រដ្ឋមន្ត្រីព័ត៌មានចេញលិខិតព្រមានលោក ផាត់ ហ៊នឲ្យបញ្ឈប់រាល់ការផ្សព្វផ្សាយព័ត៌មាន មិនមានមូលដ្ឋានច្បាស់លាស់ មិនមានតុល្យភាព នាំឱ្យសាធារណមតិមានការយល់ច្រឡំ
ភ្នំពេញ៖ ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីព័ត៌មានបានចេញលិខិតព្រមានលោក ផាត់ ហ៊ន ចាងហ្វាងគេហទំព័រ www.khplus-cambodia.com ឲ្យបញ្ឈប់រាល់ការផ្សព្វផ្សាយព័ត៌មាន មិនមានមូលដ្ឋានច្បាស់លាស់ មិនមានតុល្យភាព នាំឱ្យសាធារណមតិមានការយល់ច្រឡំ និងត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈ។ នេះបើតាមលិខិតព្រមានដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។
នៅក្នុងលិខិតព្រមានខាងលើនេះ ដោយមានយោងតាមច្បាប់ស្តីពីរបបសារព័ត៌មាន, ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន និងលិខិតរបស់សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤។
ឯកឧត្ដម នេត្រ ភក្ត្រា បានបញ្ជាក់ថា ឯកឧត្ដមសូមជម្រាបលោកចាងហ្វាងថា បន្ទាប់ពីក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍បានដំណើរការកិច្ចប្រជុំពិភាក្សា និងពិនិត្យឃើញថា ការផ្សាយរបស់ លោក ផាត់ ហ៊ន ចាងហ្វាងគេហទំព័រ www.khplus-cambodia.com គ្មានមូលដ្ឋាន ច្បាស់លាស់ ប្រើពាក្យសម្តីមិនសមរម្យ ចំពោះស្ថាប័នតុលាការខេត្តកំពង់ចាម និងអនុវត្តតួនាទីលើសពី អ្នកសារព័ត៌មានដែលបំពានក្រមសីលធម៌វិជ្ជាជីវៈ នាំឱ្យសាធារណមតិមានការយល់ច្រឡំ។
នៅក្នុងលិខិតព្រមាន ក្រសួងព័តមានបានព្រមានឱ្យអង្គភាពរបស់លោកចាងហ្វាងអនុវត្តដូចខាងក្រោម៖
១- គោរពឱ្យបានខ្ជាប់ខ្ជួននូវច្បាប់ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន កិច្ចសន្យាដែលតម្កល់នៅ ក្រសួងព័ត៌មាន និងបញ្ឈប់នូវរាល់ការផ្សព្វផ្សាយព័ត៌មាន ដោយមិនមានមូលដ្ឋានច្បាស់លាស់ មិនមានតុល្យភាព នាំឱ្យសាធារណមតិមានការយល់ច្រឡំ។
២- ដកចេញនូវរាល់ព័ត៌មាន អត្ថបទ រូបភាព និងវីដេអូទាំងអស់ដែលបានផ្សាយកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងស្ថាប័នតុលាការខេត្តកំពង់ចាម។
៣- អប់រំ ណែនាំ និងពង្រឹងសមត្ថភាពអ្នកយកព័ត៌មានក្នុងអង្គភាពឱ្យប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន និងអាកប្បកិរិយាថ្លៃថ្នូរ។
ក្រសួងបានព្រមានលោកចាងហ្វាងឲ្យត្រូវអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្រសួងនឹងពិនិត្យតាមដានការអនុវត្តការព្រមាននេះ រយៈពេល ១៥ (ដប់ប្រាំ) ថ្ងៃ ចាប់ពីថ្ងៃចុះហត្ថលេខា នេះតទៅ ក្នុងករណីមិនអនុវត្តតាមការព្រមាននេះ ក្រសួងនឹងលុបប្រកាសអនុញ្ញាតធ្វើអាជីកម្ម និងត្រូវ ទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។
គួរជម្រាបជូនថា កាលពីថ្ងៃទី២៥ ខែវិច្ឆុកា ឆ្នាំ២០២៤ អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ចាមក៏បានចាត់ទុកការអត្ថាធិប្បាយរបស់អ្នកកាសែត KH Plus News គឃ្លីន, មិនសមរម្យ,មានចរិតប្រមាថលើអាជ្ញាធរដែនដី និងស្ថាប័នអនុវត្តច្បាប់ ដូច្នេះត្រូវអនុវត្តតាមច្បាប់៕