នាយឧត្តមសេនីយ៍ នេត សាវឿន ៖ «ក្នុងនាមកងកម្លាំងត្រូវតែបម្រើ ការពារសុខសុវត្ថិភាព ផ្តល់សេចក្តីសុខជូនប្រជាពលរដ្ឋ ពង្រឹងកិច្ចការសន្តិសុខដោយអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព»

«ក្នុងនាមកងកម្លាំងត្រូវតែបម្រើការពារសុខសុវត្ថិភាព ផ្តល់សេចក្តីសុខជូនប្រជាពលរដ្ឋ ពង្រឹងកិច្ចការសន្តិសុខដោយអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព។ ក្នុងនាមមន្ត្រីនគរបាលជាតិត្រូវផ្លាស់ប្តូឥរិយាបថ និងបម្រើប្រជាពលរដ្ឋដោយលក្ខណៈទន់ភ្លន់ដឹងសុខទុក្ខប្រជាពលរដ្ឋផ្តល់ការទំនាក់ទំនង និងភាពងាយស្រួលជូនពលរដ្ឋ ពិសេសប៉ុស្តិ៍នគរបាលរដ្ឋបាល»។ នេះជាការគូសបញ្ជាក់របស់ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិនៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣នេះ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវអគាររដ្ឋបាលថ្មី របស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ។

ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានបន្ដថា ក្នុងនោះក្នុងនាមគណៈបញ្ជាការឯកភាពខេត្ត ត្រូវដាក់ចេញនូវរបបប្រជុំឲ្យបានទៀងទាត់ ដោយក្នុងនោះស្នងការនគរបាលខេត្ត ត្រូវដើរតួនាទីជាសេនាធិកា ជូនគណៈបញ្ជាការឯកភាពខេត្ត និងលើកយករាល់បញ្ហាផ្សេងដែលកើតមានក្នុងមូលដ្ឋានមកដាក់ក្នុងអង្គប្រជុំ ដើម្បីពិភាក្សាស្វែងរកដំណោះស្រាយ។

ក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានថ្លែងអំណរគុណដល់វត្តមានរបស់ភ្ញៀវកិត្តិយស និងអង្គពិធីទាំងមូល ជាពិសេសវត្តមាននិវត្តន៍ជន ស្នងការនគរបាលគ្រប់រាជធានី-ខេត្ត ក្រុមគ្រួសារនគរបាលទូទាំងប្រទេស លោកឧកញ៉ា អ្នកឧកញ៉ា ដែលបានចូលរួមបរិច្ចាកថវិកាសរុបប្រមាណជិត៨០ម៉ឺនដុល្លារ ក្នុងការស្ថាបនាសមិទ្ធផលនានា នៅក្នុងស្នងការដ្ឋាននគរបាលខេត្តតាកែវ។

ជាមួយគ្នានោះ ឯកឧត្តមនាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិបានគូសបញ្ជាក់ទៀតថា «អ្វីដែលបានធ្វើនេះ គឺជាការអនុវត្តតាមនយោបាយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺនយោបាយចែករំលែកជួយគ្នាទៅវិញទៅមក ដែលជាសក្ខីភាពមួយគាំទ្រដល់នគរបាលជាតិកម្ពុជា។ ឯកឧត្តមនាយឧត្តមសេនីយ៍បន្តថា កន្លែងធ្វើការសមស្របថ្មីស្អាត ការងារក៏ត្រូវតែដើរស្របគ្នា និងពង្រឹងគុណភាពការងារបន្ថែមទៀត ដើម្បីជួយដោះស្រាយ ក៏ដូចជាបម្រើសេវាប្រជាពលរដ្ឋ»។

ក្នុងពិធីសម្ពោធខាងលើ ឯកឧត្តម នេត សាវឿន ក៏បានលើកឡើងពីភាពជោគជ័យកន្លងមកក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល រួមមាន៖ ១.ការប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩ ដែលនាំឲ្យដំណើរការបើកប្រទេសឡើងវិញ បើទោះបីជាជំងឺនេះមិនទាន់បញ្ចប់ការឆ្លងរីករាលដាលទាំងស្រុងក៏ដោយ ប៉ុន្តែបើប្រៀបធៀបជាមួយប្រទេសជិតខាងកម្ពុជា ក្រោមនយោបាយដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ការព្យាបាលជំងឺកូវីដ១៩ ក៏ដូចជាការធ្វើចត្តាឡីស័ក និងការចាក់វ៉ាក់សាំងការពារ គឺមិនមានការគិតគូប្រាក់នោះឡើយ។២.ព្រឹត្តការណ៍កិច្ចប្រជុំធំៗ ដែលក្នុងនោះរួមមាន៖ កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលមានថ្នាក់ដឹកនាំកំពូលមកពីប្រទេសផ្សេងៗចួលរួម, ការប្រកួតកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម កម្ពុជាបានធ្វើយ៉ាងល្អដំណើរការទៅដោយរលូនមិនមានបាតុភាពផ្សេងៗកើតឡើង ក្នុងនោះកម្លាំងសមត្ថកិច្ចបានការពារប្រកបដោយសន្តិសុខ និងសុវត្ថិភាព ពិសេសមានការទទួលស្គាល់ពីថ្នាក់ដឹកនាំផ្សេងៗដែលបានចូលរួម ជាមួយគ្នានោះដែរមិនមានការគិតប្រាក់ទាំងថ្លៃស្នាក់នៅ និងការហូបចុកពីប្រតិភូកីឡា និងកីឡាករ ដែលមកចូលរួមក្នុងការប្រកួតផងដែរ។៣.ជោគជ័យនៃកិច្ចការពារការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ ដែលទើបបញ្ចប់ទៅថ្មីៗនេះ ដោយមានចំនួនអ្នកទៅចូលរួមបោះឆ្នោតប្រមាណ៨៥% និងប្រព្រឹត្តទៅដោយរលូនគ្មានអំពើហឹង្សាកើតឡើង។

ទន្ទឹមគ្នានោះ ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក៏បានប្រាប់អំពីបញ្ហាប្រឈម និងកង្វល់របស់ប្រជាពលរដ្ឋចំនួន៥ចំនុច ដែលក្នុងនាមស្នងការនគរបាលខេត្តតាកែវ ក៏ដូចជាគណៈបញ្ជាការខេត្តត្រូវប្រើប្រាស់កម្លាំងសរុប ក៏ដូចជាមានការចូលរួមពីប្រជាពលរដ្ឋផងដែរ ក្នុងការដោះស្រាយដែលក្នុងនោះរួមមាន ៖

១.បទល្មើសព្រហ្មទណ្ឌ ការលួចឆក់ ប្លន់ក្នុងមូលដ្ឋាន។២.ការប្រើប្រាស់ក៏ដូចជាចរចរណ៍គ្រឿ្ងងញៀនជាពិសេសគឺសារធាតុគីមីផ្សំក្នុងការផលិតគ្រឿងញៀន ដែលអាជ្ញាធរត្រូវតែប្រឹងប្រែងក្នុងការប្រយទ្ធប្រឆាំង។៣.ការបារម្ភពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដែលទាមទារឲ្យមានការចូលរួមយ៉ាងសកម្មពីគ្រប់មជ្ឈដ្ឋាន។៤.ការកែរប្រែអត្តចរិករបស់មន្ត្រីនគរបាលក្នុងមូលដ្ឋាន។ ៥.បញ្ហាការផ្តល់សេវាសាធារណៈ ច្រកចេញចូលតែមួយជូនប្រជាពលរដ្ឋធ្វើយ៉ាងណាឲ្យបានរហ័សទាន់ពេលវេលានូវរាល់ឯកសាផ្សេងៗ ពិសេសមិនត្រូវកោសរូសនោះឡើយ។

ដើម្បីឲ្យស្នងការនគរបាលខេត្តតាកែវបន្តដឹកនាំអង្គភាពទទួលបានជោគជ័យ ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ក៏បានដាក់ចេញការណែនាំចំនួន៤ចំណុចសំខាន់ៗដូចខាងក្រោម៖

ទី១.សូមឲ្យស្នងការនគរបាលខេត្តតាកែវ ត្រូវមានកិច្ចសហការល្អជាមួយអាជ្ញាធរ និងកម្លាំងពាក់ព័ន្ធពាក់ព័ន្ធ។

ទី២.សូមឲ្យស្នងការនគរបាលខេត្ត ត្រូវពង្រឹងវិន័យ របៀបរបបការងារ ពិសេសនគរបាលចរាចរណ៍អនុវត្តនៅលើដងផ្លូវ ត្រូវពង្រឹងសីលធម៌ និងត្រូវមានគុណធម៌។

ទី៣.សូមឲ្យស្នងការនគរបាលខេត្ត ពង្រឹងបន្ថែមដល់មន្ត្រីនគរបាលតាមរយៈការហ្វឹកហាត់ ការរៀនសូត្របណ្តុះបណ្តាលបំប៉នតាមជំនាញបន្ថែមទៀត ដល់មន្ត្រីនគរបាលចរាចរណ៍ អន្តរាគមន៍ និងមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាល ឲ្យមានគុណភាព និងសមត្ថភាព។

ទី៤.សូមឲ្យស្នងការនគរបាលខេត្ត បន្តយកចិត្តទុកដាក់ក្នុងការសរសើរជូនរង្វាន់ដល់មន្ត្រីនគរបាលដែលបានបំពេញតួនាទី និងភារកិច្ចល្អ ទន្ទឹមនោះក៏ត្រូវមានការដាក់ពិន័យផងដែរ ចំពោះមន្ត្រីនគរបាលរូបណា ដែលបានធ្វើខុសវិន័យឲ្យបានធ្ងន់ធ្ងរ ដោយអនុវត្តតាមច្បាប់ឲ្យបានស្មើភាពគ្នាដោយមិនគិតពីសក្កិយស និងឋានៈតួនាទី៕

អត្ថបទដែលជាប់ទាក់ទង