កម្មករដាំចេកឲ្យក្រុមហ៊ុន ថាកូ ចម្ការចេកនៅខេត្តរតនគិរី ចំនួន៦នាក់បានស្លាប់ ក្រោយចេញរោគសញ្ញាចុកពោះ ក្អួត ហត់ អស់កម្លាំង និងស្រវាំងភ្នែក

ភ្នំពេញ៖ កម្មករដាំចេកឲ្យក្រុមហ៊ុន ថាកូ ចម្ការចេក ស្ថិតនៅ ភូមិ៣ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី ចំនួន៦នាក់បានស្លាប់ ដែលគេបានដាក់ការសង្ស័យថាជាករណីពុល។ នេះបើតាមប្រភពព័ត៌មានបឋមដែលទើបទទួលបាននៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣។

បើតាមពីមន្រ្តីមណ្ឌលសុខភាពប្រាប់ឲ្យអ្នកកាសែតដឹងថា បុរសអ្នកជំងឺទាំង៦ នាក់ដែលបានមកទទួលសេវាមានសភាពធ្ងន់ធ្ងរដូចជា សន្លប់ ប្រកាច់ សញ្ញាជីវិតខ្សោយ​ជួនកាលស្ទើគ្មានសញ្ញាជីវិត។

ប្រភពព័ត៌មានបានឲ្យដឹងទៀតថា តាមការសាកសួរប្រវត្តិអ្នកជំងឺមានរោគសញ្ញាចុកពោះ ក្អួត ហត់ អស់កម្លាំង ស្រវាំងភ្នែក ភាគច្រើនពួកគាត់បានទទួលទានស្រាជាប្រចាំ ហើយគឺគ្មានប្រវត្តិជំងឺប្រចាំកាយទេ។ ជាទូទៅមុនពេលចេញរោគសញ្ញាអ្នកជំងឺមានសុខភាពធម្មតា ក្រោយចេញរោគសញ្ញាចន្លោះពី៤ទៅ៦ម៉ោង បណ្តាលឱ្យអ្នកជំងឺស្លាប់។

បើតាមប្រភពថា អាចបណ្តាលមកពីការពុលចំណីអាហារ ឬពុលសារធាតុគីមី។ បច្ចុប្បន្ន អាជ្ញាធរមូលដ្ឋាន ព្រមទាំងមន្ត្រីជំនាញខេត្ត កំពុងចុះបើកការស៊ើបអង្កេតរកមូលហេតុជាក់លាក់ណាមួយឲ្យប្រាកដ ដែលបណ្ដាលឲ្យមនុស្សស្លាប់ជាបន្តបន្ទាប់ ធ្វើឲ្យមានការភ្ញាក់ផ្អើល និងមានការភ័យខ្លាច ពីសំណាក់ប្រជាពលរដ្ឋ ដែលរស់នៅតំបន់ក្រុមហ៊ុននោះ៕

អត្ថបទដែលជាប់ទាក់ទង