញ្ចប់ ស្មើ ៣៨០០គ្រាប់, ២-ម្សៅម៉ត់ (ខេ) មួយកូនថង់,៣-ថ្នាំគ្រាប់ អ៊ិចស្តាស៊ី ២គ្រាប់,៤-ទូរស័ព្ទដៃចំនួន០៣គ្រឿង។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងកម្លាំងនគរបាលជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងអនុវត្តតាមនិតិវិធី៕

អត្ថបទដែលជាប់ទាក់ទង