កាស៊ីណូ៧៧៧មានអ្នកចូលលេងភ្នាល់ដាក់លុយសុីសងខុសច្បាប់ដូចជាជល់មាន់, បៀរ ,អាប៉ោង,យូគី យ៉ាងគគ្រឹកគគ្រេង ប៉ុន្តែអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានដូចជាមិនដែលចុះពិនិត្យឡើយ

(ព្រៃវែង)៖ កាស៊ីណូ៧៧៧នៅច្រកព្រំដែនស្វាយអាង៉ោងស្ថិតក្នុងស្រុកកំពង់ត្របែកខេត្តព្រៃវែង ក៏ដូចជាសមត្ថកិច្ចនៅច្រកព្រំដែនមួយនេះត្រូវគេប្រាប់ថា បានរស់យ៉ាងសុខ សាន្តសព្វថ្ងៃនេះមដោយសារតែជនជាតិវៀតណាមចូល លេងល្បែងក្នុងការស៊ីណូខាងលើ។ កាស៊ីណូនេះមានល្បែងស៊ីសងច្រើនប្រភេទ តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺមាន់ជល់រស់តែម្ដង។

គេសង្កេតឃើញថា កាស៊ីណូយីហោ៧៧៧ បានកំពុងបើកឱ្យពលរដ្ឋខ្មែរ និងវៀតណាមឆ្លងដែនចូលទឹកដីខ្មែរដែលខ្លះមានប៉ាស្ព័រ ខ្លះអត់ ឆ្លងដែនចេញមកចូលលេងល្បែងស៊ីសងនៅ casino ៧៧៧ យ៉ាងគគ្រឹកគគ្រេង ចំណែកអាជ្ញាធរ ជាពិសេសសមត្ថកិច្ចនៅច្រកព្រំដែនត្រូវគេរាយការណ៍ថា មានការពាក់ព័ន្ធជាមួយនឹងអំពើ ពុករលួយតាមរយៈការបើកបារ៉ាស់ឱ្យជនជាតិវៀតណាមឆ្លងដែនចូលលេងល្បែងក្នុងការស៊ីណូនេះ។ ពួកអ្នកឆ្លង ដែនជនជាតិវៀតណាមទាំងនេះ ត្រូវបង់ប្រាក់ឲ្យមន្ត្រីមានសមត្ថកិច្ចនៅច្រកព្រំដែនក្នុងម្នាក់៣ម៉ឺនរៀល។

បើតាមប្រជាពលរដ្ឋក្បែរនោះ បានឱ្យដឹងថា កាស៊ីណូ ៧៧៧ មានអ្នកចូលលេងភ្នាល់ដាក់លុយសុីសងខុសច្បាប់ដូចជា ជល់មាន់, បៀរ ,អាប៉ោង,យូគី យ៉ាងគគ្រឹកគគ្រេង ប៉ុន្តែអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានដូចជាមិនដែលចុះពិនិត្យឡើយ។ ប្រជាពលរដ្ឋរស់នៅតំបន់នោះមានការព្រួយបារម្ភ ភ័យខ្លាចបញ្ហាអសន្តិសុខសង្គម និងអំពើចោរកម្ម ចោរ លួច ចោរឆក់ ចោរប្លន់ ចោរគាស់ផ្ទះប្រើអំពេីហិង្សាគ្រួសារគ្រឿងញៀនជាដើមចមចេញពីល្បែងសុីសងនេះ។ សម្រាប់អាជ្ញាធរមានសមត្ថកិច្ចនៅច្រកព្រំដែន ក៏ដូចជាអាជ្ញាធរដែនដី មិនព្រួយបារម្ភអំពីបញ្ហាដូចដែលប្រជាពលរដ្ឋខ្មែរបានលើកឡើងនោះឡើយ។

ករណីនេះ បើនិយាយពីសមត្ថកិច្ចនៅច្រកព្រំដែនគឺបានលុយពីពួកអ្នកចូលលេងល្បែងជនជាតិវៀតណាម ដោយផ្ទាល់ប្រចាំថ្ងៃនោះផង និងបានផលប្រយោជន៍ពីថៅកែកាស៊ីណូ៧៧៧នោះទៀតផង។ គេនិយាយថា បើសមត្ថកិច្ចនៅច្រកព្រំដែនមិនបើកបារាស់ ឲ្យជនជាតិវៀតណាមចូលលេងល្បែងទេនោះ កាស៊ីណូខាងលើនេះមុខជាបិទទ្វារយូរណាស់ហើយ។ ដូច្នេះថៅកែកាស៊ីណូត្រូវតែមានកញ្ចប់អាថ៌កំបាំងណាមួយផ្ដល់ជូនសមត្ថកិច្ចប្រចាំការនៅច្រកព្រំដែន បើមិនដូច្នោះទេ សមត្ថកិច្ចបិទបារាស់នោះ កាស៊ីណូមុខជាដួលមិនខាន។

ពលរដ្ឋរស់នៅក្បែរខាងតំបន់នោះសំណូមពរដល់លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង,លោក ឈឿន ប៊ុនឆន ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ក៏ដូចជាអាជ្ញាធរស្រុកជួយពិនិត្យបញ្ហានេះ កុំបណ្តោយឱ្យម្ចាស់កាសុីណូ ៧៧៧៧ បើកឱ្យពលរដ្ឋលេងទ្រង់ទ្រាយធំបែបនេះ ក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់គ្រង មិនព្រមទប់ស្កាត់។ពួកគាត់ក៏បាន សំណូមពរដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ មេត្តាចាត់កម្លាំងមន្ត្រីជំនាញក្រោមឱវាទចុះពិនិត្យស្រាវជ្រាវកាសុីណូ៧៧៧៧ នេះផង ដើម្បីពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់ជូនពលរដ្ឋនៅក្នុងមូលដ្ឋានមូលដ្ឋាន៕

អត្ថបទដែលជាប់ទាក់ទង