ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អំពាវនាវដល់យុវវ័យត្រូវនិយាយថាទេចំពោះគ្រឿងញៀន
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបង្ហោះសារអបអរសាទរ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ដោយភ្ជាប់ជាមួយ ការរំលឹកអនុស្សាវរីយ៍ នៃការបើកដំណើរការនូវមណ្ឌលបន្សាបគ្រឿងញៀនមុនគេបង្អស់ទូទាំងប្រទេស រហូតមានអង្គការស្ថាប័នជាច្រើន បានចុះទៅស្វែងយល់និងដកពិសោធន៍ជាបន្តបន្ទាប់។
លោកឧត្តមសេនីយ៍ឯកក៏បានលើកឡើង អំពីសណ្តានចិត្តដ៏សប្បុរស របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានឧបត្ថម្ភគាំទ្រ កសាងអាគារស្នាក់នៅ និងរបបអាហារប្រចាំថ្ងៃ សម្រាប់យុវជនផ្តាច់សារធាតុញៀន ព្រមទាំងតែងតែឆ្លៀតឱកាសចុះសំណេះសំណាលសួរសុខទុក្ខនិងផ្តល់ដំបូន្មានល្អៗ អប់រំផ្លូវចិត្ត ដល់ក្មួយៗយុវជននៅទីនោះជាញឹកញាប់ គឺជាគំរូដ៏ឧត្តុង្គឧត្តមប្រកបដោយព្រហ្មវិហាធម៌ គួរជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត។
ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានអំពាវនាវដល់យុវវ័យគ្រប់រូប សូមនិយាយថា ទេ ចំពោះគ្រឿងញៀន និងបានបង្ហោះនូវវីដេអូចម្រៀងអប់រំអំពីគ្រឿងញៀនមួយបទ ដែលលោកបានផ្តួចផ្តើមផលិតឡើង កាលលោកនៅជាមេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បង្កប់នូវអត្ថន័យខ្លឹមសារ យ៉ាងក្តុកក្តួលរំជួលអារម្មណ៍ជាទីបំផុត៕