Breaking News: ប៉ូលិសស្រុកបាទីចាបឃាត់ខ្លួនម្ចាស់មន្ទីរសម្រាកព្យាបាលនិងសម្ភព សុងហាក់ ម៉ារីណា ពីរនាក់ប្ដីប្រពន្ធហើយ ពាក់ព័ន្ធករណីចាក់ថ្នាំឲ្យជនរងគ្រោះស្លាប់ និងយកក្មេងស្រីអាយុ៣ឆ្នាំប្លុងចោល(Video)
តាកែវ៖ កម្លាំងប៉ូលីសស្រុកបាទីបានធ្វើការឃាត់ខ្លួនម្ចាស់មន្ទីរសម្រាកព្យាបាល និងសម្ភព សុងហាក់ម៉ារីណា ពីរនាក់ប្ដីប្រពន្ធចាត់ការទៅតាមនីតិវិធីក្រោយពីចាក់ថ្នាំឲ្យស្រ្តីម្នាក់ប្រតិកម្មស្លាប់កាលពីវេលាម៉ោង៦៖៤៥នាទី ល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចមន្ទីរសម្រាកព្យាបាលនិងសម្ភព សុងហាក់ ម៉ារីណា ស្ថិតនៅភូមិបឹងបញ្ញាគុកឃុំត្រពាំងក្រសាំងស្រុកបាទីខេត្តតាកែវ។
ម្ចាស់មន្ទីរសម្រាកព្យាបាលនិងសម្ភពទាំង២នាក់៖ ទី១៖ ឈ្មោះ ហៀង សុងហាក់ ភេទប្រុស អាយុ ៣៧
ឆ្នាំ មុខរបរពេទ្យ និងទី២៖ ឈ្មោះ ស៊ុន ម៉ារីណា ភេទស្រី អាយុ ៣៩ឆ្នាំមុខរបរពេទ្យបង្អែកស្រុកបាទី មានទីលំនៅភូមិបឹងពញាកគុក ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ។
ប្រភពព័ត៌មានបានឲ្យដឹងថា កាលពីវេលាម៉ោង៦៖០០នាទីល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ជនរងគ្រោះឈ្មោះ ណាំ ចន្ធូ ភេទស្រី អាយុ ៤១ឆ្នាំ ជាមួយនឹងក្មួយស្រីឈ្មោះ ណូន សៀវហ្វាន អាយុ៣ឆ្នាំ មានទីលំនៅភូមិទឹកថ្លា ឃុំត្រពាំងក្រសាំង ស្រុកបាទីខេត្តតាកែវ បានប្រាប់ក្រុមគ្រួសារថាទៅរកពេទ្យដើម្បីឲ្យចាក់ថ្នាំព្យាបាលជំងឺរបស់ខ្លួន។
ប្រភពបញ្ជាក់ថា ដោយបាត់ជនរងគ្រោះ ចេញទៅចាក់ថ្នាំមិនឃើញត្រឡប់មកផ្ទះវិញ យូរពេក ក្រុមគ្រួសារមានការភិតភ័យ ក៏បាននាំគ្នាទៅដើររកជនរងគ្រោះរហូតដល់ម៉ោង២៖០០នាទីយប់ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ ទើបប្រទះឃើញម៉ូតូរបស់ជនរងគ្រោះនៅក្នុងព្រៃខាងត្បូងភូមិឃ្លាតពីផ្ទះពេទ្យប្រហែល៣០០ម៉ែត្រ តែមិនបានឃើញជនរងគ្រោះឡើយ។ លុះព្រឹកឡើងម៉ោង៥៖៤៥នាទីព្រឹកថ្ងៃទី១៩ ខែវិច្ឆិកាឆ្នាំ២០២៤ ទើបប្រជាពលរដ្ឋប្រទះឃើញសាកសពជនរងគ្រោះ និងក្មេងស្រីអង្គុយក្បែរសាកសពនៅចំណុចគុម្ភសង្កែក្បែរផ្លូវបេតុង ស្ថិតនៅភូមិម្រះព្រៅ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។
ប្រភពព័ត៌មានបានឲ្យដឹងថា ក្រោយទទួលពត៌មានកម្លាំងកងរាជអាវុធហត្ថស្រុកបាទីនិងកម្លាំងប៉ូលីសស្រុកបានចុះដល់ទីតាំងកើតហេតុហើយកម្លាំងជំនាញកោសល្យវិច័យនិងពេទ្យបានធ្វើកោសល្យវិច័យទៅលើសាកសពរួចរាល់បញ្ជាក់ថា ជនរងគ្រោះបានស្លាប់ដោយសារប្រតិកម្មនិងការចាក់ថ្នាំហើយសាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី៕