ម្ចាស់សៃវៀនមាន់ស្វាយភ្លោះមិនខ្លាចអំណាចលោកឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ ស្នងការនគរបាលខេត្តព្រៃវែងទាល់តែសោះ (មានVideo)
ព្រៃវែង៖ ពិតជាព្រហើនមែនម្ចាស់សៃវៀនមាន់ស្វាយភ្លោះនៅរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានប្រមូលផ្តុំអ្នកញៀនល្បែងមាន់ជល់ខុសច្បាប់លួចបើកសៃវៀនខុសច្បាប់លេងល្បែងជល់មាន់យ៉ាងគគ្រឹកគគ្រេងនៅភូមិសង្រ្គោះ ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង ខណៈលោកឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ ស្នងការនគរបាលខេត្តព្រៃវែងមិនទាន់ទទួលបានព័ត៌មានដើម្បីដាក់កម្លាំងចុះទៅបង្ក្រាប។ នេះបើតាមប្រភពបណ្ដាញសារព័ត៌មាន The Mirror News ទើបទទួលបាននៅមុននេះបន្តិច។
ប្រភពបន្តថា មានក្រុមអ្នកញៀនល្បែងជល់មាន់ស៊ីសងខុសច្បាប់ជាច្រើននាក់បានកំពុងឈរ អង្គុយ និយាយតថ្លៃគ្នាផ្គូផ្គងរកគូរជល់នៅក្នុងសៃវៀនខុសច្បាប់ខាងលើនេះ។
ប្រភពព័ត៌មានបានខ្សឹបប្រាប់ឲ្យដឹងថា ពួកគេមិនអាចបើកលេងបាននោះ បើគ្មានការទំនាក់ទំនងឲ្យល្អប្រសើរជាមួយអស់លោកអាជ្ញាធរមូលដ្ឋាន ជាពិសេសខាងមន្ត្រីប៉ុស្តិ៍រដ្ឋបាលនគរបាលតែម្ដង។
ប្រភពបន្តថា ម្ចាស់សៃវៀនជល់មាន់ខុសច្បាប់ដុះស្លែខាងលើនេះ តែងតែលួចបើកឲ្យដំណើរការលេងយ៉ាងប្រុងប្រយ័ត្នបំផុត ទោះបីជាដឹងថា សកម្មភាពដែលក្រុមខ្លួនកំពុងលេង ជាទង្វើខុសច្បាប់រំលោភបំពានគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលយ៉ាងណាក៏ដោយ។
គួររំលឹកថា សម្ដេចឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ បានបើកកិច្ចប្រជុំមួយ ដើម្បីជជែកពីផែនការបង្រ្កាបល្បែងស៊ីសងខុសច្បាប់ ដែលកំពុងលេចរូបឆោមយ៉ាងអនាធិបតេយ្យក្នុងសង្គម។ សម្ដេចក្រឡាហោម ស ខេង បានអះអាងនៅក្នុងកិច្ចប្រជុំនោះថា ល្បែងស៊ីសងខុសច្បាប់ក្នុងប្រទេសកម្ពុជា បានក្លាយទៅជាមេរោគមហារីក ដែលឈានទៅដល់ការប្រព្រឹត្តបទល្មើសជួយដូរមនុស្ស។ តាមសម្ដេចក្រឡាហោម ស ខេង គឺអាជ្ញាធររាជធានី-ខេត្ត ទាំងអស់ត្រូវយកចិត្តទុកដាក់បង្រ្កាបប្រភេទល្បែងស៊ីសងដែលខុសច្បាប់ រួមទាំងល្បែងឡូតូ ជល់មាន់តាមប្រព័ន្ធអនឡាញជាដើម។
សូមបញ្ជាក់ថា យុទ្ធនាការបង្រ្កាបល្បែងស៊ីសងខុសច្បាប់ បានធ្វើឡើងក្រោយពេលដែលសម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញបទបញ្ជាដាច់ណាត់ ឲ្យមន្ត្រីនៅមូលដ្ឋានទាំងអស់យកចិត្តទុកដាក់បង្រ្កាបបទល្មើសល្បែងស៊ីសងខុសច្បាប់ ដោយគ្មានការលើកលែង ហើយប្រសិនបើអភិបាលរាជធានី-ខេត្ត ឬអាជ្ញាធរណាមិនអនុវត្ត ប្រមុខរដ្ឋាភិបាលព្រមានថា នឹងដកចេញពីតំណែងតែម្តង៕ ដោយ៖ ការីនិពន្ធ