ប្រធានគណបក្សប្រជាជនកម្ពុជាណែនាំរាជរដ្ឋាភិបាលអាណត្តិថ្មីយកចិត្តទុកដាក់លើស្ថេរភាពនយោបាយ សន្តិសុខសង្គម សេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋ
នាយករដ្ឋមន្ដ្រីចាំផ្ទះ និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យរាជរដ្ឋាភិបាលអាណត្តិថ្មី ដែលមានឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីថ្មី ត្រូវយកចិត្តទុកដាក់ទៅលើបញ្ហាសំខាន់ចំនួន៤ រួមមាន៖១.ស្ថេរភាពនយោបាយ ២.សន្តិសុខសង្គម ៣ .សេដ្ឋកិច្ច និង៤.ជីវភាពរបស់ប្រជាពលរដ្ឋ។
ការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ខាងលើនេះ ក្នុងជំនួបរវាងសមាជិករាជរដ្ឋាភិបាលអាណត្តិចាស់ និងរាជរដ្ឋាភិបាលអាណត្តិថ្មី កាលពីល្ងាចថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣នេះ។
សម្តេចតេជោបានចាត់ទុកបញ្ហាទាំង៤ខាងលើនេះ គឺជាកិច្ចការដ៏សំខាន់ដែលត្រូវយកចិត្តទុកដាក់ ជាពិសេសបញ្ហាសេដ្ឋកិច្ច ជាបញ្ហាដែលសាកលលោកកំពុងប្រឈម។
ទាក់ទិននឹងជីវភាពប្រជាពលរដ្ឋវិញ សម្តេចតេជោ ហ៊ុន សែន បានគាំទ្រចំពោះការសម្រេចរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ដែលនៅបន្តកម្មវិធីគាំពារសង្គមនានា ដើម្បីជួយដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ៕