កម្ពុជា និងថៃ ត្រៀមខ្លួនរួចជាស្រេចដើម្បីឆ្លើយតបគ្រោះអាសន្ននាពេលខាងមុខ សម្រាប់ជួយសង្គ្រោះប្រជាពលរដ្ឋដែលបានជួបឧបទ្ទវហេតុដោយគ្រោះធម្មជាតិ និងមនុស្សបង្កឡើងឱ្យកាន់តែមានប្រសិទ្ធភាព


ភ្នំពេញ៖ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រោះមហន្តរាយ (គ.ជ.គ.ម) ឯកឧត្តម គីម វីរៈ ស្នើដល់ភាគីថៃឱ្យបន្តកិច្ចសហប្រតិបត្តិការឲ្យកាន់ស៊ីជម្រៅបន្ថែម និងចេះជួយគ្នាក្នុងគ្រាអាសន្ន ឬមានឧបទ្ទវហេតុដោយគ្រោះធម្មជាតិនិងមនុស្សបង្កឡើង។

ឯកឧត្តម គីម វីរៈ ថ្លែងដូចនេះក្នុងជំនួបសម្តែងការគួរសមនិងពិភាក្សាការងារ ជាមួយគណៈប្រតិភូក្រុមការងារកងទ័ពជើងគោកភូមិន្ទថៃ ដឹកនាំដោយឧត្តមសេនីយ៏ឯក ភីផាត ជោវ៉ាតានាភីសា (PHIPAT JONGWATTANAPAISAL)និង អង្គភាពកិច្ចការសាធារណនៃកងទ័ពជើងគោកភូមិន្ទថៃ ដើម្បីសិក្សាស្វែងយល់ពីគ្នា និងផ្តល់បទ ពិសោធន៏រវាងប្រទេសទាំងពីរ កម្ពុជា-ថៃ កាលពីរសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣។

ជាមួយគ្នានោះ ឯកឧត្តម គីម វីរៈ បានឱ្យដឹងថា គណៈកម្មាធិការជាតិគ្រប់គ្រោះមហន្តរាយបានពង្រឹងលទ្ធភាព ក្នុងការឆ្លើយតបសង្គ្រោះបន្ទាន់ និងស្តារឡើងវិញ ក្នុងហេតុការណ៍គ្រោះមហន្តរាយ ក្រោមកិច្ចសហប្រតិ បត្តិការជាមួយកងប្រតិបត្តិការរុករក និងសង្គ្រោះទាំង១៦កង ប្រព័ន្ធស្បៀងបម្រុងកម្ពុជា កាកបាទក្រហមកម្ពុជា និងអង្គការដៃគូ។

ឯកឧត្តម គីម វីរៈ ក៏បានស្នើឲ្យមានការសហការនិងបន្តនៃកិច្ចសហប្រតិបត្តិការក្នុងការ ទំនាក់ទំនងប្រទេសជាមិត្ត កម្ពុជាថៃ កាន់ជិតស្និទ្ធក៏ដូចកងទ័ពនិងកងទ័ព ប្រជាជននិងប្រជាជន ដែលជិតភូមិផងរបងតែមួយ ឲ្យកាន់ស៊ីជម្រៅបន្ថែមទៀត និងចេះជួយគ្នាក្នុងគ្រាអាសន្ន ឬ ក៏មានឧបទ្ទវហេតុដោយគ្រោះធម្មជាតិនិងមនុស្សបង្កឡើង ដូចជាកន្លងទៅ ដោយមានគ្រោះអគ្កិភ័យ ឆេះអគារកាស៊ីណូមួយកើតឡើងនៅតំបន់ប៉ោយប៉ែត គឺបានកម្លាំងចម្រុះចុះអន្តរាគមន៏ រួមទាំងមន្រ្តី ថ្នាក់ជាតិបញ្ជានិងសម្របសម្រួលផ្ទាល់។

ភាគីទាំងពីរបាន សម្តែងនូវការគាំទ្រនិងត្រៀមខ្លួនរួចជាស្រេច ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី តាមរយៈ ការរៀបចំអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីការផ្តល់ជំនួយសង្គ្រោះគ្រោះមហន្តរាយ,ការត្រៀមបង្ការ ពហុមុខសញ្ញាគ្រោះថ្នាក់, ការកាត់បន្ថយ និងប្រតិបត្តិការឆ្លើយតបគ្រោះអាសន្ននាពេលខាងមុខ។

ជាមួយគ្នានេះ លោក ភីផាត ជោវ៉ាតានាភីសា (PHIPAT JONGWATTANAPAISAL) បានបញ្ជាក់ថា ភាគីថៃក៏បានសម្តែងនូវឆន្ទៈ ក្នុងកាយវិការយ៉ាងជិតស្និទ្ធជាមួយភាគីកម្ពុជា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នា សម្រាប់ភាពធន់នឹងគ្រោះមហន្តរាយឆ្លងដែន តាមកិច្ចព្រមព្រៀង អាស៊ានស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ និងការឆ្លើយតបសង្គ្រោះបន្ទាន់ (អាត់ម៉ែ) និងកម្មវិធី ងារអាត់ប៊ែរ ឆ្នាំ២០២១-២០២៥។

ទន្ទឹមគ្នានោះ ភាគីទាំងពីរបានគូសបញ្ជាក់ថា កម្ពុជា និង ថៃត្រៀមខ្លួនរួចជាស្រេច ដើម្បីឆ្លើយតបគ្រោះអាសន្ននាពេលខាងមុខ សម្រាប់ជួយ សង្គ្រោះប្រជាពលរដ្ឋដែលបានជួបឧបទ្ទវហេតុដោយគ្រោះធម្មជាតិ និងមនុស្សបង្កឡើង ឱ្យកាន់តែមានប្រសិទ្ធភាព៕

អត្ថបទដែលជាប់ទាក់ទង