ម្ចាស់រថយន្តបំពាក់ផ្លាកលេខ «នគរបាល 2-4516» និង «នគរបាល 2-4176» ចូលផឹកស៊ីក្នុងហាង «គុយ អេង» ក្នុងក្រុងតាខ្មៅ បានកំពុងតែបំពានសេចក្តីណែនាំស្តីពីការគ្រប់គ្រងនិងប្រើប្រាស់យានយន្តនគរបាលជាតិរបស់លោកឧបនាយករដ្ឋមន្ត្រី ស សុខា
(កណ្ដាល)៖ ប្រជាពលរដ្ឋបានសម្ដែងនូវការហួសចិត្តជាយ៉ាងចំពោះបុគ្គលមួយចំនួនតូចដែលនៅតែមិនយល់ពីច្បាប់ ហើយបានបើករថយន្តបំពាក់ផ្លាកលេខ «នគរបាល» ចូលហាងផឹកស៊ុ កាស៊ីណូ ក្លឹបកម្សាន្ត ខារ៉ាអូខេ ឬគោលដៅមិនសមស្របផ្សេងៗ ជាពិសេសម្ចាស់រថយន្ត ISUZU ពណ៌ខ្មៅ បំពាក់ផ្លាកលេខ «នគរបាល 2-4516» និងម្ចាស់រថយន្ត Land Cruiser ពណ៌ស បំពាក់ផ្លាកលេខ «នគរបាល 2-4176» ដែលបានបើកចូលហាងផឹកស៊ី «គុយ អេង» នៅតាមបណ្ដោយផ្លូវមាត់ទន្លេ ស្ថិតនៅក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាលកាលពីយប់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះតែម្ដង។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី៤ ខែកុម្ភះ ឆ្នាំ២០២៥នេះ។
ប្រភពបានបន្តថា ម្ចាស់រថយន្តបំពាក់ផ្លាកលេខ «នគរបាល 2-4516» និងម្ចាស់រថយន្តបំពាក់ផ្លាកលេខ «នគរបាល 2-4176» បានកំពុងតែល្មើសទៅនឹងសេចក្តីណែនាំស្តីពីការគ្រប់គ្រង និងប្រើប្រាស់យានយន្តនគរបាលជាតិរបស់លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានចុះថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ហើយ។
ជុំវិញម្ចាស់រថយន្តទាំងពីរដែលបើកចូលហាងផឹកស៊ី «គុយ អេង»ខាងលើនេះ គេនៅមិនទាន់ដឹងថា មានឈ្មោះអ្វី ជានរណា មានតួនាទីជាអ្វី បម្រើការងារនៅអង្គភាពណានៅឡើយនោះទេ? ប៉ុន្តែទោះបីជាយ៉ាងណា អង្គភាព The Mirror News នៅតែរង់ចាំការបំភ្លឺគ្រប់ភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ។
ទាក់ទិនករណីនេះ ប្រភពបន្តថា ពាក់ព័ន្ធការប្រើប្រាស់ផ្លាក លេខ ន.ប និងយានយន្តខុសគោលការណ៍ទាំងនេះ ពលរដ្ឋធ្លាប់រិះគន់យូរមកហើយដែលទាមទារឱ្យអាជ្ញាធររដ្ឋមានសមត្ថកិច្ចដាក់ចេញនូវ វិធានការតឹងរ៉ឹងនិងមានប្រសិទ្ធភាព និងត្រូវមានវិធានការទូលំទូលាយ ក្នុងការចាត់វិធានការលើបញ្ហានេះ ឱ្យមានប្រសិទ្ធភាពទើបជាការប្រសើរ និងផ្តល់ទំនុកចិត្តដល់ពលរដ្ឋ។
បើតាមលោកឧត្ដមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌនិងជាអ្នកនាំពាក្យបានឲ្យអង្គភាព The Mirror News ដឹងនៅថ្ងៃនេះថា រថយន្តទាំងពីរនេះ មិនស្ថិតនៅក្នុងស្នងការដ្ឋាននគរបាលខេត្តកណ្ដាលនោះទេ អាចជាអ្នកមកពីខាងក្រៅហើយចូលហូបអីនៅទីនោះ។
គួររំលឹកថា កន្លងមកអគ្គស្នងការនគរបាលជាតិគឺធ្លាប់បានចេញសេចក្តីសម្រេចលុបទិន្នន័យចេញពីបញ្ជីគ្រប់គ្រងយានយន្តដែលបំពាក់ផ្លាកលេខ«នគរបាលជាតិ» ដំណាក់កាលទី១ សរុបចំនួន ១,៩៤៧គ្រឿង (រថយន្តទេសចរណ៍ ១,១៣៩គ្រឿង រថយន្តដឹកទំនិញធុនស្រាល ១៦២គ្រឿង និងទោចក្រយានយន្ត ៦៤៦គ្រឿង) ដែលមាននៅក្នុងបញ្ជីតារាងឧបសម្ព័ន្ធលេខ៦៦៧ ន.ច.ស ចុះថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ។ ហើយក្រសួងមហាផ្ទៃក៏បានព្រមានជាថ្មីដែរថា ហាមយកផ្លាកលេខ «នគរបាលជាតិ ( ន . ប )» ទៅបំពាក់យានយន្តផ្សេងទៀត និងហាមយក យានយន្តដែលបំពាក់ផ្លាកលេខ «នគរបាលជាតិ» ទៅប្រើប្រាស់ ប្រកបអាជីវកម្មផ្សេងៗ មានលក្ខណៈ ជាឯកជន មិនមែនសម្រាប់ បម្រើផលប្រយោជន៍ក្រសួង ឬរដ្ឋ ដែលនាំឱ្យប៉ះពាល់ដល់ កិត្យានុភាពរបស់កងកម្លាំងនគរបាលជាតិ។ ការណែនាំរបស់ក្រសួងមហាផ្ទៃ ធ្វើឡើងបន្ទាប់ពី គេសង្កេតឃើញ មានបុគ្គលមួយចំនួនតូចបានប្រើប្រាស់ ដោយខុសលក្ខខណ្ឌកំណត់នូវយានយន្តនគរបាលជាតិគ្រប់ប្រភេទ ឬយកចូលទៅកាន់ទីតាំងមិនសមស្របដែលនាំឱ្យ ប៉ះពាល់ដល់កិត្យានុភាពរបស់កងកម្លាំងនគរបាលជាតិ និង កិត្តិយសក្រសួងមហាផ្ទៃ។
បើយោងតាមសេចក្តីណែនាំស្តីពីការគ្រប់គ្រង និងប្រើប្រាស់យានយន្តនគរបាលជាតិរបស់លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ បានសង្កត់ធ្ងន់ថា ដើម្បីបំបាត់នូវរាល់បាតុភាពខុសឆ្គងទាំងនេះ ក្រសួងមហាផ្ទៃធ្វើការណែនាំដល់អគ្គស្នងការដ្ឋាននគរបាលជាតិអគ្គលេខាធិការដ្ឋានអគ្គនាយកដ្ឋាន និងអង្គភាពនានាចំណុះក្រសួងមហាផ្ទៃព្រមទាំងស្នងការដ្ឋានរាជធានី-ខេត្តនូវវិធានការមួយចំនួន។
សេចក្តីណែនាំបញ្ជាក់ថា៖ «ត្រូវធ្វើការគ្រប់គ្រង និងធ្វើ បច្ចុប្បន្នភាពជាប្រចាំនូវយានយន្តប្រើផ្លាកលេខនគរបាលជាតិក្នុង អង្គភាព។ ក្នុងករណីមានការបញ្ឈប់ប្រើប្រាស់យានយន្តណាមួយ ត្រូវរាយការណ៍ និងប្រគល់ផ្លាកលេខ និងបណ្ណសម្គាល់ទៅកាន់ អគ្គស្នងការដ្ឋាននគរបាលជាតិដើម្បីលុបចេញពីបញ្ជីជាបន្ទាន់»។
បើតាមសេចក្តីណែនាំនេះ ហាមឃាត់រាល់សកម្មភាពប្រើប្រាស់ យានយន្តនគរបាលជាតិ រួមមានហាមយកផ្លាកលេខពីយានយន្ត ដែលបានចុះបញ្ជីត្រឹមត្រូវទៅបំពាក់យានយន្តផ្សេងទៀតហាម យកយានយន្តដែលពាក់ផ្លាកលេខនគរបាលជាតិទៅប្រើប្រាស់ ដើម្បីយកទៅប្រកបអាជីវកម្មផ្សេងៗមានលក្ខណៈ ជាឯកជន មិនមែនសម្រាប់បម្រើផលប្រយោជន៍ក្រសួង ឬរដ្ឋ។
ប្រភពបន្តថា៖ «ហាមយកយានយន្តនគរបាលជាតិទៅឱ្យ បុគ្គលផ្សេងទៀតប្រើប្រាស់ និងហាមយកយានយន្តពាក់ផ្លាក លេខនគរបាលជាតិចូលទៅក្នុងទីតាំងកាស៊ីណូក្លឹបកម្សាន្តទីតាំង ខារ៉ាអូខេ ឬគោលដៅមិនសមស្របផ្សេងទៀត»។
សេចក្តីណែនាំសង្កត់ទៀតថា ហាមយកយានយន្តពាក់ផ្លាកលេខ នគរបាលជាតិទៅប្រព្រឹត្តអំពើល្មើសច្បាប់ផ្សេងៗ និងហាម ប្រើប្រាស់យានយន្តនគរបាលជាតិដែលហួសសុពលភាព នៃ កាលកំណត់ក្នុងបណ្ណសម្គាល់យានយន្ត។ អគ្គស្នងការដ្ឋាននគរបាលជាតិត្រូវធ្វើការត្រួតពិនិត្យជាប្រចាំនៅតាមដងផ្លូវតាមទីតាំងកាស៊ីណូក្លឹបកម្សាន្តទីតាំងខារ៉ាអូខេ ឬគោលដៅមិនសមស្របផ្សេងទៀត និងចាត់វិធានការ ម៉ឺងម៉ាត់ចំពោះករណីខុសឆ្គងក្នុងការប្រើប្រាស់យានយន្ត នគរបាលជាតិ។
គួររំលឹកទៀតថា កាលនៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ដរបស់ក្រសួងមហាផ្ទៃកាលពី ខែកុម្ភៈ ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា ក៏ធ្លាប់បានដាស់តឿនមន្ត្រីក្រោមឱវាទ និងណែនាំឱ្យអគ្គស្នងការដ្ឋា នគរបាលជាតិ និងរាជធានី-ខេត្តពង្រឹងការគ្រប់គ្រង និងចាត់វិធានការចំពោះការប្រើប្រាស់ យានយន្តផ្លាកលេខនគរបាល ( ន . ប ) ជាលក្ខណៈ ឯកជន ខុសពីគោលការណ៍ច្បាប់បានកំណត់។ លោកបានបន្តថា៖ «លោកសុំយកឱកាសនេះ ដាស់តឿននិងផ្ដាំផ្ញើដល់ មន្ដ្រីក្រោមឱវាទក្រសួងមហាផ្ទៃពិសេសកងកម្លាំងនគរបាលដែល ប្រើប្រាស់ផ្លាកលេខ «ន.ប»ខុសរឿង។ រថយន្តដែលពាក់ផ្លាកលេខ «ន.ប» នេះគឺ មិនអាចឱ្យទៅអ្នកផ្សេងខ្ចីយកទៅប្រើប្រាស់ខុសគោលការណ៍នោះទេគឺសុំឱ្យប្រើប្រាស់ឱ្យចំមុខ និងចំជំនាញ»៕