ប្រជាពលរដ្ឋនៅស្រុកកោះធំនិងក្រុងសំពៅពូនបង្ហាញពីការពេញចិត្តពេញថ្លើមចង់បានទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ឲ្យនៅបម្រើពួកគាត់ជារៀងរហូតដោយបានសន្យាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី១៨

កណ្តាល៖ ប្រជាពលរដ្ឋនៅទូទាំងស្រុកកោះធំនិងក្រុងសំពៅពូនបានបង្ហាញពីការពេញចិត្តពេញថ្លើមយ៉ាងច្រើនកុះករចង់បានឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងសហការីឲ្យនៅបម្រើពួកគាត់បន្តជារៀងរហូតដោយបានសន្យាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ មានរូបទេវតាបាចផ្កាជាសញ្ញាសម្គាល់ទាំងទឹកមុខញញឹមញញែមរីករាយអបសាទរប្រកបដោយភាពប្រាកដប្រជានិងស្និតស្នាលយ៉ាងក្រៃលែង។ ការសន្យារបស់បងប្អូនប្រជាពលរដ្ឋជាមួយឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិកគណបក្សប្រជាជនកម្ពុជាប្រមាណ១៣០០នាក់ មកពីភូមិព្រែកជ្រៃ សង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន និងភូមិព្រែកតាកេរ ឃុំកោះធំ “ខ” ស្រុកកោះធំ ក្នុងទឹកដីខេត្តកណ្តាល ក្នុងថ្ងៃទី៥ នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតសម្រាប់ការ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នាព្រឹកថ្ងៃទី០៥​ ខែកក្កដា​ ឆ្នាំ២០២៣​។

នាឱកាសនោះ ប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកកោះធំ និងក្រុងសំពៅពូន ខេត្តកណ្តាល​ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងពីសមិទ្ធផលជាច្រើនដែលបានកើតចេញពីរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនិងជាប្រធានគណបក្ស ដូចជា សាលារៀន វត្តអារាម មន្ទីរពេទ្យ មន្ទីរពេទ្យតេជោសែនកោះធំ ផ្លូវជាតិ ផ្លូវលំ ផ្លូវល្បឿនលឿន ផ្លូវដែក រទេះភ្លើងក្រោមដី ព្រលានយន្តហោះ និងគម្រោងព្រែកជីកហ្វូណនតេជោ។ល។

ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋបន្តចូលរួមថែរក្សាសុខសន្តិភាព និងជ្រើសរើសគណបក្សដែលបាននាំមកនូវសន្តិភាព ការអភិវឌ្ឍពិតប្រាកដជូនប្រទេសជាតិ និងសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨។

ឯកឧត្ដមទេសរដ្ឋមន្ត្រីក៏បានអំពាវនាវសូមបងប្អូនប្រជាពលរដ្ឋ អញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខឱ្យបានគ្រប់ៗគ្នា ដើម្បីបំពេញតួនាទីជាពលរដ្ឋល្អ។

គួរជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានឲ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ។

គួរបញ្ជាក់ផងដែរថា គណបក្សនយោបាយដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចំនួន១៨ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សេចក្តីណែនាំស្តីពីការឃោសនាបោះឆ្នោតក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក៕

អត្ថបទដែលជាប់ទាក់ទង