មន្ទីរសុខាភិបាលខេត្តកណ្តាលច្រានចោលទាំងស្រុងចំពោះការចុះផ្សាយព័ត៌មានមិនពិតតាមបណ្តាញសង្គមរបស់វិទ្យុអាស៊ីសេរី និងស្នើវិទ្យុអាស៊ីសេរីធ្វើការកែតម្រូវខ្លឹមសារឡើងវិញ
(កណ្ដាល)៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកណ្តាលបានចេញសេចក្តីបំភ្លឺព័ត៌មានករណីវិទ្យុអាស៊ីសេរី (RFA Khmer)បានចុះផ្សាយព័ត៌មានតាមបណ្តាញសង្គមកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ថា ពលរដ្ឋដែលកើតជំងឺរបេងនៅខេត្តកណ្តាល មួយចំនួនជួបការលំបាក ក្រោយរដ្ឋាភិបាលថ្មីអាមេរិកផ្អាកផ្តល់ជំនួយ តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) រយៈពេល៩០ថ្ងៃ គិតចាប់ពីចុងខែមករាមកថា គឺជាព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត និងស្នើវិទ្យុអាស៊ីសេរីធ្វើការកែតម្រូវខ្លឹមសារឡើងវិញ។ នេះបើតាមសេចក្តីបំភ្លឺព័ត៌មានរបស់មន្ទីរសុខាភិបាលខេត្តកណ្តាលដែលបណ្ដាញសាេព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។
មន្ទីរសុខាភិបាលខេត្តកណ្តាលបានបញ្ជាក់ថា ក្រោយពីបានពិនិត្យលើការចុះផ្សាយព័ត៌មានរបស់វិទ្យុអាស៊ីសេរី (RFA) រួចមក មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកណ្តាលបានបំភ្លឺថា ទោះបីមានការផ្អាកការផ្តល់ជំនួយតាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកលើគម្រោងគំនិតផ្តួចផ្តើមនៃការចលនា សហគមន៍ ដើម្បីបញ្ចប់ជំងឺរបេងដំណាក់កាលទី២(COMMIT2) នៅក្នុងខេត្តកណ្តាលក្តី ក៏មិនបានធ្វើឱ្យប៉ះពាល់ដល់ ការស្រាវជ្រាវ និងព្យាបាលជំងឺរបេងជូនប្រជាពលរដ្ឋ នៅភូមិសាស្ត្រខេត្តកណ្តាលឡើយ ហើយបច្ចុប្បន្នរាជរដ្ឋាភិបាល បាន គិតគូរយកចិត្តទុកដាក់យ៉ាងខ្លាំងលើបញ្ហា ប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ពិសេសជំងឺរបេង ស្របតាមផែនការយុទ្ធសាស្ត្រជាតិ បញ្ចប់ជំងឺរបេងនៅកម្ពុជា ឆ្នាំ២០២១-២០៣០ (រយៈពេល១០ឆ្នាំ) ឱ្យបានជោគជ័យ។
មន្ទីរសុខាភិបាលខេត្តកណ្តាលបានអះអាងថា ចំពោះប្រជាពលរដ្ឋដែលមានទីលំនៅស្ថិតនៅក្នុងខេត្តកណ្តាល(អ្នកជំងឺរបេង) សូមកុំឱ្យមានការព្រួយបារម្មណ៍ជាមួយនឹងការផ្អាកការផ្តល់ជំនួយតាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ គឺមិនបានធ្វើឱ្យប៉ះពាល់ដល់វិស័យសុខាភិបាល លើការប្រយុទ្ធប្រឆាំងនឹងជំងឺរបេងឡើយ។
មន្ទីរសុខាភិបាលខេត្តកណ្តាលបញ្ជាក់ទៀតថា សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ កុំមានកង្វល់ព្រោះនៅគ្រប់មូលដ្ឋានសុខាភិបាល ក្នុងខេត្តកណ្តាល (គ្រប់មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព) គឺមានថ្នាំរបេងគ្រប់គ្រាន់សម្រាប់ព្យាបាលជូនដល់ អ្នកជំងឺរបេង ហើយដែលឱសថសម្រាប់ព្យាបាលជំងឺរបេង ដែលកំពុងប្រើប្រាស់តាមមូលដ្ឋានសុខាភិបាលខេត្តកណ្តាល សព្វថ្ងៃនេះ គឺត្រូវការផ្គត់ផ្គង់ដោយថវិកាជាតិ របស់រាជរដ្ឋាភិបាលកម្ពុជា។
ពាក់ព័ន្ធការចុះផ្សាយរបស់វិទ្យុអាស៊ីសេរី (RFA Khmer)ខាងលើ មន្ទីរសុខាភិបាលខេត្តកណ្តាលសូមបដិសេធនូវខ្លឹមសារវិទ្យុអាស៊ីសេរី (RFA Khmer) ដែលបានចេញផ្សាយព័ត៌មានថា ពលរដ្ឋដែលកើតជំងឺរបេង នៅខេត្តកណ្តាល មួយចំនួនជួបការលំបាក់ ក្រោយរដ្ឋាភិបាលថ្មី អាមេរិកផ្អាក ផ្តល់ជំនួយ តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍ (USAID)។
ជាមួយនេះ មន្ទីរសុខាភិបាលខេត្តកណ្តាលស្នើវិទ្យុអាស៊ីសេរី (RFA Khmer) ធ្វើការកែតម្រូវខ្លឹមសារ ដែលបានចុះផ្សាយព័ត៌មានខុសពីការពិតឡើងវិញ៕