ព្រះសង្ឃជាច្រើនអង្គរងរបួសធ្ងន់និងស្រាល ខណៈត្រូវដឹកដីឥដ្ឋបុកពេញទំហឹងនៅលើផ្លូវជាតិលេខ៥៦

បន្ទាយមានជ័យ៖ យ៉ាងហោចណាស់មានព្រះសង្ឃជាច្រើនអង្គបានរងរបួសធ្ងន់ និងស្រាល ខណៈជិះរថយន្តចេញមកពីដាំកូនឈើនៅវត្តភ្នំព្រះ ក៏បានជួបគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកជាមួយរថយន្ត នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ នៅលើផ្លូវជាតិលេខ៥៦ មុខសាលាបឋមសិក្សា ហ៊ុន សែន ឯកភាព ស្ថិតក្នុងភូមិឯកភាព ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

បើតាមប្រភពពីមន្ត្រីនគរបាលចរាចរណ៍បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុមាន រថយន្តម៉ាកម៉ាហីណូ គ្មានស្លាកលេខ ដឹកដីឥដ្ឋ០១គ្រឿង បើកបរដោយឈ្មោះ យ៉ាំ ធន ភេទប្រុស អាយុ២០ឆ្នាំ រស់នៅខេត្តកំពង់ធំ បើកក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿន លុះបើកមកដល់ចំណុចកើតហេតុស្រាប់តែជួបជាមួយគោយន្ត ហើយបានបួងចង្កួតមកឆ្វេង ក៏បានជ្រុលទៅបុកនិងរថយន្តម៉ាក Ford ពាក់ស្លាកលេខ 2G -6000 បន្ទាយមានជ័យ មានដឹកព្រះសង្ឃជាច្រើនអង្គ បើកចេញមកពីដាំកូនឈើ និងមើលកិច្ចការនៅវត្តធម្មាលង្ការាមភ្នំព្រះពេញទំហឹង បន្តទៅបុកនិងបង្គោលភ្លើងរដ្ឋ១ដើមទៀត ទើបទៅមុខលែងរួច ចំណែកព្រះសង្ឃ បានរងរបួសធ្ងន់ និងស្រាលចំនួន៦អង្គ។

ប្រភពដដែលបានឲ្យដឹងបន្តទៀតថា ក្រោយពេលកើតហេតុ ព្រះសង្ឃដែលរងរបួសនោះ ត្រូវបានព្រះភិក្ខុ ធម្មាលង្ការោ ចាន់ សុជន ព្រះគ្រូចៅអធិការវត្តកណ្តាលខ្ចាស់ ដឹកយកមកសង្គ្រោះនៅគ្លីនិកនាគព័ន្ធ ស្ថិតនៅខាងត្បូងរង្វង់មូលស្រីគ្រប់លក្ខណ៍ ស្ថិកក្នុងភូមិគោរដ្ឋាន សង្កាក់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ចំណែករថយន្តបង្ក និងអ្នកបើកបរ មន្ត្រីនគរបាលចរាចរណ៍ឃាត់ទុករងចាំដោះស្រាយនៅពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង