លោក ឈាន ម៉ាណ្ណារី បានសង់សំណង់រឹងមាំរំលោភយកដីមាត់ព្រែកនិងដីចំណីស្ពានដូនកឹមជាយូរឆ្នាំមកហើយ គ្មានអាជ្ញាធរមូលដ្ឋានរូបណាហ៊ានចេញមុខបង្ក្រាប ខណៈលោកមានតួនាទីជាអនុប្រធានការិយាល័យដែនដីនគរូបនីយកម្មសំណង់និងភូមិបាលស្រុកល្វាឯម

កណ្ដាល៖ រកឃើញមួយករណីទៀតហើយ អ្នកចេះអ្នកដឹង អ្នកចេះច្បាប់ អង្គុយលើច្បាប់ អ្នកយល់ពីអនុក្រឹត្យតែរំលោភលើអនុក្រឹត្យ, អនុប្រធានការិយាល័យដែនដីនគរូបនីយកម្មសំណង់និងភូមិបាលស្រុកល្វាឯមម្នាក់បានលួចសាងសង់សំណង់រឹងមាំរំលោភយកមិនត្រឹមតែដីមាត់ព្រែកនោះទេ ប៉ុន្តែរំលោភយកទាំងដីចំណីស្ពានទៀតផង។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤។

តាមប្រភពបានឲ្យដឹងថា អនុប្រធានការិយាល័យដែនដីនគរូបនីយកម្មសំណង់និងភូមិបាលស្រុកល្វាឯមម្នាក់នោះឈ្មោះ ឈាន ម៉ាណ្ណារី ដែលបានលួចសង់សំណង់រឹងមាំរំលោភយកដីមាត់ព្រែកនិងដីចំណីស្ពានធ្វើជាកម្មសិទ្ធិស្ថិតនៅចំណុចព្រែកដូនកឹម ភូមិតាស្គ សង្កាត់សារិកាកែវ ក្រុងអរិយក្សត្រ ខេត្តកណ្ថាល។

បើតាមប្រភពពីមន្ត្រីមួយរូបបានឲ្យដឹងដែរថា ការសង់សំណង់រឹងមាំរំលោភយកដីមាត់ព្រែកនិងដីចំណីស្ពានធ្វើជាកម្មសិទ្ធិស្ថិតនៅចំណុចព្រែកដូនកឹមខាងលើនេះ ពីសំណាក់ឈ្មោះ ឈាន ម៉ាណ្ណារី គឺតាំងពីមិនទាន់បំបែកមកជាក្រុងអរិយក្សត្រចេញពីស្រុកល្វាឯមមកម៉្លេះ។

បើតាមប្រភពពីប្រជាជននៅក្បែរៗនោះបានខ្សឹបប្រាប់ឲ្យដឹងថា ទោះបីពួកគាត់ដឹងក៏ពួកគាត់មិនហ៊ាននិយាយដែរ គេមានអំណាចណាស់ គេអាងមានលុយ ហើយគេធ្លាប់បោះពាក្យសម្ដីទៀតថា បើរដ្ឋត្រូវការគេវ៉ៃចោលភ្លាម។

ប្រភពបន្តថា ស្ពានដូនកឹមនេះ អាជ្ញាធរក្រុងបានចុះទៅពិនិត្យមើលហើយដើម្បីសាងសង់ស្ពានថ្មីជូនប្រជាប្រជាពលរដ្ឋព្រោះទីតាំងនេះគឺទីតាំងស្ពានចាស់ដែលបានចាស់ទ្រុឌទ្រោមហើយបាក់កន្លង។ ប្រភពបន្ថែមថា ពួកគាត់ធ្លាប់ដឹងលឺថា អាចនឹងមានការសាងសង់ស្ពានថ្មីក្នុងកំឡុងខែ១១នេះទៀតផង។

ប្រភពបានលើកជាចម្ងល់ថា តើក្នុងនាមគាត់ជាអនុប្រធានការិយាល័យដែនដីនគរូបនីយកម្មសំណង់និងភូមិបាលស្រុកល្វាឯមមួយរូប ហើយគាត់អ្នកចេះច្បាប់ យល់ច្បាស់ពីអនុក្រឹត្យស្ដីីពីការគ្រប់គ្រងអាងទន្លេ ហេតុអ្វីគាត់ធ្វើរំលោភច្បាប់កើត ដែលគាត់ដឹងថា សកម្មភាពនៃការសាងសង់រំលោភយកដីមាត់ព្រែកនិងដីចំណីស្ពានគឺវាផ្ទុយទៅនឹងអនុក្រឹត្យលេខ ៩៨ អនក្រ.បក ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការគ្រប់គ្រងអាងទន្លេបាត់ទៅហើយ។

បើយោងតាមអនុក្រឹត្យលេខ ៩៨ អនក្រ.បក ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការគ្រប់គ្រងអាងទន្លេបានបញ្ជាក់យ៉ាងច្បាស់ៗថាការកាន់កាប់គឺស្ថិតនៅលើរយៈចម្ងាយតាមច្បាប់ដែលបានចែងដូចខាងក្រោម៖
*ឆ្នេរ និងពាមសមុទ្រ៖ ចម្ងាយលើសពី១០០ ម៉ែត្រ គិតពីមាត់ឆ្នេរ និងមាត់ពាម (ពេលទឹកជោរអតិបរមា)
*ទន្លេ៖ ចម្ងាយលើសពី៥០ ម៉ែត្រ គិតពីមាត់ច្រាំងទន្លេ
*ស្ទឹង៖ ចម្ងាយលើសពី៣០ ម៉ែត្រ គិតពីមាត់ច្រាំងស្ទឹង
*ព្រែក៖ ចម្ងាយលើសពី២០ ម៉ែត្រ គិតពីមាត់ច្រាំងព្រែក
*អូរ៖ ចម្ងាយលើសពី១០ ម៉ែត្រ គិតពីមាត់ច្រាំងអូរ
*ប្រឡាយមេ៖ ចម្ងាយលើសពី១០ ម៉ែត្រ គិតពីជើងទេរភ្លឺប្រឡាយផ្នែកខាងក្រៅ
*ប្រឡាយរង៖ ចម្ងាយលើសពី៥ ម៉ែត្រ គិតពីជើងទេរភ្លឺប្រឡាយផ្នែកខាងក្រៅ
*ប្រឡាយស្រោចស្រព៖ ចម្ងាយលើសពី៣ ម៉ែត្រ គិតពីជើងទេរភ្លឺប្រឡាយផ្នែកខាងក្រៅ
*អាងទឹក៖ ចម្ងាយលើសពី១០០ ម៉ែត្រ គិតពីក្រិតកម្ពស់ទឹកអតិបរមា ដែលបានតម្កល់នៅក្នុងអាងទឹក
*បឹងបួ៖ ចម្ងាយលើសពី៥០ ម៉ែត្រ គិតពីក្រិតកម្ពស់ទឹកអតិបរមា ដែលបានតម្កល់នៅក្នុងអាងទឹក
*ទំនប់អាងទឹក៖ ចម្ងាយ២០ ម៉ែត្រ គិតពីជើងទេរផ្នែកខាងក្រោមទំនប់អាងទឹក ដែលមានកម្ពស់តិចជាង៤ ម៉ែត្រ។ ចម្ងាយ១០០ម៉ែត្រ គិតពី ជើងទេរផ្នែកខាងក្រោមទំនប់អាងទឹក ដែលមានកម្ពស់ពី៤ ម៉ែត្រ ទៅ៨ម៉ែត្រ។ ក្នុងករណីទំនប់ដែលមានកម្ពស់លើសពី៨ ម៉ែត្រ ឡើងទៅ ត្រូវបានកំណត់អនុក្រឹត្យដោយឡែក។
ការកាន់កាប់ ឬការសាង់សង់ នៅលើដីចំណីមាត់ច្រាំង ឬ ឆ្នេរ នៅតំបន់រាជធានី ក្រុង ខេត្ត ឬតំបន់អភិវឌ្ឍនានា ក៏ត្រូវបានកំណត់តាមច្បាប់ និងបទបញ្ញត្តិផ្សេងៗថែមទៀតផងដែរ ដូចជាប្លង់គោលប្រើប្រាស់ដី ជាដើម ដូច្នេះអ្នកត្រូវសិក្សាឱ្យបានច្បាស់លាស់ជាមួយមន្រ្តីពាក់ព័ន្ធ។

ទាក់ទិននឹងការលួចសាងសង់រំលោភយកដីមាត់ព្រែកនិងដីចំណីស្ពានពីសំណាក់លោក ឈាន ម៉ាណ្ណារី អនុប្រធានការិយាល័យដែនដីនគរូបនីយកម្មសំណង់និងភូមិបាលស្រុកល្វាឯមនៅចំណុចខាងលើ ប្រជាពលរដ្ឋបានសំនូមពរដល់លោក ចាន់ តារា អភិបាលក្រុងអរិយក្សត្រ និងឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាលមេត្តាមានវិធានការចុះបង្ក្រាបករណីលួចសាង់សង់សំណង់បេតុងរឹងមាំដុះស្លែខាងលើនេះផង៕

អត្ថបទដែលជាប់ទាក់ទង