រដ្ឋបាលស្រុកស្រែអំបិលបំភ្លឺករណីចាក់ដីចូលដៃសមុទ្រក្នុងឃុំជ្រោយស្វាយ

(កោះកុង)៖ បន្ទាប់ពីមានគេហទំព័របានចុះផ្សាយផ្ទួនៗអំពីករណីការចាក់ដីលុបដៃសមុទ្រច្រើនកន្លែងក្នុងឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុងមកនោះ រដ្ឋបាលស្រុកស្រែអំបិលបានចេញសេចក្តីបំភ្លឺមួយនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ ដោយបានបញ្ជាក់ក្នុងខ្លឹមសារថា៖ រដ្ឋបាលស្រុកស្រែអំបិល សូមជម្រាបជូនដំណឹងដល់សាធារណជន ឱ្យបានជ្រាបថា នាពេលថ្មីៗនេះ មានគណនីហ្វេសប៊ុក និងទំព័រហ្វេសប៊ុកសារព័ត៌មានមួយ ចំនួន បានចុះផ្សាយព័ត៌មានថា «មានការចាក់បំពេញអាចម៍ដីចូលចំណីសមុទ្រមួយកន្លែង ស្ថិតនៅភូមិជ្រោយស្វាយលិច ឃុំជ្រោយស្វាយ»។

ករណីនេះ រដ្ឋបាលស្រុកស្រែអំបិល សូមធ្វើការបញ្ជាក់ជូនដូចខាងក្រោម៖

កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ រដ្ឋបាលស្រុក បានចាត់ឱ្យរដ្ឋបាលឃុំជ្រោយស្វាយ ដឹកនាំក្រុមការងារចុះពិនិត្យទីតាំង និងណែនាំឱ្យផ្អាកសកម្មភាពចាក់បំពេញអាចម៍ដី ខាងលើនេះ៖

នៅថ្ងៃទី៥ខែមករា ឆ្នាំ២០២៥ រដ្ឋបាលស្រុកបានចាត់ឱ្យលោកមេឃុំជ្រោយស្វាយ សហការជាមួយក្រុមការងារ តំបន់ប្រើប្រាស់ច្រើនយ៉ាងពែងចុះពិនិត្យទីតាំងខាងលើ បន្ថែមទៀតពុំឃើញមានសកម្មភាពការចាក់បំពេញអាចម៍ដីបន្តទេ។

នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥នេះ រដ្ឋបាលស្រុកបានចាត់ក្រុមការងារចុះពិនិត្យ ពុំមានសកម្មភាពចាក់បំពេញអាចម៍ដីបន្តនោះទេ និងបានណែនាំឱ្យម្ចាស់ដីសុំច្បាប់ អនុញ្ញាត ហើយបានណែនាំឲ្យអាជ្ញាធរ ភូមិ-ឃុំពិនិត្យតាមដានសកម្មភាពនេះបន្តទៀត និងត្រូវរាយការណ៍ជាបន្ទាន់ មករដ្ឋបាលស្រុក ប្រសិនបើម្ចាស់ទីតាំងមានសកម្មភាព ចាក់បំពេញអាចម៍ដីបន្ត ។

ចំពោះករណីខាងលើនេះ ប្រសិនបើសាធារណជននៅមានចម្ងល់ ឬមិនទាន់ច្បាស់ សូមទំនាក់ទំនងមកកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់រដ្ឋបាលស្រុក ដែលមាន ឈ្មោះរដ្ឋបាលស្រុកស្រែអំបិល។

គួរបញ្ជាក់ថា បើតាមសេចក្តីរាយការណ៍ប្រាប់ថា សកម្ម ភាពចាក់ដីលុបដៃសមុទ្រនៅក្នុងភូមិសាស្ត្រ ឃុំជ្រោយ ស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង មានច្រើនទីតាំងច្រើនកន្លែង។ អាជ្ញាធរហាក់ដូចជាបណ្ដែតបណ្ដោយឲ្យមានសកម្មភាពទាំងនេះ ប៉ុន្តែបានចុះទៅត្រួតពិនិត្យក្រោយពេលបណ្ដាញសង្គម facebook និងគេហទំព័រនានាផ្សព្វផ្សាយអំពីបញ្ហានេះ។

យ៉ាងណាក៏ដោយប្រជាពលរដ្ឋស្រុកស្រែអំបិល ក៏ដូចជាខេត្តកោះកុង និងទូទាំងប្រទេស គាំទ្រចំណាត់ការនេះ ហើយសូមឱ្យអាជ្ញាធរពិនិត្យលទ្ធភាពថា តើគួររក្សាដៃ សមុទ្រទាំងនោះជាសម្បត្តិរួមរបស់ជាតិឬក៏ត្រូវអនុញ្ញាតច្បាប់ឲ្យគេចាក់បំពេញដោយប្រការណាមួយ៕

អត្ថបទដែលជាប់ទាក់ទង