ជនសង្ស័យ៥នាក់ក្លែងឯកសណ្ឋានត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

តាកែវ៖ តាមបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងក្រោមការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងអាវុធហត្ថខេត្តតាកែវ ដឹកនាំដោយលោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ចុះឃាត់ខ្លួនជនសង្ស័យនៅចំណុចភូមិពានមាស ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ ពីបទក្លែងឯកសណ្ឋានកងរាជអាវុធហត្ថ។

កម្លាំងកងរាជអាវុធហត្ថបានឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ យក់ សុជាតិ អាយុ៤៨ឆ្នាំ មុខរបរគ្រូបង្ហាត់ នៅក្នុងសមាគមជួយជនរងគ្រោះដោយសារគ្រឿងញៀន រស់នៅភូមិត្រពាំងព្រីង ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។ ក្រោយមកទៀត នៅវេលាម៉ោង ១៥៖០០នាទី ថ្ងៃខែឆ្នាំដដែលកម្លាំងអាវុធហត្ថខេត្ត ក៏បានចុះនៅចំណុចសមាគមជួយជនរងគ្រោះដោយសារគ្រឿងញៀន ស្ថិតនៅភូមិត្រពាំងព្រីង ឃុំលាយបូរ ស្រុកត្រាំកក់ នឹងបានធ្វើការឃាត់ខ្លួន ជនសង្ស័យបានចំនួន ៤នាក់បន្ថែមទៀត ពីបទក្លែងឯកសណ្ឋាន។

ជនសង្ស័យទាំង៥នាក់មានឈ្មោះឈ្មោះ ប៉ា ឧត្តម អាយុ៣០ឆ្នាំ មុខរបរសន្តិសុខ រស់នៅភូមិត្រាំ សង្កាត់រកាក្រៅ ក្រុងដូនកែវ, ឈ្មោះ អឿន អាន អាយុ២៥ឆ្នាំ មុខរបរសន្តិសុខ រស់នៅភូមិថ្មសរ ឃុំលំពង់ ស្រុកបាទី, ឈ្មោះ ទេព ឡៃសេង អាយុ២៩ឆ្នាំ មុខរបរសន្តិសុខ រស់នៅភូមិថ្នល់បែកកើត ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម, ឈ្មោះ ទេព មុនី អាយុ២៨ឆ្នាំ មុខរបរសន្តិសុខ រស់នៅភូមិតាម៉ូវ ឃុំជើងគួន ស្រុកសំរោង និងឈ្មោះ ញឹក យីឡាយ អាយុ៥៦ឆ្នាំ មុខរបរប្រធានសមាគមជួយជនរងគ្រោះ ដោយសារគ្រឿងញៀន រស់នៅភូមិត្រពាំងព្រីង ឃុំលាយបូរ ស្រុកត្រាំកក់។

វត្ថុតាងចាប់យករួមមាន ឯកសណ្ឋានកងរាជអាវុធហត្ថខោចំនួន ១២ខោ អាវយឺតចំនួន០៧អាវ មួក០៩ ស្បែកជើងកវែងចំនួន០៧គូ, ឯកសណ្ឋានយោធា ខោចំនួន០៣ខោ អាវយឺតចំនួន០១, ឯកសណ្ឋាននគរបាល អាវ ចំនួន០៤ ខោចំនួន០២,ឯកសណ្ឋានអង្គរក្ស អាវយឺតចំនួន០៤ មួកចំនួន០៤, រថយន្តចំនួន០២គ្រឿង(ម៉ាកLEXUS 470 ពណ៌កាំម៉ៃ ពាក់ស្លាកលេខភ្នំពេញ២AL-4513 និងLEXUS 400h ពណ៌ត្រេអ៊ី ពាក់ស្លាកលេខខេមរភូមិន្ទ០២ ២-៨៩៨៥)។

បច្ចុប្បន្ន មន្ត្រីជំនាញកងរាជអាវុធហត្ថកំពុងអនុវត្តនីតិវិធី ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង