ពុំមានការចាប់ជំរិតមនុស្សនៅតំបន់7NGទេ!
កណ្ដាល៖ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានបញ្ជាក់ឲ្យដឹង នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា ពុំមានករណីចាប់ជំរិតមនុស្សដាក់ចូលឡាន នៅតំបន់ក្រុមហ៊ុន 7NG ក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដូចអ្វីដែលបានចែកចាយនៅតាមបណ្ដាញសង្គមហ្វេសប៊ុកនោះទេ។
ក្រោយទទួលបានព័ត៌មានដែលបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុកភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានបញ្ជាឲ្យលោកវសេនីយ៍ឯក ម៉ែន សុខឃឿន អធិការនគរបាលស្រុកខ្សាច់កណ្តាល ចុះបើកការស្រាវជ្រាវជាបន្ទាន់។ជាលទ្ធផលកម្លាំងផ្នែកនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលួង បានចុះស្រាវជ្រាវ ក្នុងនោះបានអញ្ជើញឈ្មោះ វ៉ាន់ស៊ី ដាណែត ភេទស្រី អាយុ១៩ឆ្នាំ មុខរបរនិស្សិត មានទីលំនៅភូមិព្រែកថោង ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «ភគវតី សិរីចក្រពត្កិ» បានបំភ្លឺថា ខ្លួនបានព័ត៌មានខាងលើនេះពីគណនីហ្វេសប៊ុកឈ្មោះ «ផ្កាព្រៃស្រទាប់មាស» ដោយខ្លួនពុំដឹងហេតុការណ៍នេះទេ ក្នុងនោះខ្លួនក៏បានសរសេរនៅលើគណនីហ្វេសប៊ុករបស់ខ្លួនហើយបង្ហោះទៅ។ ចំពោះម្ទាស់គណនីហ្វេបុកឈ្មោះ «ផ្កាព្រៃស្រទាប់មាស»ទាក់ទងពុំបាន។
ប្រភពបន្តថា ករណីនេះ សមត្ថកិច្ចចុះស្រាវជ្រាវក្នុងតំបន់ក្រុមហ៊ុន 7NG ឃើញថា ពុំមានករណីនេះកើតឡើងដូចគណនីហ្វេសប៊ុកទាំងពីរខាងលើបង្ហោះឡើយ។
លោកស្នងការ ឈឿន សុចិត្ត បានចូលរួមអរគុណសម្រាប់ការផ្តល់ព័ត៌មានរបស់ប្រជាពលរដ្ឋនូវព័ត៌មានពិត ដើម្បីសមត្ថកិច្ចចុះជួយអន្តរាគមន៍បានទាន់ពេលវេលា ដោយជៀសវាងការផ្តល់ព័ត៌មានក្លែងក្លាយធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម៕