ចិនកំពុងផ្ដោតទៅលើការអភិវឌ្ឍន៍វិស័យពិការភាពបណ្ដាប្រទេសនៅតាមដងទន្លេមេគង្គ

រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុនីតិសម្បទា និងជាអគ្គលេខាធិការនៃក្រុមប្រឹក្សាសកម្មភាពជនពិការ ឯកឧត្តម ឯម ច័ន្ទមករា បានទទួលជួបជាមួយប្រតិភូប្រទេសចិន ដែលជាតំណាងរបស់សហព័ន្ធជនពិការប្រទេសចិន(CDPF) ស្តីអំពីការផ្ដល់ជូនឧបករណ៍ជំនួយជនមានពិការភាពដល់ប្រទេសកម្ពុជា។

ក្នុងជំនួបនាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ នេះ ឯកឧត្តម ឯម ច័ន្ទមករា បានពិភាក្សាការងារជាមួយប្រតិភូចិន ស្ដីអំពីការផ្ដល់ជូនឧបករណ៍ជំនួយជនមានពិការភាពដល់ប្រទេសកម្ពុជា និងការសហការលើការអនុវត្ត គម្រោងអភិវឌ្ឍន៍សេវាកម្មឧបករណ៍ជំនួយ ព្រមទាំងការបញ្ជូនមន្រ្តីរបស់ក្រុមប្រឹក្សាសកម្មភាពជនពិការ ទៅចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពីសេវាកម្មឧបករណ៍ជំនួយនៅប្រទេសចិន។

ថ្លែងក្នុងជំនួបនេះ ប្រតិភូចិនបានលើកឡើងថា បច្ចុប្បន្នរាជរដ្ឋាភិបាលចិនកំពុងផ្ដោតទៅលើការអភិវឌ្ឍន៍វិស័យពិការភាព ទាំងក្នុងប្រទេស និងបណ្ដាប្រទេសនៅតាមដងទន្លេមេគង្គ ដើម្បីពង្រឹងគុណភាពជីវិតរបស់ជនមានពិការភាព ជាពិសេសជនមានពិការភាពក្រីក្រ និង មានបំណងពង្រឹងមិត្តភាពជាមួយប្រទេសតាមដងទន្លេមេគង្គ តាមរយៈការសហការអនុវត្តគម្រោងអភិវឌ្ឍន៍សេវាកម្មឧបករណ៍ជំនួយផងដែរ។

ជាមួយគ្នានេះ ប្រតិភូចិនសំណូមពរក្រុមប្រឹក្សាសកម្មភាពជនពិការឱ្យផ្សព្វផ្សាយទូលំទូលាយអំពី គម្រោងអភិវឌ្ឍន៍សេវាកម្មឧបករណ៍ជំនួយ និង រៀបចំកម្មវិធីប្រគល់ជូនឧបករណ៍រណប ព្រមទាំងរៀបចំរបាយការណ៍ស្ដីពីជនមានពិការភាពដែលទទួលបានឧបករណ៍ជំនួយផងដែរ។

ប្រតិភូចិនសង្ឃឹមថា ឧបករណ៍រណបដែលផ្ដល់មកកម្ពុជានឹងបានជាប្រយោជន៍ដល់កុមារពិការ ជនពិការក្រីក្រ និងជនពិការនៅតាមតំបន់ដាច់ស្រយាល និង សង្ឃឹមផងដែរថាគម្រោងនេះប្រកបដោយនិរន្តភាព។

ទន្ទឹមនោះ ប្រតិភូចិនបានសម្ដែងនូវការអរគុណដល់ក្រុមប្រឹក្សាសកម្មភាពជនពិការដែលបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅ និងលើកឡើងអំពីចំណងមិត្តភាពរវាងប្រទេសកម្ពុជា និងចិនដោយគិតត្រឹមឆ្នាំ ២០២៣ នេះមានគម្រប់ខួប៦៥ឆ្នាំ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ឯម ច័ន្ទមករា ក៏បានផ្តល់ជាយោបល់ថា ដោយសារប្រតិភូចិននឹងត្រលប់មកប្រទេសកម្ពុជាម្ដងទៀតនៅខែវិច្ឆិកា ឆ្នាំ២០២៣ ដូចនេះលោកស្នើឱ្យមានការរៀបចំកម្មវិធីប្រគល់ឧបករណ៍រណបនៅកំឡុងពេលនោះ៕

អត្ថបទដែលជាប់ទាក់ទង