ពិធីមង្គលការមួយ បានក្លាយជាពិធីរងគ្រោះយ៉ាងធ្ងន់ធ្ងរ ខណៈមានគ្រូបង្រៀនម្នាក់បើករថយន្តទាំងខ្លួនស្រវឹងស្រាបុកកូនក្រមុំនិងភ្ញៀវឲ្យរងរបួសជាច្រើននាក់

 

សៀមរាប៖ ពិធីមង្គលការមួយ បានក្លាយជាពិធីរងគ្រោះយ៉ាងធ្ងន់ធ្ងរ ខណៈមានគ្រូបង្រៀនម្នាក់បើករថយន្តទាំងខ្លួនស្រវឹងស្រា ជាន់ហ្គែរច្រឡំថាជាហ្រ្វាំង បានជ្រុលទៅបុកកូនក្រមុំកំពុងឈរទទួលភ្ញៀវពីមុខរោងការអូសចូលទៅដល់ក្នុងរោងបណ្តាលឲ្យមនុស្សចំនួន៥នាក់រងរបួសធ្ងន់ស្រាយ។ ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅរសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣នេះនៅភូមិជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប។

បើតាមប្រភពបានឲ្យដឹងថា អ្នកបើករថយន្តបង្ក គឺជាគ្រូបង្រៀនម្នាក់ហើយក៏ជាភ្ញៀវកិត្តិយសក្នុងកម្មវិធីមង្គលការខាងលើនេះ ខណៈបន្ទាប់ពីគាត់បានចូលរួមហូបចុករួចរាល់ ក៏បានឡើងរថយន្តបម្រុងបើកចេញ ប៉ុន្តែដោយសារគាត់ស្រវឹងស្រាក៏បានជាន់ហ្គែ ច្រឡំថាជាហ្វ្រាំង ក៏បានជ្រុលទៅបុកកូនក្រមុំជាជនបរទេស ដែលកំពុងឈរទទួលភ្ញៀវមុខរោងការទាំងកំរោល អូសចូលដល់ខាងក្នុងរោងការបណ្តាលឲ្យកូនក្រមុំរបួសធ្ងន់ និងបានបណ្ដាលឲ្យភ្ញៀវផ្សេងទៀតរងរបួសផងដែរ។

ប្រភពបន្តថា ជនបង្កជាគ្រូបង្រៀនត្រូវបានភ្ញៀវផ្សេងទៀតជួយអន្តរាគមន៍ចាប់ប្រគល់ឱ្យសមត្ថកិច្ចចំណែកជនរងគ្រោះជាកូនក្រមុំ និងអ្នកផ្សេងទៀតត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែក។

ប្រភពបន្តថា បច្ចុប្បន្នជនបង្កជាម្ចាស់រថយន្តត្រូវបានសមត្ថកិច្ចយកទៅសួរនាំនូវប៉ុស្តិ៍នគរបាល ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង