លោក តាន់ គឹមសួរ ផ្ដាំតាមហ្វេសប៊ុកឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាមគិតលោកក្នុងផ្លូវល្អ ខ្លះមើល, គិតលោកក្នុងផ្លូវវិជ្ជមានខ្លះផង បានទេ?

 

(ភ្នំពេញ)៖ លោក តាន់ គីមសួរ ដែលគេស្គាល់ជាទូទៅថាជាអ្នកដែលសកម្មមួយរូបអំពីបរិស្ថាន និងសង្គម បានលើកឡើងតាមទំព័រហ្វេសប៊ុកដោយផ្ដាំឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាមគិតលោកក្នុងផ្លូវល្អ ខ្លះមើល គិតលោកក្នុងផ្លូវវិជ្ជមានខ្លះផង បានទេ?។ លោក តាន់ គីមសួរ បានបញ្ជាក់ថា លោកជាអ្នកស្រលាញ់ដើមឈើ លោកឃើញដើមឈើងាប់ លោកគ្រាន់តែចង់ស្ម័គ្រចិត្តទៅជួយថែសួន បែរជាទៅចោទប្រកាន់លោកថាផ្សព្វផ្សាយព័ត៌មានមិនគ្រប់ជ្រុងជ្រោយទៅវិញ។ នេះបើតាមប្រភពដែលអង្គភាព The Mirror News ទទួលបាននៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។

ការផុសផ្ដាំផ្ញើលើទំព័រហ្វេសប៊ុករបស់លោកខាងលើនេះ ក្រោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាមចេញសេចក្តីបំភ្លឺព័ត៌មាននៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះថា ការផ្សព្វផ្សាយរបស់លោកគឺពុំបានឆ្លុះបញ្ចាំងអំពីការពិតគ្រប់ជ្រុងជ្រោយ និងមានចរិតឌឺដងមកឲ្យអាជ្ញាធរខេត្ត ថាមិនបានយកចិត្តទុកដាក់ក្នុងការ ស្រោចទឹកសួននៅលើដងផ្លូវនេះ និងបង្កឲ្យមានការភ័ន្តច្រឡំទៅដល់សាធារណជនថែមទៀតផង។

គួររំលឹកថា កាលពីព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោក តាន់ គឹមសួរ បានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោកដោយភ្ជាប់ខ្លឹមសារថា «ខ្ញុំស្ម័គ្រធ្វើជាអ្នកថែសួនឲ្យខេត្តកំពង់ចាម» ដោយបានភ្ជាប់រូបភាពសួនច្បារទ្រូងផ្លូវ ដែលមានស្មៅ ផ្កា កូនឈើក្រៀមស្វិតស្រពោន១សន្លឹកផងដែរ។ ហើយលោកក៏បានបង្ហោះសារមួយទៀតថា «តើខេត្តកំពង់ចាមមានអ្វី រីកចម្រើនខ្លះ? នឹកឯកឧត្តម គួច ចំរើន ប៉ុណ្ណាដែរបងប្អូន?»។

បើតាមសេចក្តីបំភ្លឺព័ត៌មានរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាមថា កាលពីព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម បានឃើញ ការចុះផ្សាយរបស់ទំព័រហ្វេសប៊ុកឈ្មោះ Tan Kimsour (តាន់ គឹមសួរ) មានខ្លឹមសារថា «ខ្ញុំស្ម័គ្រធ្វើជាអ្នកថែសួនឲ្យខេត្ត កំពង់ចាម» ដោយបានភ្ជាប់រូបភាពសួនច្បារទ្រូងផ្លូវ ដែលមានស្មៅ ផ្កា កូនឈើក្រៀមស្វិតស្រពោន។ ការផ្សាយព័ត៌មាននេះ គឺពុំបានឆ្លុះបញ្ចាំងអំពីការពិតគ្រប់ជ្រុងជ្រោយ នឹងមានចរិតឌឺដងមកឲ្យអាជ្ញាធរខេត្ត ថាមិនបានយកចិត្តទុកដាក់ក្នុងការ ស្រោចទឹកសួននៅលើដងផ្លូវនេះ និងបង្កឲ្យមានការភ័ន្តច្រឡំទៅដល់សាធារណជនថែមទៀតផង។

ឆ្លើយតបនឹងព័ត៌មានខាងលើនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម សូមធ្វើការបំភ្លឺជូន សាធារណជន និងអ្នកសារព័ត៌មាន ក៏ដូចជាម្ចាស់ទំព័រហ្វេសប៊ុក Tan Kimsour (តាន់ គឹមសួរ) អំពីការពិត ដែលមានដូច ខាងក្រោម៖

*១-រូបភាពដែលម្ចាស់ទំព័រហ្វេសប៊ុក Tan Kimsour (តាន់ គឹមសួរ) បានធ្វើការផ្សព្វផ្សាយនេះ គឺជារូបភាពនៃ កំណាត់ផ្លូវជាតិលេខ៧ ក្នុងក្រុងកំពង់ចាម ចន្លោះពីរូបសំណាក់នាគព័ន្ធទៅគល់ស្ពានគីហ្សូណា ដែលកំពុងស្ថិតនៅក្នុង ដំណើរការឈូសឆាយសាងសង់ពង្រីកនិងលើកកម្ពស់គុណភាពកំណាត់ផ្លូវជាតិលេខ៧ (ស្គន់-កំពង់ចាម) ទៅជា ៤គន្លង និងមានសួនច្បារកណ្តាល។ កំណាត់ផ្លូវក្នុងរូបភាពដែលបានផ្សព្វផ្សាយនេះ ក៏កំពុងត្រៀមធ្វើការឈូសឆាយពង្រីកក្នុង ពេលឆាប់ៗខាងមុខនេះដូចគ្នាដែរ។

*២-នៅក្នុងដំណើរការនៃការសាងសង់ពង្រីកកំណាត់ផ្លូវនេះ គឺតម្រូវឲ្យធ្វើការរុះរើសំណង់ពាក់ព័ន្ធទាំងអស់ចេញ ដែលមានដូចជា សួនច្បារទ្រូងផ្លូវ បណ្តាញស្រោចស្រព អំពូលបំភ្លឺសាធារណៈ បណ្តាញអគ្គិសនី បណ្តាញទឹកស្អាត និង សំណង់ពាក់ព័ន្ធមួយចំនួនទៀត ដើម្បីសម្រួលដល់ដំណើរការនៃគម្រោងទាំងមូល។

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម សម្តែងនូវការសោកស្តាយចំពោះម្ចាស់ទំព័រហ្វេសប៊ុក Tan Kimsour (តាន់ គឹមសួរ) ដែលបានផ្សព្វផ្សាយព័ត៌មានពុំឆ្លុះបញ្ចាំងការពិតគ្រប់ជ្រុងជ្រោយ និងសូមថ្លែងអំណរគុណ ដល់សាធារណជន ដែលបានតាមដាន បញ្ចេញមតិយោបល់គាំទ្រការពិតនៃករណីនេះ និងសូមស្នើកុំឲ្យមានការចែកចាយ ឬ បកស្រាយព័ត៌មានមិនគ្រប់ជ្រុងជ្រោយនេះ ដែលអាចធ្វើឲ្យមានការភ័ន្តច្រឡំបន្តទៀត។

ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃសេចក្តីបំភ្លឺព័ត៌មានរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម៖

អត្ថបទដែលជាប់ទាក់ទង