សាលាឧទ្ធរណ៍ភ្នំពេញបានកាត់ក្តីប្រកបដោយភាពយុត្តិធម៌ និងស្អាតស្អំ ធ្វើឱ្យយុវជនក្រីក្រម្នាក់រួចទោសដោយរកឃើញថាមិនបានប្រព្រឹត្តបទល្មើស ហើយសម្រេចឱ្យដោះលែងពីពន្ធនាគារ!
(ភ្នំពេញ)៖ បើតាមលោក ព្រីង គ្រៀម ត្រូវជាបងប្រុសបង្កើត និងក្រុមគ្រួសាររបស់ឈ្មោះ ព្រីង ម៉ៃ បានសម្ដែងការសប្បាយរីករាយ និងថ្លែងអំណរគុណដល់ក្រសួងយុត្តិធម៌ តំណាងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ និងក្រុមប្រឹក្សាជំនុំជម្រះនៃសាលាឧទ្ធរណ៍ភ្នំពេញ ដែលបានរកឃើញភាពយុត្តិធម៌ឱ្យយុវជនឈ្មោះ ព្រីង ម៉ៃ ឱ្យរួចផុតទោស ព្រោះមិនបានប្រព្រឹត្តបទល្មើស។ លោក ព្រីង គ្រៀម បានសរសេររៀបរាប់នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនដែលមានគណនីហ្វេសប៊ុកឈ្មោះ “Kream Pring” ថា “ខ្ញុំបាទឈ្មោះ ព្រីង គ្រៀម ដែលត្រូវជាបងប្រុស ព្រមទាំងក្រុមគ្រួសារ របស់ឈ្មោះ ព្រីង ម៉ៃ ដែលត្រូវបានគេចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ។ យើងខ្ញុំពុំដឹងថាគួរសម្ដែងការដឹងគុណបែបណាឱ្យសាកសមចំពោះភាពយុត្តិធម៌ដែលគ្រួសារយើងខ្ញុំ ពិសេស ព្រីង ម៉ៃ ទទួលបាន។ យើងខ្ញុំ សូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ , លោក លឹម សុគន្ថា អគ្គព្រះរាជអាជ្ញារងនៃមហាអយ្យការអមសាលាឧទ្ធរណ៍, លោកចៅក្រម អ៊ឹម វណ្ណៈ, ចៅក្រម ឃុន សូណា និងចៅក្រម លី សុខលេង ដែលបានសម្រេចក្តីប្រកបដោយភាពយុត្តិធម៌ ផ្អែកលើការពិតដ៏ត្រឹមត្រូវ នៅដំណាក់កាលសាលាឧទ្ធរណ៍។ យើងខ្ញុំជឿជាក់ថា យុត្តិធម៌មានពិតប្រាកដចំពោះជនស្លូតត្រង់ សុចរិត និងត្រឹមត្រូវ។ឦអស់រយៈពេល១ឆ្នាំជាងកន្លងមកនេះ ដែលព្រីង ម៉ៃ ត្រូវបានជាប់ឃុំ ព្រីង ម៉ៃ បានសិក្សាអំពីតថភាពជាច្រើនដែលកើតមានចំពោះខ្លួនគេ ហើយក៏ប្ដេជ្ញាចិត្តថា នឹងក្លាយខ្លួនទៅជាយុវជនល្អ និងជួយទៅដល់សង្គមជាតិ”។
តាមការបញ្ជាក់របស់យុវជនឈ្មោះ ព្រីង គ្រៀម ជានិសិត្សអាហារូបករណ៍ ជំនាញសំណង់ស៊ីវិលបានថ្លែងថា ក្រុមគ្រួសារបស់ខ្លួន ដែលប្អូនរបស់ខ្លួនឈ្មោះ ព្រីង ម៉ៃ គឺជាគ្រួសារមានជីវភាពខ្វះខាត មិនមានធនធាននោះទេ ហើយប្អូនរបស់ខ្លួនឈ្មោះ ព្រីង ម៉ៃ បានជាប់ពន្ធនាគារអស់រយះពេល១ឆ្នាំ៤ខែ តាមរយៈសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញដែលកាត់ក្តីដាក់ទោសលើប្អូនរបស់ខ្លួនឈ្មោះ ព្រីង ម៉ៃ ឱ្យជាប់ពន្ធនាគារ ៥ឆ្នាំ ពីបទ «រំលោភសេពសន្ថវៈ»។ កាលនោះប្អូនប្រុសរបស់ខ្លួន (ឈ្មោះ ព្រីង ម៉ៃ) និងក្រុមគ្រួសារពិតជាអស់សង្ឃឹម និងបានយល់ថា យុត្តិធម៌បានស្លាប់ទៅហើយ បានបាត់បង់ហើយ។ ប៉ុន្តែក្រុមគ្រួសាររបស់ខ្លួន និងយុវជន ព្រីង ម៉ៃ បានសម្រេចចិត្តប្តឹងឧទ្ធរណ៍មកសាលាឧទ្ធរណ៍ភ្នំពេញដើម្បីបន្តការតស៊ូស្វែងរកយុត្តិធម៌។ ជាលទ្ធផល សាលាឧទ្ធរណ៍ភ្នំពេញ បានសម្រេចក្តីឱ្យប្អូនរបស់ខ្លួនរួចទោស ដោយចាត់ទុកថា ប្អូនរបស់ខ្លួនមិនបានប្រព្រឹត្តបទល្មើសរំលោភសេពសន្ថវៈនោះទេ ហើយនោះជាការព្រមព្រៀងទាំងសងខាង។ នេះបើតាមការបញ្ជាក់របស់ប្រភពដែលអង្គភាព The Mirror News ទទួលបាននៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥នេះ។
ផ្អែកតាមការបញ្ជាក់របស់លោក ព្រីង គ្រៀម ដែលថាមូលហេតុដែលនាំឱ្យ ព្រីង ម៉ៃ ជាប់ឃុំរយៈពេលយូរដល់១ឆ្នាំ៤ខែ លោកបានសួរទៅមេធាវីដែលកាន់សំណុំរឿង បានប្រាប់ថា ដោយសារតុលាការ ត្រូវការពេលវេលាស៊ើបអង្កេត និងស្រាវជ្រាវអង្គហេតុ និងភស្តុតាងឱ្យបានល្អិតល្អន់ មុនការបើកសវនាការ និងការជំនុំជម្រះរឿងក្តី។
ការស្នើសុំឱ្យរួចផុតពីបទចោតរបស់លោក លឹម សុគន្ថា អគ្គព្រះរាជអាជ្ញារងនៃមហាអយ្យការអមសាលាឧទ្ធរណ៍ និងការសម្រេចសេចក្តី (ការកាត់ក្តី)របស់ក្រុមប្រឹក្សាជំនុំជម្រះដែលមាន លោកចៅក្រម អ៊ឹម វណ្ណៈ លោកចៅក្រម ឃុន សូណា និងលោកចៅក្រម លី សុខលេង ពិតជាធ្វើឱ្យមានការគោរពកោតសរសើរពីមហាជនប្រជាពលរដ្ឋ។ ការកាត់ក្តីនេះ ពិតណាស់ ចៅក្រមប្រឹក្សា ត្រូវតែវិភាគពិចារណាទៅលើអង្គហេតុ និងអង្គច្បាប់ ដោយមិនត្រូវឱ្យជនល្មើសរួចខ្លួនពីសំណាញ់ច្បាប់ ហើយក៏ត្រូវតែគិតឱ្យគ្រប់ជ្រុងជ្រោយកុំឱ្យមានការផ្តន្ទាទោសដាក់គុកលើជនស្លូតត្រង់ដែលគ្មានកំហុស នេះគេហៅថា “ដៃម្ខាងកុំឱ្យជនល្មើសរួចខ្លួន ហើយដៃម្ខាងទៀតកុំឱ្យចាប់មនុស្សស្លូតត្រង់គ្មានកំហុសដាក់គុក”។
ប្រជាពលរដ្ឋកម្ពុជានឹងគោរពកោតសរសើរ ដឹងគុណ និងជូនបុណ្យកុសលដ៏ល្អប្រពៃដល់បុគ្គលអ្នកច្បាប់ទាំងឡាយដែលបានធ្វើល្អ ដែលបានការពារច្បាប់ និងធានាការអនុវត្តច្បាប់ឱ្យបានយុត្តិធម៌ល្អដល់សង្គម។
កំណែទម្រង់ពង្រឹងគុណភាពប្រព័ន្ធយុត្តិធម៌របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការអនុវត្តផ្ទាល់ដោយឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងស្ថាប័នពាក់ព័ន្ធ បានធ្វើឱ្យប្រជាពលរដ្ឋរីករាយសាទរ និងទទួលយកដោយសេចក្តីសង្ឃឹម និងជឿជាក់៕