ឃាត់ខ្លួនបុរសជនជាតិចិនម្នាក់បន្ទាប់ពីដកកាំភ្លើងបាញ់លើមេឃជាច្រើនគ្រាប់បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ៖ ជនជាតិចិនម្នាក់បានដកកាំភ្លើងបាញ់លើមេឃជាច្រើនគ្រាប់បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋកាលពីវេលាម៉ោង៣ និង៥០នាទីជិតភ្លឺ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅផ្លូវបេតុង ទល់មុខព្រលានយន្តហោះ ក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្រោយទទួលបានព័ត៌មាន កម្លាំងសមត្ថកិច្ចបានចុះអន្តរាគមន៍ទៅដល់ទីតាំងកើតហេតុភ្លាមនិងបានឃាត់ខ្លួនខ្មាន់កាភ្លើងយកទៅសួរនាំ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសជនជាតិចិនម្នាក់ដើរថ្មើរជើងតាមបណ្តោយផ្លូវបេតុង ក្នុងទិសដៅពីត្បូងទៅជើង ខណៈដល់ចំណុចកើតហេតុ ក៏ដកកាំភ្លើងបាញ់ឡើងលើមេឃជាច្រើនគ្រាប់បង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋនៅក្បែររត់ចែកជើងគ្នា និងរាយការណ៍ទៅសមត្ថកិច្ចភ្លាមៗ។

ក្រោយពីទទួលព័ត៌មាន កម្លាំងសមត្ថកិច្ចទាំង៣នៃខណ្ឌពោធិ៍សែនជ័យបានចុះអន្តរាគមន៍​ឡោមព័ទ្ធទីតាំងកេីតហេតុ​ និងបិទផ្លូវចេញចូល រងចាំបទបញ្ជាពីថ្នាក់លេី ​និងបានធ្វើការឃាត់ខ្លួនជនសង្ស័យបានម្នាក់ជាជនជាតិចិនយកទៅសួរនាំភ្លាមៗ និងដកហូតកាំភ្លើងខ្លី ១ដើម ម៉ាកK54​ និងគ្រាប់ជាច្រេីនគ្រាប់ផងដែរ​​ ។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកំពុងសាកសួរ និងចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង