សម្តេចតេជោបានប្ដូរឈ្មោះបណ្តាញតេឡេក្រាមផ្លូវការទៅជា «Hun Sen of Cambodia» ជំនួសវិញ
នៅយប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានប្ដូរឈ្មោះបណ្តាញតេឡេក្រាមពី « Prime Minister Hun Sen» ទៅជា «Hun Sen of Cambodia» ជំនួសវិញហើយ ដែលមានន័យថា «ហ៊ុន សែន របស់កម្ពុជា»។
ការផ្លាស់ប្តូរនេះ បានធ្វើឡើងបន្ទាប់ពី ព្រះមហាក្សត្រ បានត្រាស់បង្គាប់ចាត់តាំង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីកម្ពុជា សម្រាប់នីតិកាលទី៧ ដើម្បីរៀបចំសមាសភាពគណៈរដ្ឋមន្ត្រីថ្មី ហើយបន្ទាប់ពីបណ្តាញតេលេក្រាមរបស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ប្តូរទៅជាឈ្មោះ «Dr. Hun Manet, Prime Minister of Cambodia» ផងដែរ។
បណ្តាញតេឡេក្រាមផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន មានអ្នក Follow ជាង១លាននាក់ហើយ រហូតមកដល់ពេលនេះ ខណៈដែលបណ្តាញតេលេក្រាមរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មានអ្នកតាមដានជាង៣៣ម៉ឺននាក់ផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសរួចហើយថា សម្តេចមិនបន្តកាន់តំណែងជានាយករដ្ឋមន្ត្រី សម្រាប់អាណត្តិទី៧នោះទេ ដោយផ្ទេរទៅឱ្យ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជនមួយរូបទៀត ដែលសម្រេចដោយគណបក្សប្រជាជនកម្ពុជា។ បន្តពីនេះ សម្តេចនឹងធ្វើជាសមាជិករដ្ឋសភា ហើយនឹងប្តូរទៅធ្វើជាប្រធានព្រឹទ្ធសភា នៅឆ្នាំ២០២៤៕