លោកមេបញ្ជាការ សំ តុលា ចុះសួរសុខទុក្ខមន្ត្រីកងរាជអាវុធហត្ថខេត្តកណ្តាល២រូបដែលមានជំងឺនិងរងរបួស កំពុងសម្រាកព្យាបាលនៅតាមផ្ទះ
កណ្តាល៖ លោកឧត្ដមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានដឹកនាំមន្ត្រីអាវុធហត្ថក្រោមឱវាទចុះជួបសំណេះសំណាលសាកសួរសុខទុក្ខលោកវរសេនីយ៍ត្រី អ៊ុក បូរ៉ា រស់នៅស្រុកស្អាង និងលោកអនុសេនីយ៍ទោ ពៅ វង្សា រស់នៅស្រុកកណ្តាលស្ទឹងដែលមានជំងឺនិងរងរបួសដែលកំពុងសម្រាកព្យាបាលនៅតាមផ្ទះ។
លោកឧត្ដមសេនីយ៍ត្រី សំ តុលា បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងបានពាំនាំនូវការសាកសួរសុខទុក្ខ និងជូនពរដល់នាយអាវុធហត្ថដែលកំពុងសម្រាកព្យាបាលឱ្យបានឆាប់ជាសះស្បើយ មានសុខភាពល្អបរិបូណ៍ កម្លាំងពលាំងរឹងមាំ ប្រកបដោយសេចក្តីសុខ សុភមង្គលគ្រប់ពេលវេលាក្នុងក្រុមគ្រួសារ។
លោកមេបញ្ជាការក៏បានផ្សព្វផ្សាយសារជូនពររបស់ ឯកឧត្ដមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្ដមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេរភូមិន្ទ នាឱកាសខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជជាតិ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៤) ផងដែរ។
គួរជម្រាបថា នាយទាហាន និងក្រុមគ្រួសារក៏បានសម្តែងនូវទឹកចិត្តរំភើបរីករាយ ថ្លែងអំណរអរគុណ និងជូនពរដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងលោកមេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល ព្រមទាំងនាយ-នាយរងកងរាជអាវុធហត្ថទាំងអស់ សូមឲ្យមានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច ប្រកបដោយពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕