មេភូមិត្បូងដំរីម្នាក់ត្រូវបានអ្នកបើកបរអាបុលបុកកិនបត់កស្លាប់យ៉ាងអាណោចអធម៌នៅហ្នឹងកន្លែង រួចរត់បាត់ស្រមោល ខណៈគាត់ជិះម៉ូតូដឹកចៅអាយុ៣ឆ្នាំចុះទៅមើលការឈូសឆាយធ្វើផ្លូវលំ!
កណ្ដាល៖ លោកមេភូមិត្បូងដំរីម្នាក់ត្រូវបានអ្នកបើកបរអាបុលមកពីកងវិស្វកម្មបើកបុកកិនបត់កស្លាប់ភ្លាមៗយ៉ាងអាណោចអធម៌នៅហ្នឹងកន្លែង ខណៈគាត់ដឹកចៅប្រុសអាយុ៣ឆ្នាំជិះម៉ូតូចុះមើលគេឈូសឆាយធ្វើផ្លូវលំចូលទៅដីខាងក្នុង។ ដោយការឈូសឆាយធ្វើផ្លូវនោះគឺមានការអនុញ្ញាតពីលោក សន សឿន មេឃុំកំពង់ចំលង។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។
បើតាមប្រភពពីសមត្ថកិច្ចស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថាហេតុការណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១១៖០០នាទីថ្ងៃពុធ ទី១៣ ខែវិច្ឆិកា ឆ្នាំ ២០២៤ លើផ្លូវលំ ត្រង់ចំណុចភូមិត្បូងដំរី ឃុំកំពង់ចំលង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ ដោយបង្កឡើងដោយអាបុលរុញដី១គ្រឿង ម៉ាកkomisu D31 P17 ព៌ណ លឿង ផ្លាកលេខ គ្មាន បើកបរដោយ ឈ្មោះ រ៉េ ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅខេត្តពោធិសាត់ (បានលួចរត់គេចខ្លួនបាត់ស្រមោល) បើកបររយ៉ែថយក្រោយពីលិចទៅកើត បានបុកកិនលោកមេភូមិបណ្ដាលឲ្យស្លាប់នៅហ្នឹងកន្លែង និងម៉ូតូ រួមទាំងចៅអាយុ៣ឆ្នាំបណ្ដាលឲ្យរងរបួសបញ្ជូនទៅមន្ទីរពេទ្យ ខណៈគាត់បានចុះពិនិត្យមើលគេឈូសឆាយផ្លូវលំ ដោយបានឈប់ពីក្រោយ។
ប្រភពបញ្ជាក់ថា អ្នកបើកបរអាបុលបានបើកបុកកិនម៉ូតូ១គ្រឿងម៉ាក HONDA DREAM C125 ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 1GD -9465 បើកបរដោយឈ្មោះ រឿង រិន ភេទប្រុស អាយុ៧៨ឆ្នាំរស់នៅភូមិត្បូងដំរី ឃុំកំពង់ចំលង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដោយមិនពាក់មួកសុវត្ថិភាព រួមដំណើរ០១នាក់ ឈ្មោះ ភុន លីគ័ង ភេទប្រុស អាយុ៣ឆ្នាំ នៅភូមិឃុំជាមួយគ្នា ត្រូវជាចៅបើកបរពីកើតទៅលិច ឈប់មើលគេរុញដីធ្វើថ្នល់ ។
ប្រភពបញ្ជាក់ទៀតថា ក្រោយកើតហេតុ កម្លាំងចរាចរណ៍ស្រុកបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលកំពង់ចំលង ចុះទៅដល់កន្លែងកើតហេតុ បានពិនិត្យវាស់វែងកន្លែងកើតហេតុ រួចបានដកហូតយកវត្ថុតាងម៉ូតូ០១គ្រឿងនិងអាបុលយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក។
បើតាមសេចក្តីសន្និដ្ឋានរបស់មន្ត្រីចរាចរណ៍ស្រុកខ្សាច់កណ្ដាលថា ករណីនេះបណ្តាលមកពីអ្នកបើកបរអាបុលបង្កហេតុខ្វះការប្រុងប្រយ័ត្នមិនបានពិនិត្យមើលក្រោយមុននឹងរយ៉ែថយក្រោយចំនែកអ្នកបើកបរម៉ូតូខាងលើបើកបរឈប់ខ្វះការប្រុងប្រយ័ត្ន ករណីផ្នែកជំនាញនៃអធិការដ្ឋានបន្តអនុវត្តតាមនិតិវិធី។ ដោយឡែកសកសពជនរងគ្រោះបានប្រគល់ជូនគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ៕