លោក បូរី វង្សសានិត្យ បេជ្ញាពង្រឹងថែរក្សាស្មារតីសាមគ្គី ឯកភាពផ្ទៃក្នុង ជួរថ្នាក់ដឹកនាំមន្ទីរបង្កើន ទំនាក់ទំនងល្អជាមួយ មន្ទីរ-អង្គភាពនានា រដ្ឋបាលក្រុង-ស្រុក អង្គការ សមាគមន៍ ដៃគូរអភិវឌ្ឍន៍ និងវិស័យឯកជន
(កណ្ដាល)៖ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាលថ្មី លោក បូរី វង្សសានិត្យ បេជ្ញាពង្រឹងថែរក្សាស្មារតីសាមគ្គី ឯកភាពផ្ទៃក្នុង ជួរថ្នាក់ដឹកនាំមន្ទីរ បង្កើន ទំនាក់ទំនងល្អជាមួយ មន្ទីរ-អង្គភាពនានា រដ្ឋបាលក្រុង-ស្រុក អង្គការ សមាគមន៍ ដៃគូរអភិវឌ្ឍន៍ និងវិស័យឯកជន។ លើកកម្ពស់សមត្ថភាពមន្ត្រីគ្រប់ជាន់ថ្នាក់ នៃមន្ទីរសាធារណការ និងដឹកជញ្ជូន តាមរយៈការអភិវឌ្ឍសមត្ថភាព ការពង្រឹងការគ្រប់គ្រង ការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ និងការលើកកម្ពស់ការអនុវត្តការងារតាមប្រព័ន្ធឌីជីថលដោយ ឈរលើកុំធ្វើការងារតាមទម្លាប់ ត្រូវអនុវត្តការងារតាមច្បាប់ និងលិខិត បទដ្ឋានគតិយុត្តិជាធរមាន។
ការបេជ្ញារបស់លោក បូរី វង្សសានិត្យ ក្នុងពិធីចូលប្រកាសកាន់មុខតំណែងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាលថ្មី នៅថ្ងៃចន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពីលោក នូសាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល, លោក គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្ត, លោក លោកស្រី ប្រតិភូអមដំណើរ ថ្នាក់ដឹកនាំខេត្ត ប្រធានមន្ទីរ-អង្គភាព មន្ត្រីរាជការ កងកម្លាំងប្រដាប់ អាវុធ ភ្ញៀវកិត្តិយស ព្រមទាំងសមាជិក សមាជិកា នៃអង្គពិធីជារូបទៀត។
លោក បូរី វង្សសានិត្យ បានអះអាងថា ដើម្បីជាសក្ខីភាពឆ្លើយតបនឹងការផ្ដល់នូវការគាំទ្រ និងជំនឿជឿជាក់ប្រកបដោយទំនុកចិត្តពី សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល លោកសូមប្ដេជ្ញាចិត្តថា៖
១.ប្ដេជ្ញាការពារឱ្យខាងតែបាននូវគុណតម្លៃ សន្តិភាព និងសេ្ថរភាពនយោបាយ ដោយអនុវត្ដឱ្យបានម៉ឹងម៉ាត់នូវ រដ្ឋធម្មនុញ្ញ គោលការណ៍ច្បាប់ លិខិតបទដ្ឋានគតិយុត្ដិជាធរមាន និងគោលការណ៍ណែនាំនានា របស់រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំខេត្ត ដែលបានដាក់ចេញ ឱ្យមានប្រសិទ្ធភាពខ្ពស់។
២.ប្ដេជ្ញាគោរពគាំទ្រ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលក្នុងនោះវិស័យសាធារណការ និងដឹកជញ្ជូន ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
៣.ប្ដេជ្ញាចូលរួមចំណែកអនុវត្ត សម្របសម្រួល គាំទ្រ និងសហការ ឱ្យបានម៉ឺងម៉ាត់បំផុត ចំពោះ គម្រោងព្រែកជីកហ្វូណនតេជោ និងគម្រោងសាងសង់ផ្លូវល្បឿនលឿនដែលឆ្លងកាត់ភូមិសាស្ត្រខេត្តកណ្តាល និងគម្រោងអភិវឌ្ឍន៍ទីក្រុងរណបនានា ឱ្យបានសម្រេចជោគជ័យក្នុង ពេលឆាប់ៗ ខាងមុខនេះ ។
៤.ចូលរួមចំណែកក្នុងការរៀបចំកសាងផែនការមេអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធស្ពាន-ថ្នល់ ប្រព័ន្ធរំដោះទឹកភ្លៀង ប្រព័ន្ធចម្រោះទឹកកខ្វក់ សួនច្បារសាធារណៈ និងសំណង់សិល្បការ្យចាំបាច់នានាក្នុងខេត្ត ដើម្បីប្រែក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ឧស្សាហកម្ម ទេសចរណ៍ ដែលមានគុណភាពបរិស្ថាន និងការរស់នៅប្រកបដោយសុខដុមរមនា ស្របតាមប្លង់គោលប្រើប្រាស់ដីក្រុងតាខ្មៅ ចក្ខុវិស័យឆ្នាំ២០៣០ ធានាការគ្រប់គ្រងដី ការប្រើប្រាស់ដី ការអភិវឌ្ឍ និងការអភិរក្ស ប្រកបដោយប្រសិទ្ធភាព គុណភាព តុល្យភាព ចីរភាព និងសមធម៌។
៥.គោរព និងអនុវត្តតាមគោលការណ៍ដឹកនាំចង្អុលបង្ហាញ និងទទួលយកនូវការផ្តល់អនុសាសន៍ របស់ថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ឱ្យបានល្អ ដើម្បីពង្រឹងការគ្រប់គ្រង ដឹកនាំ និងបំពេញការងារ ប្រកបដោយការទទួលខុសត្រូវ ប្រសិទ្ធភាព តម្លាភាព និងភាពស្អាតស្អំ ព្រមទាំងប្រកាន់ខ្ជាប់នូវអភិក្រមទាំង៥ របស់រាជរដ្ឋាភិបាល «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» ។
៦.បន្តពង្រឹង និងអនុវត្តការផ្តល់សេវាសាធារណៈក្នុងវិស័យដឹកជញ្ជូនផ្លូវគោក ផ្លូវទឹក តាមយន្តការច្រកចេញចូលតែមួយ ការិយាល័យជំនាញរបស់មន្ទីរ និងមណ្ឌលផ្តល់សេវាសាធារណៈនានា ឱ្យប្រសើរឡើងព្រមទាំងខិតខំទប់ស្កាត់ លុបបំបាត់ភាពអសកម្មនានាទាំង ឡាយ ដើម្បីបម្រើសេវាឱ្យប្រសើរឡើងជូន បងប្អូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងការទទួលខុសត្រូវខ្ពស់ ។
៧.ចូលរួមពង្រឹង ការពារ ថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ព្រមទាំងបន្តជំរុញយ៉ាងផុលផុសក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ឲ្យកាន់តែមានស្ថេរភាព ដើម្បីជាឧត្តមប្រយោជន៍ របស់សង្គមជាតិមាតុភូមិ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។
៨.រួមចំណែកជាមួយរដ្ឋបាលខេត្ត ក្នុងការអនុវត្តកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសកំណែទម្រង់គោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ តាមរយៈកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ (២០២១-២០៣០) ដែលបានកំណត់ចក្ខុវិស័យថា ប្រជាពលរដ្ឋទទួលបានសេវាសាធារណៈ និងផលប្រយោជន៍ពីការអភិវឌ្ឍន៍មូលដ្ឋាន ដែលផ្ដល់ដោយរដ្ឋបាលថ្នាក់ក្រោមជាតិ ប្រកបដោយបរិយាប័ន្ន និងសមធម៌សង្គម ដែលរួមចំណែកសម្រេចឲ្យបាននូវគោលបំណងដ៏ទូលំទូលាយ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ព្រមទាំងការងារកំណែទម្រង់នានាឲ្យកាន់តែមានភាពស៊ីជម្រៅ ដើម្បីវិបុលភាព វឌ្ឍនភាពសង្គម ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងដំណើរការអភិវឌ្ឍរបស់ខេត្តទាំងមូល។
៩.ត្រៀមកម្លាំងអន្តរាគមន៍ សម្រាប់ចូលរួមដោះស្រាយ គ្រោះមហន្តរាយនិងបញ្ហាផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ។
១០.ខិតខំ សុំការគាំទ្រផង សហការផង សម្របសម្រួលផងពី ថ្នាក់ដឹកនាំក្រុមការងារចុះមូលដ្ឋាន ដើម្បីបានជាកម្លំាងសរុប បញ្ញាញាណសរុប ធនធានសរុប ដោះស្រាយបាននូវសំណូមពរចាំបាច់នានា របស់ប្រជាជនក្នុងខេត្ត។
១១.ពង្រឹងថែរក្សាស្មារតីសាមគ្គី ឯកភាពផ្ទៃក្នុង ជួរថ្នាក់ដឹកនាំមន្ទីរបង្កើន ទំនាក់ទំនងល្អជាមួយ មន្ទីរ-អង្គភាពនានា រដ្ឋបាលក្រុង-ស្រុក អង្គការ សមាគមន៍ ដៃគូរអភិវឌ្ឍន៍ និងវិស័យឯកជន។ លើកកម្ពស់សមត្ថភាពមន្ត្រីគ្រប់ជាន់ថ្នាក់ នៃមន្ទីរសាធារណការ និងដឹកជញ្ជូន តាមរយៈការអភិវឌ្ឍសមត្ថភាព ការពង្រឹងការគ្រប់គ្រង ការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ និងការលើកកម្ពស់ការអនុវត្តការងារតាមប្រព័ន្ធឌីជីថលដោយ ឈរលើកុំធ្វើការងារតាមទម្លាប់ ត្រូវអនុវត្តការងារតាមច្បាប់ និងលិខិត បទដ្ឋានគតិយុត្តិជាធរមាន៕