ធ្ងន់កហើយ ពេលនេះ មិនត្រឹមតែមានអ្នកសិល្បះមួយចំនួនចេញមុខមកខ្វាយខ្វល់ប៉ុណ្ណោះទេ សូម្បីប្រធានសមាគមសិល្បករខ្មែរក៏បានប្រកូកប្រកាសទុករយៈពេល២៤ម៉ោងដល់បុរសក្លាហានម្នាក់ប្រើពាក្យសម្ដីជេរប្រមាថប្រទេចអ្នកម្រៀង ស៊ឹម ថៃណា ឱ្យចេញមកសុំទោសនៅចំពោះមុខហើយ!

ភ្នំពេញ ជាការពិតមិត្រឹមតែមានក្រុមអ្នកសិល្បះចេញមុខជួយឈឺឆ្អាលខ្វល់ខ្វាយជាមួយអ្នកចម្រៀង ស៊ឹម ថៃណា ដែលរងនូវការប្រមាថកាតទានមើលងាយមើលថោកជេរបញ្ចោប្រទេចដល់លើរូលអ្នកនាងតែប៉ុណ្ណោះទេ សូម្បីតែ អ្នកនាង ចន ច័ន្ទលក្ខិណា ដែលគេដឹងថា អ្នកនាងជាប្រធានសមាគមសិល្បករខ្មែរក៏បានចេញមុខមកប្រកូកប្រកាសពាក់ព័ន្ធករណីបុរសម្នាក់បានចូលក្នុងហាងផឹកស៊ីមួយកន្លែង ហើយបានប្រើប្រាស់ពាក្យសម្ដីជេរប្រទេច ប្រមាថមិនសមរម្យដាក់អ្នកចម្រៀង ស៊ឹម ថៃណា កាលពីយប់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣ កន្លងទៅនេះ ដើម្បីឲ្យចេញមុខមកទទួលស្គាល់កំហុស និងសុំទោសនៅចំពោះមុខនូវទង្វើអសីលធម៌ ដែលបានប្រើពាក្យមើលងាយដល់អ្នកសិល្បៈ និងមើលងាយដល់ស្ត្រីខ្មែរ ពីសំណាក់សកម្មភាពរបស់ខ្លួនពេលស្រវឹង។

នៅលើបណ្ដាញសង្គមផ្លូវការរបស់ខ្លូនរបស់អ្នកនាង ចន ច័ន្ទលក្ខិណា បានឲ្យដឹងនៅថ្ងៃនេះថា «មកដល់ម៉ោងនេះហើយ ជនដែលជេរប្រមាថប្អូនស្រី ស៊ឹម ថៃណា នៅមិនទាន់ទាក់ទងមកសួររឿងហេតុ ហើយ មិនអើពើនឹងការមកសុំទោសប្អូនស្រីនៅចំពោះមុខទេ ដូច្នេះក្នុងនាមនាងខ្ញុំជាប្រធានសមាគមសិល្បករខ្មែរ ខ្ញុំសូមប្រកាសទុកពេលឲ្យបុគ្គលនោះរយៈពេល ២៤ម៉ោង, ចាប់ពីម៉ោង ២រសៀលនេះរហូតដល់ម៉ោង ២រសៀលថ្ងៃស្អែក បើជននោះនៅមិនអើពើទៀត នាងខ្ញុំ និងប្អូនស្រី ស៊ឹម ថៃណា និងស្នើទៅម្ចាស់ភោជនីយដ្ឋាន ដើម្បីសុំយករូបជននោះពី Camera សុវត្ថិភាពមកបង្ហាញមុខជាសាធារណៈ!»

ទាក់ទងទៅនឹងការចាត់វិធានការតាមផ្លូវច្បាប់អ្នកនាង ចន ច័ន្ទលក្ខិណា​ នឹងនាំអ្នកចម្រៀង ស៊ឹម ថៃណា ដើម្បីទៅជួបជាមួយនឹងលោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី​ដើម្បីស្នើសុំជំនួយផ្នែកច្បាប់ ស្វែងរកយុត្តិធម៌ជូនដល់តារាចម្រៀង ស៊ឹម ថៃណា ដែលជាជនរងគ្រោះ។

ទាក់ទិននឹងរឿងរ៉ាវខាងលើនោះ តារាចម្រៀងលោក ម៉ៃ សុគន្ធ ក៏បានបង្ហោះសារលើបណ្ដាញសង្គមហ្វេសប៊ុកថា អ្នកធ្វើការនៅពេលរាត្រី មិនមែនជា សំផឹងទាំងអស់ទេ ត្រូវចាំ អ្នកប្រមាថ ប្អូនស្រីខ្ញុំដល់កហើយ ដឹងទេថា អាថៃណា បើវា ចេះ បែបហ្នឹងវាមានបានក្លាយជាសេដ្ឋីនីយូរហើយ កាលជំនាន់ក្រុមហាយរ៉ុក នាងល្បីណាស់ មិនខ្វះទេ តាតា អ្នកមានទ្រព្យសុំជួយ យកធ្វើជាស្រីកំណាន់។

លោក ម៉ៃ សុគន្ធ បានអះអាងថា ខ្ញំច្បាស់ណាស់ព្រោះការរាប់អានរបស់ពួកខ្ញុំដូចបងប្អូន ទោះរឿងលុយកាក់គឺជួយគ្នាមិនមែន រាល់ថ្ងៃ នៅផ្ទះជួល ប្រើឡានបង់រំលោះទេ តែបង់ចប់ហើយ  តែនាងបេះដូងនាង ស្រឡាញ់កិត្តិយស ស្រឡាញ់វង្សត្រកូល ក្រុមគ្រួសារ ជាពិសេសការស្រឡាញ់របស់នាង គឺប្រើបេះដូង នាងអត់ស្រឡាញ់ចាស់ទេ ចាស់អត់ត្រូវគីឡូនាងទេ (និយាយលេងសើច) សូមអោយ តំលៃលើ អ្នកធ្វើការពេលរាត្រីផង និង អ្នកប្រព្រឹត្តិ ត្រូវសុំទោសនាងជាសាធារណៈ។

ដោយឡែកនៅលើបណ្ដាញសង្គមហ្វេសប៊ុកឧកញ៉ា ហេង ឡុង ក៏បានបង្ហោះសារយ៉ាងនេះដែរថា រាត្រីថ្ងៃអាទិត្យកន្លងទៅនេះ តារាចម្រៀង ស៊ឹម ថៃណា ត្រូវបានបុរសម្នាក់ជេរប្រទេច ខណៈដែលគាត់កំពុងតែបំពេញការងារ (ច្រៀង) នៅឯភោជនីយដ្ឋានមួយកន្លែង។ សាមុីខ្លួនសំណូមពរឱ្យបុគ្គលរូបនោះចេញមកសុំទោសជាសាធារណៈដើម្បីបញ្ចប់ទង្វើមាក់ងាយស្ត្រីដែលបំពេញការងារពេលយប់ ទោះអាជីពណាក៏ដោយ និងជាគំរូល្អដល់បុគ្គលដទៃទៀត។ខ្ញុំបាទសូមគាំទ្រ។

ចំណែកនៅលើបណ្ដាញសង្គមរបស់លោកស្រី  Yuk Thet Rothadrdd ក៏បានលើកឡើងដែរថា សម្លាញ់អើយ ឯងឃើញទឹកភ្នែកសម្លាញ់ហូរដោយភាពបរិសុទ្ធ ស៊ឹម ថៃណា គ្នាអាណិតឯងត្រង់អត់មានឳពុកម្តាយនឹងគេហើយ ត្រូវគេនិយាយចេញមកមើលងាយទៀត មិត្តអើយ  តែឯងចង់ប្រាប់ទៅសម្លាញ់ថា រឿងជីវិតរបស់មនុស្សយើងគ្រប់គ្នាគឺវាបែបនេះឯងហើយគ្នាចង់ឲ្យសម្លាញ់ត្រូវតែជំនះប្រឹងតស៊ូលើជីវិតមួយនេះឲ្យបាន បើទោះជាមានពេលខ្លះត្រូវជួបរឿងរ៉ាវនឹងឧបសគ្គដ៏ច្រើនយ៉ាងណាក៏ដោយកុំបណ្តោយឲ្យឧបសគ្គទាំងនោះវាឈ្នះយើងជូតទឹកភ្នែកចេញហើយប្រាប់ខ្លួនឯងថា ខ្ញុំមិនចុះចាញ់ទេ! ខ្ញុំត្រូវតែស៊ូបន្តទៀតកុំអោយសម្ដីឬទង្វើរបស់មនុស្សមួយចំនួនដែលបានគិតមិនល្អមកលើយើងនឹងមើលងាយយើងវាបានចិត្តហើយគិតតែពីជាន់ពន្លិចយើងថែមទៀត!  អញ្ចឹងយើងត្រូវតែធ្វើចិត្តឲ្យសប្បាយៗឲ្យបានច្រើនហើយប្រឹងរកសុីនឹងប្រកបការងារឲ្យច្រើនណាមិត្តសម្លាញ់ ហើយហាមកើតឌីហ្វេសសិនណាមិត្ត ពួកយើងនឹងនៅជិត នឹងចាំផ្តល់កម្លាំងចិត្តឲ្យឯងរហូតណា។

គូសបញ្ជាក់ថា អ្នកចម្រៀង ស៊ឹម ថៃណា ត្រូវបានបុរសម្នាក់ដែលនាងមិនធ្លាប់ស្គាល់សោះ បានផឹកស៊ីស្រវឹងនៅក្នុងហាងដែលនាងច្រៀងកាលពីយប់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣ បានប្រើពាក្យជេរប្រមាថ ហាក់បីដូចជានាង ជាស្រីខូច ឬស្រីលក់ខ្លួន នៅពេលដែលរូបនាងត្រូវបានអ្នកស្គាល់គ្នាអញ្ជើញឲ្យទៅអង្គុយកំដរក្បែរនោះ។ ភ្លាមៗនោះ អ្នកចម្រៀង ស៊ឹម ថៃណា ក៏បានឈ្លោះតបវិញដែរ ហើយក៏ដើរចេញ ព្រោះដោយមើលឃើញថា បុរសម្នាក់នោះស្រវឹងខ្លាំងហើយ។

ក្រោយកើតហេតុ១ថ្ងៃ អ្នកចម្រៀង ស៊ឹម ថៃណា បានបញ្ចេញវីដេអូដោយបានរៀបរាប់ទាំងទឹកផ្នែកហូរជោគថ្ពាល់ ពីការកើតទុក្ខមិនសុខចិត្ត ព្រោះតែទង្វើមិនគប្បីរបស់បុរសខាងលើ ដែលធ្វើឲ្យនាងឈឺចាប់បំផុតក្នុងជីវិត ដែលសូម្បីតែម្ដាយឲ្យរបស់នាង ក៏មិនដែលប្រើពាក្យបែបនេះដាក់នាងឡើយ។

ដើម្បីការពារដល់អ្នកសិល្បៈ និងដល់តម្លៃស្រ្តីខ្មែរផងនោះ ប្រធានសមាគមសិល្បករខ្មែរអ្នកនាង ចន ច័ន្ទលក្ខិណា បានប្រកាសជាសាធារណៈនៅថ្ងៃនេះ ដើម្បីឲ្យបុរសម្នាក់នោះចេញមកទទួលខុសត្រូវ នូវទង្វើរបស់ខ្លួន បើពុំដូច្នោះទេនឹងមានវិធានការតាមផ្លូវច្បាប់ជាធរមាន៕

អត្ថបទដែលជាប់ទាក់ទង