បុរសម្នាក់ទៅឆក់ត្រីនៅក្នុងតំបន់អភិរក្សផ្សោតជីវចម្រុះត្រូវបានក្រុមមន្ត្រីរដ្ឋបាលជលផលចាប់បញ្ជូនទៅសាលាដំបូងខេត្តក្រចេះ

(ក្រចេះ)៖ នៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បុរសម្នាក់ត្រូវបានក្រុមមន្ត្រីរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តក្រចេះ ចាប់ឃាត់ខ្លួនបញ្ជូនទៅកាន់សាលាដំបូងខេត្តពាក់ព័ន្ធ និងការប្រើប្រាស់ឧបករណ៍ឆក់ត្រីខុសច្បាប់ នៅក្នុងតំបន់អភិរក្សផ្សោត និងជីវចម្រុះជលផលនៅតាមដងទន្លេមេគង្គ។

លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តក្រចេះ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ថេត សុឃត ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកំពុងក្បឿង ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ ត្រូវបានបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តក្រចេះ នៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥។

លោកនាយខណ្ឌបានបញ្ជាក់ថា ជនសង្ស័យបានធ្វើ សកម្មភាពដោយប្រើប្រាស់ឧបករណ៍ឆក់ត្រីតាមដង ទន្លេមេគង្គ ក្នុងតំបន់អភិរក្សផ្សោត និងជីវចម្រុះជលផល ត្រង់ចំណុចភូមិកោះដំបង ឃុំបឹងចារ ស្រុកសំបូរ ហើយត្រូវបានសមត្ថកិច្ចខេត្តក្រចេះ សហការជាមួយសមត្ថកិច្ចខេត្តស្ទឹងត្រែង ចាប់ឃាត់ខ្លួនបានកាលពីល្ងាចថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ។

ដកវត្ថុតាងរួមមាន៖ ទូកស្មាច់១គ្រឿង, ម៉ាស៊ីន២៥សេស ១គ្រឿង,អាំងវិចទ័រឆក់ត្រី១គ្រឿង,ថ្នងដងត្រី១,ខ្សែកាបនិងខ្សែភ្លើងប្រវែង២០ម៉ែត្រ,ធុងសម្រាប់ដាក់ត្រី ១គ្រឿងនិងអាគុយ ១គ្រឿង។

កាលពីថ្មីៗនេះលោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានដាស់តឿនមន្ត្រីឆ្មាំទន្លេថា ប្រសិនបើមានករណី​មន្រ្តីឆ្មាំទន្លេ​ណា​​ប្រព្រឹត្តល្មើស រំលោភអំណាច អនុញ្ញាត ឬបើកដៃឱ្យមានការនេសាទខុសច្បាប់នៅតំបន់​អភិរក្ស​ផ្សោត មន្ដ្រីជំនាញនិងថ្នាក់ដឹកនាំ ចាំបាច់ត្រូវកែសម្រួលសមាសភាពឆ្មាំខិលខូចទាំងនោះ មិនអនុញ្ញាតឱ្យបន្តការងារទៀតទេ។ យន្តការកាត់សាច់ស្អុយចេញនេះ ធ្វើឡើងដើម្បីបង្កើនប្រសិទ្ធភាពការងាររបស់មន្រ្តីឆ្មាំ ហើយក៏ជាការ​លើក​ទឹក​ចិត្ត​ដល់មន្រ្តីដទៃទៀតដែលបំពេញការងារបានល្អ ប្រកបដោយឆន្ទៈស្មោះត្រង់ ស្រឡាញ់ និងពេញចិត្តលះបង់កម្លាំងកាយចិត្តអភិរក្សធនធានជលផលដោយមិនខ្លាចនឿយហត់។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាន៕

អត្ថបទដែលជាប់ទាក់ទង