ចាប់ខ្លួនជនសង្ស័យ៣នាក់រឹបអូសបានគ្រឿងញៀនជាង១០២គីឡូក្រាម


ភ្នំពេញ៖ មន្ទីរប្រឆាំងគ្រឿងញៀនបានចុះបង្កា្របករណីគ្រឿងញៀនចំនួន ២ទីតាំងក្នុងខណ្ឌសែនសុខ និងខណ្ឌចំការមន ដោយឃាត់ខ្លួនជនសង្ស័យជនជាតិចិនម្នាក់ និងជនជាតិខ្មែរចំនួន២នាក់ដោយរឹបអូសបានសារធាតុញៀនសរុបចំនួន១០២គីឡូក្រាម ៣៥២,២៧ក្រាម កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣។

សារធាតុញៀនដែលមន្ទីរប្រឆាំងគ្រឿងញៀនចុះបង្រ្កាបបានមានចំនួន ២ទីតាំង ដោយទីតាំងទី១ នៅចំណុចមុខសណ្ឋគារជែឡឹកហ៊យាន ជាន់ទី៧ បន្ទប់លេខប៊ី៧១១ ផ្លូវលេខ៣៤៥ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ ភេទស្រី ជនជាតិចិន ចាប់យកវត្ថុតាង សារធាតុញៀនទម្ងន់សរុប ១០២គីឡូក្រាម និង៣៥២,២៧ក្រាម។
ចំណែកនៅទីតាំងទី២ នៅចំណុចតាមផ្លូវលេខ៥០៨ កែង៩៧ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ភេទប្រុស ជនជាតិខ្មែរ។

មន្ទីរប្រឆាំងគ្រឿងញៀន បានលើកឡើងថា ការចុះផ្សាយវីដេអូអំពីសកម្មភាពសមត្ថកិច្ចចុះប្រតិបត្តិការបង្រ្កាបគ្រឿងញៀនយកទៅបង្ហោះជាសាធារណៈភ្លាមៗ គឺបានធ្វើឱ្យប៉ះពាល់ដល់កិច្ចប្រតិបត្តិការបង្ក្រាបពោលធ្វើឱ្យបែកព័ត៌មានសម្ងាត់ដល់មេក្លោង និងមុខសញ្ញាបានដឹងខ្លួនរត់គេចខ្លួនបាត់។

មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនសំណូមពរដល់សារធារណជន និងសារព័ត៌មានមួយចំនួន សុំអនុញ្ញាតពីអង្គភាពជំនាញផ្ទាល់ មុនធ្វើការចុះផ្សាយតាមបណ្តាញសង្គម និងប្រើប្រាស់ខ្លឹមសារឱ្យបានត្រឹមត្រូវតាមវិជ្ជាជីវៈសារព័ត៌មាន។

មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនអរគុណចំពោះសាធារណជនដែលបានចូលរួមកែលំអរដល់កងកម្លាំង និងសហការផ្ដល់ព័ត៌មាន រួមគ្នាប្រឆាំងបទល្មើសគ្រឿងញៀន ដែលនេះជាស្មារតីដ៏ប្រពៃ ក្នុងការអនុវត្តន៍ទិសស្លោក «៣កុំ ១រាយការណ៍»

អត្ថបទដែលជាប់ទាក់ទង