ខឹងយាយចិញ្ចឹមពូកែស្ដីបន្ទោសពេក, ចៅចិញ្ចឹមយកកន្ត្រៃចាក់ធ្លាយពោះហូរឈាមរងរបួសនៅក្រុងតាខ្មៅ
(កណ្ដាល)៖ យុវជនម្នាក់បានយកកន្ត្រៃទៅចាក់យាយចំណាស់ម្នាក់ឲ្យធ្លាយពោះហូរឈាមរងរបួសកាលពីវេលាម៉ោង១១៖០០នាទីនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥នៅចំណុចផ្ទះរបស់ជនរងគ្រោះឈ្មោះ ឆឹង ស្រេង ភេទស្រី អាយុ៦៥ឆ្នាំ ជនជាតិខ្មែរ ស្ថិតនៅភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅខេត្តកណ្តាល។ នេះបើតាមប្រភពដែលអង្គភាព The Mirror News ទទួលបាននៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះ។
ប្រភពបន្តថា ជនសង្ស័យឈ្មោះ រត្ន័ គោ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅខេត្តកណ្តាល មានមុខរបរ មិនពិតប្រាកដ ប៉ុន្តែជនសង្ស័យគ្មានសារធាតុញៀនក្នុងទឹកនោមនោះទេ។
ប្រភពបន្តទៀតថា កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង១១៖០០នាទី ជនរងគ្រោះកំពុងតែនៅផ្ទះម្នាក់ឯង ពេលនោះ ជនសង្ស័យឈ្មោះ រ័ត្ន គោ ជាចៅសាច់ដ៏ទៃគ្មានទីពឹងត្រូវបានជនរងគ្រោះយកមកចិញ្ចឹម ពេលនោះត្រូវបានជនរងគ្រោះស្តីបន្ទោសឲ្យបន្តិចបន្ទួចក៏មានចិត្តខឹងគុំគួន ឆ្លៀតពេលប្តីជនរងគ្រោះមិននៅផ្ទះ បានមកគោះទ្វារហៅជនរងគ្រោះយាយៗ ដោយដៃមានកាន់កន្ត្រៃកាត់ព្រុយក្រណាត់នៅនិងដៃពេលនោះជនរងគ្រោះបានបើកទ្វារស្រាប់តែ ជនសង្ស័យបានយកកន្ត្រៃចាក់ទៅលើជនរងគ្រោះ១កន្ត្រៃត្រូវចំពោះបណ្តាលអោយមុតពោះហូរឈាម ពេលនោះជនសង្ស័យបានរត់គេចខ្លួនបាត់។ក្រោយពេលកើតហេតុជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្ត៍នគរបាលសង្កាត់រកាខ្ពស់ឲ្យជួយស្រាវជ្រាវរកជនសង្ស័យ រហូតដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ កំលាំងប៉ុស្តិ៍ធ្វើការស្រាវជ្រាវ រកឃើងជនសង្ស័យក៏បានឃាត់ខ្លួនយកមកសួរនាំនៅប៉ុស្តិ៍សាកសួរកសាងសំណុំរឿងតាមនិតិវិធី។
ប្រភពបានអះអាងថា នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា មូលបណ្តាលឲ្យខ្លួនយកកន្ត្រៃកាត់ព្រុយក្រណាត់មកចាក់ជនរងគ្រោះគឺដោយសារខឹងជនរងគ្រោះត្រូវជាយាយចិញ្ចឹម ពូកែស្តីបន្ទោសឲ្យខ្លួន ពេកគ្រាន់តែខ្លួនចូលទៅផ្ទះបាយក៏មិនបានទើបខ្លួនខឹងហើយមានគុំនុំគំគួនឆ្លៀតពេលតាមិននៅក៏យកកន្ត្រៃមកចាក់ជនរងគ្រោះ ប្រាកដមែន។ ហើយបច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ៕