មានប្រជាជនចំនួន១៥៩នាក់បានចាញ់បោកជនខិលខូចទៀតហើយ ខណៈប៉ូលិសខេត្តសៀមរាបក្របួចចាប់ឃាត់ខ្លួនបក្ខពួកជនសង្ស័យបាន២នាក់បញ្ជូនទៅតុលាការ

សៀមរាប៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលស្នងការដ្ឋាននគរបាលខេត្តសៀមរាប សហការជាមួយកម្លាំងនគរបាលស្រុកស្វាយលើ ធ្វើការស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធករណីឆបោកពលរដ្ឋឲ្យដាក់លុយទិញវត្ថុបុរាណ អថ័នសំរឹទ្ធ ចំនួន០២ឃុំ ស្មើនឹង០៩ភូមិ ប្រជាពលរដ្ឋដែលបានចាញ់បោក មានចំនួនសរុប១៥៩នាក់។

បើតាមលោកវរសេនីយ៍ឯក នួន ស័ក្ដិចំរើនរិទ្ធ ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងនៅព្រឹកថ្ងៃទី០៩ ខែសីហានេះថា ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប និងមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ដឹកនាំការស្រាវជ្រាវបង្ក្រាបដោយលោកផ្ទាល់ ឈានដល់ឃាត់ខ្លួនជនស្ស័យចំនួន២នាក់ ពាក់ព័ន្ធករណីឆបោក (ដាក់លុយទិញវត្ថុបូរាណ អថ័នសំរឹទ្ធ) នៅស្រុកស្វាយលើ។

លោក នួន ស័ក្ដិចំរើនរិទ្ធ បន្តថា នៅក្នុងប្រតិបត្តិការនោះកម្លាំងនគរបាលជំនាញ បានឃាត់ជនសង្ស័យចំនួន០២នាក់ រួមមាន៖មាន ១.ឈ្មោះ ទេព សុវណ្ណ ភេទប្រុស អាយុ៥២ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិព្រែកលាប សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និង២.ឈ្មោះ ចុត វេក ភេទប្រុស អាយុ៥៥ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិជប់លើ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ពាក់ព័ន្ធករណីឆបោក (ដាក់លុយទិញវត្ថុបូរាណ អថ័នសំរឹទ្ធ) កើតហេតុចន្លោះពីថ្ងៃទី១៨ ខែកក្កដា ដល់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ នៅចំណុចស្រុកស្វាយលើ ខេត្តសៀមរាប។

លោកស្នងការរងរូបនេះបន្ថែមថា នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ ឈ្មោះ ទេព សុវណ្ណ ភេទប្រុស និងឈ្មោះ ចុត វេក ភេទប្រុស បានចុះមកផ្សព្វផ្សាយនៅក្នុងទឹកដីស្រុកស្វាយលើ ខេត្តសៀមរាប ដល់ប្រជាពលរដ្ឋរស់នៅក្នុងទឹកដីស្រុកស្វាយលើថា មានក្រុមហ៊ុន វត្ថុបុរាណ ថ្មសំរិទ្ធ ត្រូវការប្រាក់រៀបអសះនះ ដើម្បីយក អថ័នសំរិទ្ធ មកលក់ដោយតម្រូវឲ្យប្រជាពលរដ្ឋដាក់ប្រាក់ចំនួន៥០០០០រៀល និងបានប្រាក់ចំណេញមកវិញចំនួន ៥០០០០ដុល្លារអាមេរិក។ រហូតដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ ឈ្មោះ ទេព សុវណ្ណ និងឈ្មោះ ចុត វេក ចាប់ផ្តើមប្រមូលប្រាក់ពីប្រជាពលរដ្ឋ ដោយបានបែងចែកជាក្រុម ដើម្បីប្រមូលក្នុងឃុំស្វាយលើមានចំនួន០៦នាក់ និងឃុំតាសៀម មានចំនួន០៣នាក់។
ក្នុងនោះមានចំនួន០២ឃុំ ស្មើនឹង៩ភូមិ ប្រជាពលរដ្ឋដែលបានចាញ់បោក មានចំនួនសរុប១៥៩នាក់ ។

លោកស័កិ្ត៥ នួន ស័ក្ដិចំរើនរិទ្ធ បានបញ្ជាក់ថា យោងតាមការស្តាប់បំភ្លឺរបស់ប្រជាពលរដ្ឋ ចំនួន០២នាក់ ១. ឈ្មោះ ព្រៀន ខុន ភេទស្រី អាយុ៦៤ឆ្នាំ ទីលំនៅភូមិបិទផ្កា ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ។ ២. ឈ្មោះ យ៉ាន់ ប៉ុង ភេទប្រុស អាយុ៣៣ឆ្នាំ ទីលំនៅភូមិរលំទូក ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។ និងយោងតាមការស្តាប់ចម្លើយរបស់ជនសង្ស័យ ទាំងពីរនាក់ខាងលើ បានសារភាពពិតជាបានផ្សព្វផ្សាយ និងប្រមូលប្រាក់ពីប្រជាពលរដ្ឋ ក្នុង០១នាក់ បើដាក់ប្រាក់ចំនួន៥ម៉ឺនរៀល និងបានប្រាក់ចំណេញមកវិញចំនួន៥ម៉ឺនដុល្លារ ២០ម៉ឺនរៀលបានមកវិញ២០ម៉ឺនដុល្លារអាមេរិក ពិតប្រាកដមែន។

ទន្ទឹមគ្នានោះ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាបបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្តសៀមរាប ឬបងប្អូនប្រជាពលរដ្ឋរទាំងអស់ សូមកុំចាញ់បោកលើរូបភាពឆបោក ពីសំណាក់ជនខិលខូច សូមប្រុងប្រយ័ត្នខ្ពស់ ជៀសវាងធ្លាក់ចូលក្នុងឧបាយកលជនបោកប្រាស់ ដូចក្នុងករណីនេះ។

គួរជម្រាបថា បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចំណាត់ការតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង