ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ប្រាប់ VOD ឲ្យសុំទោស និងកែតម្រូវព័ត៌មានជាបន្ទាន់
ភ្នំពេញ៖ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្តែងការហួសចិត្តជាខ្លាំងចំពោះការផ្សាយរបស់សារព័ត៌មាន VOD ដែលចោទប្រកាន់ថារូបលោកជាអ្នកចុះហត្ថលេខាផ្តល់ជំនួយថវិកាទៅកាន់ប្រទេសតួកគី។
សារព័ត៌មាន VOD កាលពីថ្ងៃទី០៩ ខែកុម្ភៈ កន្លងទៅ បានផ្សាយអត្ថបទមួយដាក់ចំណងជើងថា «មន្ត្រីរដ្ឋាភិបាលថាការដែលលោក ហ៊ុន ម៉ាណែត ដើរតួនាទីជំនួសឪពុកក្នុងការផ្ដល់ជំនួយឱ្យតួកគី មិនមែនជារឿងខុសឆ្គង»។
ក្នុងអត្ថបទនេះ អ្នកសារព័ត៌មាន បានធ្វើបទសម្ភាសន៍ជាមួយអ្នកមន្ត្រីអង្គការសង្គមស៊ីវិល និងមន្ត្រីរាជរដ្ឋាភិបាលផងដែរ ឱ្យបញ្ចេញទស្សនៈទៅតាមប្រធានបទរបស់ខ្លួនដូចក្នុងចំណងជើង។ ប៉ុន្តែមិនមានបង្ហាញឯកសារ ដែលបង្ហាញថា លោក ហ៊ុន ម៉ាណែត ជាអ្នកចុះហត្ថលេខាផ្តល់ជំនួយទៅប្រទេសតួកគីនោះឡើយ។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលកំពុងអមដំណើរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅឯប្រទេសចិននៅឡើយនោះ បានសម្តែងការប្រតិកម្មចំពោះការផ្សាយមួយនេះ។
លោក បានគូសរំលេចតាមរយៈទំព័រហ្វេសប៊ុករបស់លោកថា «ពិតជាមានរឿងប្លែកៗមែន… បើអ្នកនិយាយតាម facebook តាមអារម្មណ៍មិនមានអាជីពពិតប្រាកដខ្ញុំមិនថាទេ ប៉ុន្តែសម្រាប់សារព័ត៌មានអាជីពដែលជ្រកក្រោមស្ថាប័នសារព័ត៌មានច្បាស់លាស់ ខ្ញុំត្រូវការការបំភ្លឺមួយដែលមានភាពប្រាកដប្រជា និងការទទួលខុសត្រូវ៖»។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានស្នើសារព័ត៌មាន VOD បង្ហាញឯកសារដែលបញ្ជាក់ថា រូបលោកបានចុះហត្ថលេខាជំនួសសម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ក្នុងការផ្តល់ជំនួយថវិកាទៅឱ្យប្រទេសតួកគីដែលកំពុងរងគ្រោះរញ្ជួយដីផង ព្រោះលោកមិនបានដឹងរឿងនេះ ហើយក៏មិនមានសិទ្ធិក្នុងការចុះហត្ថលេខាលើឯកសាររបស់រាជរដ្ឋាភិបាលនោះដែរ។
«ខ្ញុំបានស្រាវជ្រាវរកឯកសារដែលពាក់ព័ន្ធ ប៉ុន្តែឃើញមានតែសេចក្តីប្រកាសពត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិតែមួយគត់ ដែលមិនមានហត្ថលេខាអ្នកណាទាំងអស់»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ហ៊ុន ម៉ាណែត។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានស្នើទៅ VOD បើមិនមានឯកសារ ហើយចុះផ្សាយពត៌មានមិនត្រឹមត្រូវដោយអចេតនានោះ សូមធ្វើការសុំទោស ព្រមទាំងធ្វើការកែសម្រួលពត៌មាន និងផ្សព្វផ្សាយជាសាធារណៈជាបន្ទាន់ ដើម្បីកុំឱ្យសាធារណៈមតិមានការយល់ច្រឡំមកលើរូបលោកក្នុងរឿងនេះ។
លោកឧត្តមសេនីយ៍ឯកបានបញ្ជាក់ចុងក្រោយថា «ខ្ញុំមិនចង់បានអ្វីក្រៅតែពីការពារភាពត្រឹមត្រូវ និងច្បាស់លាស់ទេ»។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានប្រកាសផ្តល់ជំនួយ ១០ម៉ឺនដុល្លារ ទៅកាន់ប្រទេសតួកគី ដែលកំពុងរងគ្រោះ ដោយសាររញ្ជួយដី។
ព័ត៌មានផ្តល់ជំនួយនេះ ត្រូវបានធ្វើឡើងតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ចំនួនពីរសន្លឹក។ មួយសន្លឹកជាខេមរភាសា និងមួយសន្លឹកទៀត ជាភាសាអង់គ្លេស។
ក្នុងសេចក្តីប្រកាសព័ត៌មាននោះ មិនមានបង្ហាញការចុះហត្ថលេខាអ្វីនោះឡើយ៕