តម្លៃស្រូវនៅកម្ពុជាកំពុងឡើងថ្លៃជាបន្តបន្ទាប់ មិនធ្លាប់មានពីមុន ស្របពេលដែលប្រទេសឥណ្ឌាបានប្រកាសបិទមិនឲ្យមានការនាំចេញអង្ករប្រភេទមួយចំនួន

ភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ទី៤ ខែ សីហា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជ រដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានដឹកនាំប្រជុំតាមរយៈប្រព័ន្ធ Zoom ជាមួយសហព័ន្ធស្រូវ-អង្ករកម្ពុជា ម្ចាស់រោងម៉ាស៊ីនកិនស្រូវ​ និងក្រុមហ៊ុននាំចេញអង្ករដើម្បីពិភាក្សាអំពីស្ថានភាពនៃវិស័យស្រូវអង្ករ​ ការ នំាចេញអង្ករ និងបញ្ហាប្រឈម​ នាដើមរដូវនៃការប្រមូលផលឆ្នាំនេះ។ បរិមាណផលស្រូវ​និងថ្លៃស្រូវ​មានការកេីនឡេីងគួរកត់សម្គាល់​ នាដេីមរដូវកាលប្រមូលផលឆ្នំា​នេះ​ ទោះបីមានបញ្ហាប្រឈមមួយចំនួនក្តី។

តម្លៃស្រូវនៅកម្ពុជា កំពុងឡើងថ្លៃជាបន្តបន្ទាប់ មិនធ្លាប់មានពីមុន ស្របពេលដែលប្រទេសឥណ្ឌាបានប្រកាសបិទមិនឲ្យមានការនាំចេញអង្ករប្រភេទមួយចំនួន។ ថ្មីៗនេះ ប្រទេសឥណ្ឌា ដែលជាប្រទេសនាំអង្ករចេញច្រើន ជាងគេនៅលើពិភពលោក មិនឲ្យមានការនាំចេញអង្ករប្រភេទអង្ករស និងអង្ករបាក់ ក្នុងគោលបំណងរក្សានូវសន្តិស្បៀងនៅក្នុងប្រទេសរបស់ខ្លួន ដែលជំរុញឱ្យតម្លៃអង្ករសនៅលើទីផ្សារតាមប្រទេសមួយចំនួនក្នុងតំបន់ ហាក់មានការកើនឡើង គួរឱ្យកត់សម្គាល់។

ក្រោយការប្រកាសរបស់ឥណ្ឌា គេមើលឃើញថា ជាឱកាសសម្រាប់ ប្រទេសជិតខាងរបស់កម្ពុជា គឺថៃ និងវៀតណាម ក្នុងការបង្កើនការនាំចេញដោយទទួលបានតម្លៃខ្ពស់។ ចំណែកកម្ពុជាវិញ អាចនឹងធ្វើឱ្យកសិករទទួលបានផលប្រយោជន៍ខ្លះដែរ ពីការឡើងថ្លៃនៃតម្លៃស្រូវជាពិសេសប្រភេទស្រូវធម្មជា មិនមែនអង្ករក្រអូប។

បើតាមអ្នកជំនួញលើវិស័យស្រូវអង្ករល្បីឈ្មោះ១រូបបានឱ្យដឹងថា នៅខាងខេត្តតាកែវ ឈ្មួញវៀតណាម បានមកទិញក្នុងតំលៃ១២៥០ រៀលក្នុង១គីឡូក្រាម សម្រាប់ប្រភេទស្រូវធម្មតា។ លោកថា «បើខ្មែរមិនបិទការនាំចេញស្រូវអង្ករ(ប្រភេទមិនក្រអូប)នោះគឺជាហានិភ័យរបស់យើង ព្រោះអង្ករប្រភេទមិនក្រអូបគឺជាតម្រូវការរបស់ប្រជាជនមានជីវភាពមធ្យម និងក្រោមមធ្យម ពិសេសគឺកម្មករ»។

ក្រៅពីតម្លៃស្រូវខាងលើកសិករនៅស្រុកបាទីខេត្តតាកែវកត់សម្គាល់ឃើញថា «កសិករនៅក្នុងភូមិឃុំរបស់ខ្ញុំ ដែលដាំដុះស្រូវប្រភេទអ៊ីអ៊ែរ ដែលជាប្រភេទស្រូវ ដាំក្នុងក្នុងរយៈពេលខ្លីក៏មានការកើនឡើងថ្លៃខ្លាំងផងដែរ ដោយកន្លងមក មានតម្លៃត្រឹមតែចន្លោះពី៨០០រៀលទៅ១០០០រៀលប៉ុណ្ណោះ ប៉ុន្តែនៅឆ្នាំនេះ បានឡើងថ្លៃពី១០០០រៀលទៅ១២០០រៀលក្នុងមួយគីឡូក្រាម។ កតម្លៃកើនឡើងបែបនេះ កសិករផលិតស្រូវសប្បាយចិត្ត និងបង្កើនផលិតស្រូវអ៊ីអ៊ែរនេះបន្ថែមទៀតផងដែរ។ ការឡើងថ្លៃស្រូវនេះធ្វើឱ្យកសិករសប្បាយចិត្តដែលលក់ស្រូវបានថ្លៃ។ ប៉ុន្តែយ៉ាងណាមិញ តម្លៃអង្ករអាចនឹងឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់»។

យោងតាម តម្លៃស្រូវសើមនៅតាមបណ្តាខេត្តមួយចំនួនដែលបង្ហាញដោយសហព័ន្ធស្រូវអង្ករកម្ពុជា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅខេត្តកំពង់ធំ(ស្រុកស្ទឹងសែន និងកំពង់ស្វាយ)តម្លៃស្រូវប្រភេទអូអឹម មានតម្លៃ ១០៦០រៀលក្នុងមួយគីឡូក្រាម ខណៈនៅខេត្តបន្ទាយមានជ័យ (ស្រុកភ្នំស្រុក) ស្រូវប្រភេទនេះមានតម្លៃ១០៥០ និងនៅខេត្តតាកែវ(ស្រុកគិរីវង្ស) មានតម្លៃ១ ១៤៥រៀលក្នុងមួយគីឡូក្រាម។ ដោយឡែកស្រូវសែនក្រអូបវិញ មានតម្លៃ ១ ១៦០រៀលក្នុងមួយគីឡូក្រាម។ រីឯស្រូវ អ៊ីអ៊ែរ មានតម្លៃ១ ១៥៥រៀលក្នុងមួយគីឡូក្រាម ហើយនៅខេត្តតាកែវ និងនៅខេត្តព្រៃវែងមានតម្លៃចន្លោះពី១ ១៣០រៀល ទៅ១ ១៤០ រៀលក្នុងមួយគីឡូក្រាម។

ជុំវិញបញ្ហានេះឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជ រដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម( ARDB ) បានបើកកិច្ចប្រជុំជាមួយសហព័ន្ធស្រូវ-អង្ករកម្ពុជា ម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញអង្ករ ដើម្បីពិភាក្សាអំពីស្ថានភាពនៃវិស័យស្រូវអង្ករ ការនំាចេញអង្ករ និងបញ្ហាប្រឈម នាដើមរដូវនៃការប្រមូលផលឆ្នាំនេះ។

ឯកឧត្តមបណ្ឌិតកៅ ថាច បានសម្តែងការព្រួយបារម្ភចំពោះការកើនឡើងនៃតម្លៃស្រូវនាពេលបច្ចុប្បន្ន ដែលបណ្តាលឱ្យអង្ករឡើងថ្លៃ និងការនាំចេញធ្លាក់ចុះ។ ឯកឧត្តមបណ្ឌិតបន្តថា ធនាគារ ARDB នឹងបន្តតាមដានស្ថានភាពនេះបន្ថែម។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងកសិកម្មកាលពីពេលថ្មីៗនេះ បានឱ្យដឹងថា នៅឆ្នាំ២០២៣នេះ តម្លៃស្រូវនៅទីវាល ជាពិសេសប្រភេទពូជស្រូវប្រាំង IR និង OM មានតម្លៃខ្ពស់មិនធ្លាប់ មាននៅក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ។ ប៉ុន្តែតម្លៃស្រូវសែនក្រអូបមិនសូវមានការប្រែប្រួលទេ ក្នុងរយៈ ពេលបីឆ្នាំចុងក្រោយនេះ ដោយជាមធ្យម មានតម្លៃចន្លោះពី ១០០០-១២៦០រៀល/គ.ក្រ៕

អត្ថបទដែលជាប់ទាក់ទង