រដ្ឋបាលខេត្តព្រៃវែងរៀបចំពិធីក្រុងពលី សុំម្ចាស់ទឹក សុំម្ចាស់ដី ដើម្បីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនក្នុងឱកាសត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មី ព្រៃវែង ឆ្នាំ២០២៥
(ព្រៃវែង)៖ រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានរៀបចំពិធីក្រុងពលី សុំម្ចាស់ទឹក សុំម្ចាស់ដី ដើម្បីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនក្នុងឱកាសត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មី ព្រៃវែង ឆ្នាំ២០២៥ និងអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១២-១៦ ខែមេសា ឆ្នាំ២០២៥ ស្ថិតនៅសួនច្បារសម្ដេចអគ្គមហាធម្មពោធិសាល ជា សុីម (ស្កូប) ក្រុងព្រៃវែង ខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមជាអធិបតី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា។
នៅក្នុងពិធីនេះ ក៏មានការចូលរួមពីឯកឧត្តម លោកជំទាវប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រៃវែង ឯកឧត្តមក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលខេត្ត និងលោកជំទាវ រួមជាមួយលោក លោកស្រី អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី លោក លោកស្រីប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត លោក លោកស្រី អភិបាលក្រុង ស្រុក និងក្រុមការងាពាក់ព័ន្ធផងដែរ។
សូមបញ្ជាក់ថា នៅក្នុងការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែងឆ្នាំ ២០២៥ នេះផងដែរ គឺមានរយៈពេល ៥ ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី ១២ រហូតដល់ថ្ងៃទី ១៦ ខែ ខែមេសា ឆ្នាំ ២០២៥ ដោយនៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះផងដែរក៏មានការរៀបចំនូវតំបន់ត្រជាក់ចិត្ត ដាក់ស្តង់តាំងពិព័ណ នៅលទ្ធផលក្នុងស្រុក កន្លែងលេងល្បែងប្រជាប្រិយ កន្លែងសាសនាមានពូនភ្នំខ្សាច់ និងមានការប្រគំតន្ត្រីខ្នាតធំ ព្រមទាំងមានការប្រលងស្រីស្អាតប្រុសស្អាត និងវ័យចំណាស់ផងដែរ៕