លោកស្រី ជី ថាវី៖ ក្រៅពីគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធ មន្ទីរបានធ្វើការផ្តល់សេវាសុខភាព និងលក្ខខណ្ឌ នៃការរស់នៅសម្រាប់សាធារណៈជន ដោយបានផ្សព្វផ្សាយអប់រំសហគមន៍ពីលក្ខខណ្ឌនៃការស់នៅស្អាត
កណ្ដាល៖ លោកស្រី ជី ថាវី បានគូសបញ្ជាក់ថា ក្រៅពីគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធ មន្ទីរបានធ្វើការផ្តល់សេវាសុខភាព និងលក្ខខណ្ឌ នៃការរស់នៅសម្រាប់សាធារណៈជន ដោយបានផ្សព្វផ្សាយអប់រំសហគមន៍ពីលក្ខខណ្ឌនៃការស់នៅស្អាត។ ចុះផ្សព្វផ្សាយ និងជំរុញការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+)។ ផ្សព្វផ្សាយការប្រើប្រាស់បរិភោគទឹកស្អាតដោយសុវត្ថិភាព។ ការងារថែទាំផ្លូវជនបទជាលក្ខណៈប្រចាំ។ ការងារថែទាំជួសជុលស្ពាន និងហេដ្ឋារចនាសម្ព័ន្ធជនបទ។ ការថែទាំផ្លូវទប់ទល់នឹងការប្រែប្រួលអាកាសធាតុ (ដាំកូនឈើ) និងការសាងសង់ទីទួលសុវត្ថិភាព។
ការគូសបញ្ជាក់របស់លោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាលនៅក្នុងកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារត្រីមាសទី៤ ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តត្រីមាសទី១ ឆ្នាំ២០២៥ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល ក្រោមអធិបតីភាពលោកជំទាវ លីម មុយឡេង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការចូលរួមពីឯកឧត្ដម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤។
លោកស្រីប្រធានមន្ទីរបានបន្តថា៖ ក្នុងត្រីមាសទី៤ ឆ្នាំ២០២៤ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល សម្រេចបាននូវការអនុវត្ត គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធជនបទធន់នឹងការប្រែប្រួលអាកាសធាតុ ចំនួន៤ខ្សែ ប្រវែងសរុប ២០.៤០គីឡូម៉ែត្រ ទទឹង ៥ម៉ែត្រ និង ៦ម៉ែត្រ គាំទ្រថវិកាដោយរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណៈកូរ៉េ ស្ថិតនៅស្រុកលើកដែក ស្រុកពញាឮ ស្រុកល្វាឯម ស្រុកកណ្តាលស្ទឹង សម្រេចបាន ១០០%។ គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធជនបទជំហានទី៣ (RRIP3) ស្ថាបនាផ្លូវកៅស៊ូពីរជាន់ (DBST) ចំនួន ១១ខ្សែ ប្រវែង ៦១.២៨គីឡូម៉ែត្រ ទទឹង ៦ម៉ែត្រ គាំទ្រថវិកាដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅស្រុកកណ្តាលស្ទឹង ស្រុកអង្គស្នួល ស្រុកកៀនស្វាយ ស្រុកខ្សាច់ កណ្តាល និងស្រុកពញាឮ សម្រចបាន ១០០% និងគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT) កម្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ២ខ្សែ ប្រវែងសរុប ១១.២២គីឡូម៉ែត្រ ទទឹង ៦ម៉ែត្រ ស្ថិតនៅស្រុកខ្សាច់កណ្តាល សម្រេចបាន ១០០%។
ជាមួយនោះ ឯកឧត្ដម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល បានកោតសរសើរលោក លោកស្រី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល ដែលបានខិខំយកចិត្តទុកដាក់អនុវត្តការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ ឈានសម្រេចបាននូវសមិទ្ធផលនានាច្រើន។ ជាមួយគ្នានេះដែរ ឯកឧត្ដម អភិបាលរងខេត្ត ស្នើដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បន្តកិច្ចសហការ សាមគ្គីភាព ឯកភាពក្នុងដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀតនៅឆ្នាំ២០២៥ខាងមុខនេះ។
នៅក្នុងកិច្ចប្រជុំ លោកជំទាវ លីម មុយឡេង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទបានលើកឡើងថា៖ រាជរដ្ឋាភិបាលកំពុងបន្តខិតខំអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើនទៅមុខបន្ថែមទៀត ដោយបានដាក់ចេញនូវ “យុទ្ធសាស្ត្របញ្ចកោណ” ដំណាក់កាលទី១ ដែលបានកំណត់អាទិភាពគន្លឹះ ៥គី÷មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ក្រោមបាវចនា៖ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដើម្បីឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ ២០៥០។
លោកជំទាវបានបន្តថា៖ មន្ទីរអភិវឌ្ឍន៍ជនបទ ជាសេនាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងរដ្ឋបាលខេត្ត ដែលក្នុងនោះ ក្រសួងក៏ជាសេនាធិការផ្ទាល់ដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាល បាននឹងកំពុងចូលរួមយ៉ាងសកម្ម ក្រោមចក្ខុវិស័យ “លើកកម្ពស់គុណភាព និងគុណតម្លៃ នៃជីវិតប្រជាជននៅតំបន់ជនបទ ប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ ដើម្បីទទួលបាននូវការអភិវឌ្ឍ និងរស់នៅដោយសុខដុមរមនា និងស៊ីវិល័យ”។
លោកជំទាវបន្ថែមថា៖ កិច្ចប្រជុំនាពេលនេះ ពិតជាចាំបាច់បំផុតក្នុងការពិនិត្យមើលវឌ្ឍនភាពការងារ បញ្ហា ប្រឈម នៃការអនុវត្តផែនការក្នុងត្រីមាសទី៤ នៅឆ្នាំ២០២៤នេះ ដើម្បីពង្រឹងវិធានការ និងធានាឱ្យការអនុវត្តផែនការ សកម្មភាពប្រចាំឆ្នាំ ទទួលបានផលរលួនតាមផែនការគ្រោងទុកប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព៕