លោកស្នងការខេត្តកែបបានដាក់ចេញផែនការ រក្សាការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ក្នុងព្រឹត្តិការណ៍ធំៗចំនួន៣លើកទទួលបានលទ្ធផលល្អប្រសើរ
កែប៖ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ បានដាក់ចេញផែនការ រក្សាការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ក្នុងព្រឹត្តិការណ៍ធំៗចំនួន៣លើក៖ ទី១-ព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤។ ទី២-ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ វិថីតេជោសន្តិភាព ឆ្នេរអង្កោល ខេត្តកែប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងទី៣-ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល៣ថ្ងៃនេះខេត្តទទួលបានភ្ញៀវទេសចរសរុបចំនួន ៩៩.២៧៩នាក់ កេីនឡេីង ៧,០២%(៦.៥១៨នាក់) ធៀបនឹងឆ្នាំ២០២៣។
ការដាក់ចេញផែនការរបស់លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ក្នុងកិច្ចប្រជុំដើម្បីបូកសរុប សភាពការណ៍ លទ្ធផលការងារ ខែវិច្ឆិកា និងលើកទិសដៅអនុវត្តការងារខែធ្នូ ឆ្នាំ២០២៤ នៅសាលប្រជុំធំស្នងការដ្ឋាននគរបាលខេត្តកែប។
លោកឧត្តមសេនីយ៍ទោស្នងការបានណែនាំដល់គ្រប់អង្គភាពចំណុះស្នងការដ្ឋាននគរបាលខេត្ត ដឹកនាំល្បាតរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅតាមមូលដ្ឋាន ភូមិ ឃុំ ដែលបានចាត់តាំងធ្វើទាំងពេលថ្ងៃ និងពេលយប់ ការងារបង្ការបង្រ្កាបបទល្មើសព្រហ្មទណ្ឌ គ្រឿងញៀន និងការជួយសហការជួយសង្គ្រោះជនរងគ្រោះថ្នាក់ចរាចរណ៍ផងដែរ។
លោកឧត្តមសេនីយ៍បានអំណរសាទរនិងអរគុណចំពោះកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់និងសុខភាពសាធារណៈទទួលបានលទ្ធផលល្អប្រសើរ និងបានដាក់ចេញទិសដៅបន្ត ដោយផ្តោតសំខាន់ការងាររក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ការបង្ការបង្រ្កាប បទល្មើសព្រហ្មទណ្ឌ គ្រឿងញៀន ក្មេងទំនើង និងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់គ្រប់មូលដ្ឋានអោយបានល្អប្រសើរជាបន្តទៀត ដើម្បីឱ្យប្រជាជនរស់នៅប្រកបដោយភាពសុខសាន្ត និងមានជំនឿជឿទុកចិត្តមកលើកងកម្លាំងនគរបាលយើង។
នៅក្នុងកិច្ចប្រជុំខាងលើ ក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ វរៈសេនីយ៍ ស្នងការរងទទួលផែនគ្រប់ផែន លោក លោកស្រីឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង ទទួលជំនួយការដឹកនាំការិយាល័យ មន្រ្តីដឹកនាំគ្រប់ឋានានុក្រម (ខេត្ត ក្រុង ស្រុក) ប្រធានក្រុមអន្តរាគមន៍ ក្រុមចម្រុះនគរបាលខេត្តប្រចាំការឆ្នេរ ផែ កោះទន្សាយ មន្ត្រីពាក់ព័ន្ធ និងប៉ុស្តិ៍រដ្ឋបាលទាំង៥ សរុបចំនួន១៥៣នាក់៕