ព័ត៌មានលម្អិត,ករណីឆេះឃ្លាំងផលិត និងស្តុកសម្ភារៈពូក នៅសង្កាត់សំរោងក្រោម​ ខណ្ឌពោធិ៍សែនជ័យ

(ភ្នំពេញ)៖​ អគ្គីភ័យបានឆាបឆេះឃ្លាំងផលិត និងស្តុកសម្ភារៈពូកយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៥៖៣៥នាទីល្ងាច ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលមានទីតាំងស្ថិតនៅភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្រោយពីទទួលបានព័ត៌មានខាងលើនេះ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំេពញ​បានបញ្ជាទៅសមត្ថកិច្ចជំនាញពន្លត់អគ្គិភ័យដែលប្រចាំការនៅគោលដៅទាំង៧ ក្នុងរាជធានីភ្នំពេញ ឲ្យបញ្ចេញរថយន្តពន្លត់អគ្គិភ័យមកកាន់ទីតាំងកើតហេតុ ដើម្បីអន្តរាគមន៍បាញ់ទឹកពន្លត់ជុំវិញរោងចក្រដែលកើតមានគ្រោះអគ្គិភ័យនេះ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបន្តថា ដោយមានការអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញបានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។

ដោយទទួលបានបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងសមត្ថកិច្ចជំនាញ ឲ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលា កុំឲ្យមានការឆាបឆេះបន្តដល់រោងចក្រដែលនៅក្បែរនោះ។

ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៥៥គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន២០គ្រឿង ប្រើប្រាស់ទឹក​អស់៤០ឡាន ស្មើរនឹង១៦$ម៉ែត្រគូប, រថយន្តជំនួយមកពីក្រសួងមហាផ្ទៃ ចំនួន០៤គ្រឿង ប្រើប្រាស់ទឹកអស់០១ឡាន ស្មើរនឹង០៦ម៉ែត្រគូប, រថយន្តកងពលតូចលេខ៧០ ចំនួន០៤គ្រឿង ប្រើប្រាស់ទឹកអស់០៦ឡាន ស្មើរនឹង៦០ម៉ែត្រគូប, រថយន្តរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់០១ឡាន ស្មើនឹង​០៦ម៉ែត្រគូប, រថយន្តរបស់ក្រុមហ៊ុន OCIC ទីក្រុងជ្រោយចង្វារចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់០២ឡាន ស្មើរនឹង១២ម៉ែត្រគូប, រថយន្តរបស់បុរីសង្ឃឹមថ្មី ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់០២ឡាន ស្មើរនឹង១២ម៉ែត្រគូប, រថយន្តរបស់សាលាខណ្ឌពោធិ៍សែនជ័យ ចំនួន០១គ្រឿង ពុំបានប្រើប្រាស់ទឹក និងរថយន្តរបស់បុរី ប៉េង ហួត បឹងស្នោ ចំនួន០២គ្រឿង ពុំបានប្រើប្រាស់ទឹក។

ដោយឡែកចំពោះប្រភេទឃ្លាំងខាងលើនេះ គឺ ថ្មប្រក់ស័ង្កី ទំហំ (៤៥ម៉ែត្រ x ៥៥ម៉ែត្រ) បណ្តាលឲ្យឆេះឃ្លាំង ទំហំ (៤៥ម៉ែត្រ x ៥៥ម៉ែត្រ) ចំនួន០១ឃ្លាំង, ម៉ូតូចំនួន០៥គ្រឿង រួមទាំងសម្ភារៈស្តុបក្នុងឃ្លាំងអស់ទាំងស្រុង ហើយឆេះរាលដល់ផ្ទះថ្ម ចំនួន០១ខ្នង (ខូចខាត ១០%)។ ចំពោះ ករណីអគ្គិភ័យខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញរបស់យើងគ្រប់គ្រងបានទាំងស្រុងនៅម៉ោង ៨និង១០នាទីយប់នាថ្ងៃខែឆ្នាំដដែរ។

ចំពោះហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវរកឃើញថា គឺបណ្តាលមកពីការឆ្លងចរន្តអគ្គីសនីបង្ករជាអគ្គិភ័យ។ ដោយឡែក នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះ គឺមិនបានបណ្តាលឲ្យអ្នកណាម្នាក់រងរបួសនោះឡើយ នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ៕

អត្ថបទដែលជាប់ទាក់ទង