ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យវត្ថុដល់អារាម៣កន្លែងក្នុងរាជធានីភ្នំពេញ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នាព្រឹកថ្ងៃសុក្រ ទី២៨ ខែកក្កដា ឆ្នាំ២០២៣ បានដឹកនាំគណៈប្រតិភូក្រសួង នាំយកទៀនចំណាំព្រះវស្សា ទេយ្យវត្ថុ និងគ្រឿងបរិក្ខារ រួមទាំងចតុបច្ច័យ ប្រគេនចំពោះសម្តេចសង្ឃ និងព្រះសង្ឃ គង់នៅអារាមចំនួន០៣កន្លែ រួមមាន វត្តមណីរតនារាមទួលទំពូង វត្តលង្កាព្រះកុសុមារាម និងវត្តសារាវ័នតេជោ។

ពិធីនេះដែរត្រូវបានប្រារព្វឡើងតាមព្រពៃណីព្រះពុទ្ធសាសនា ដោយមានការបូជាថ្វាយគ្រឿងសក្ការបូជា នមស្សការព្រះរតនត្រ័យ សមាទានសីល រួចវេរប្រគេនទៀន ទេយ្យវត្ថុ និងគ្រឿងបរិក្ខារ និងបវារណាចតុបច្ច័យ ប្រគេនចំពោះសម្រេចសង្ឃ និងព្រះសង្ឃ សម្រាប់ប្រើប្រាស់ទៅតាមតម្រូវការ ខណៈពេលដែលព្រះសង្ឃកំពុងគង់ចាំព្រះវស្សារយៈពេល៣ខែ ក្នុងរដូវវស្សា ដោយមិនអនុញ្ញាតឱ្យនិមន្តទៅទីឆ្ងាយដាច់រាត្រីឆ្លងថ្ងៃនោះឡើយ លើកលែងតែមានភារកិច្ចសំខាន់ចាំបាច់ និងជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេរបានរៀនសូត្រធម៌ វិន័យយ៉ាងខ្ជាប់ខ្ជួនតាមពុទ្ធឱវាទ។

ទេយ្យវត្ថុ និងគ្រឿងបរិក្ខា ដែលបាននាំយកទៅប្រគេនជូនដល់ សម្តេចសង្ឃ និងព្រះសង្ឃទាំងបីវត្តនាឱកាសនោះ ដោយក្នុងមួយវត្តទទួលបាន៖ ទៀនព្រះវស្សា១គូ សាដក​ ផ្លែឈើ ទឹកសុទ្ធ ទឹកក្រូច អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកដោះគោ ត្រីខកំប៉ុង និងមី ព្រមទាំងបច្ច័យ ដើម្បីឧទ្ទិសកុសលផលបុណ្យ និងបួងសួងសុំ សេចក្តីសុខ សេចក្តីចម្រើន កើតមានដល់ក្រុមគ្រួសារមន្ត្រីរាជការក្រោមឱវាទក្រសួង ក៏ដូចជាប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស ឱ្យទទួលបានសុខសន្តិភាព និងការអភិវឌ្ឍ រុងរឿងទៅមុខបន្តទៀត។ ដោយឡែក ចំពោះវត្តមណីរតនារាម ទួលទំពូង ឯកឧត្តមទេសរដ្ឋមន្ត្រី បានប្រគេនបច្ច័យកសាងបន្ថែមចំនួន១០០០ ដុល្លារអាមេរិកផ្សេងទៀត ដើម្បីជាការចូលរួមក្នុងការកសាងសមិទ្ធផលនានាក្នុងទីអារាម។

គួរជម្រាបជូនថា ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល តែងតែដឹកនាំគណៈប្រតិភូ និងមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ ក្រោមឱវាទក្រសួងសាធារណការ និងដឹកជញ្ជូន ចូលរួមចំណែកដល់ការទ្រទ្រង់ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ដែលប្រជាជនភាគច្រើននៅកម្ពុជាគោរពប្រណិប័តន៍តាម ដោយហេតុថាព្រះពុទ្ធសាសនា បានផ្តល់ការអប់រំផ្លូវចិត្តឱ្យប្រព្រឹត្តនូវអំពើល្អ ចេះស្រឡាញ់រាប់អាន ចេះជួយយកអាសា មានសាមគ្គីភាព និងនាំឱ្យសង្គមរស់នៅ ដោយសុខដុមរមនា ក្រោមម្លប់សន្តិភាពផងដែរ៕

អត្ថបទដែលជាប់ទាក់ទង