តើសកម្មជនសិទ្ធិមនុស្សរូបណាដែលចង់ឃើញរូបភាពហិង្សា ខ្វះការគោរពសិទ្ធិបុគ្គលឯកជន ខ្វះក្រមសីលធម៌វិជ្ជាជីវៈនៅលើទំព័រមុខសារព័ត៌មាន?
«តើសកម្មជនសិទ្ធិមនុស្សរូបណាដែលចង់ឃើញរូបភាពហិង្សា ខ្វះការគោរពសិទ្ធិបុគ្គលឯកជន ខ្វះក្រមសីលធម៌វិជ្ជាជីវៈនៅលើទំព័រមុខសារព័ត៌មាន ?»។ នេះជាសំនួរដែល ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បង្ហោះហ្វេសប៊ុក នៅព្រឹកថ្ងៃទី០៩តុលា ឆ្នាំ២០២៣។
ការតាំងសំនួរនេះឡើង បន្ទាប់ពីសារព័ត៌មាន The Cambodia Daily បានចុះផ្សាយថា «សកម្មជនសិទ្ធិមនុស្ស និងអ្នកប្រើប្រាស់បណ្ដាញសង្គមរិះគន់មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល ដែលចាត់ទុកករណីចោរឆក់ ចោរប្លន់, ឃាតកម្ម, ក្មេងទំនើង ឬករណីគ្រោះថ្នាក់ចរាចរណ៍ ថាជារឿងកំប៉ិកកំប៉ុក។ មហាជនទូទៅអះអាងថា បញ្ហាអសន្តិសុខសង្គមនេះហើយ ដែលធ្វើឲ្យភ្ញៀវទេសបរទេសខ្លាចរអាក្នុងការមកលេងប្រទេសកម្ពុជា»។
ឯកឧត្តម អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់តាមសំណេរក្នុងហ្វេសប៊ុកថា កាលពីពេលថ្មីៗនេះ ខ្ញុំបានផ្តល់បទសម្ភាសន៍ដល់សារព័ត៌មានកម្ពុជាថ្មីដោយនិយាយថា នៅស្រុកគេពិសេសប្រទេសជឿនលឿន សារព័ត៌មានមិនយករឿងចោរលួច ចោរប្លន់ម៉ូតូ រឿងក្មេងទំនើងវ៉ៃគ្នា រឿងគ្រោះថ្នាក់ចរាចរណ៍ ឬឃាតកម្ម ហិង្សាមកធ្វើជារឿងសំខាន់ហើយពង្រីកដាក់លើទំព័រមុខទេ។គេច្រើនសរសេរជារឿងខ្លីៗដាក់នៅទំព័រខាងក្នុងតែប៉ុណ្ណោះដោយមិនប្រើរូបថតទេ លើកលែងតែករណីនោះជារឿងធំពាក់ព័ន្ធបុគ្គលល្បីៗទើបគេសរសេរវែង តែគេត្រូវគោរពក្រមសីលធម៌ខ្ពស់ណាស់ពិសេសពាក់ព័ន្ធនឹងការប្រើប្រាស់រូបភាពអំពើហិង្សា ឬឃាតកម្មជាដើមពីព្រោះគេគិតពីផលប៉ះពាល់អវិជ្ជមានផ្សេងៗនិងការគោរពសិទ្ធិបុគ្គលឯកជន។
ក្រមសីលធម៌បែបនេះនរណាក៏ដឹងដែរជាពិសេសបញ្ញវន្តអ្នករៀនសូត្រចេះដឹងនិងអ្នកសារព័ត៌មាន។
ចុះហេតុអ្វីបានជាសារព័ត៌មានខ្លះមិនយល់រឿងនេះ? តើសកម្មជនសិទ្ធិមនុស្សរូបណាដែលចង់ឃើញរូបភាពហិង្សា ខ្វះការគោរពសិទ្ធិបុគ្គលឯកជន ខ្វះក្រមសីលធម៌វិជ្ជាជីវៈនៅលើទំព័រមុខសារព័ត៌មាន?
ឯកឧត្តម ប៉ែន បូណា បានសង្កត់ធ្ងន់ថា «អ្នកសារព័ត៌មានដែលសរសេរអត្ថបទនេះទៀតសោតមិនបានផ្ទៀងផ្ទាត់ថាតើសម្តីដើមរបស់ខ្ញុំចង់និយាយពីអ្វីនិងក្នុងបរិបទអ្វីនោះឡើយ។ នេះជាភាពខ្សត់ខ្សោយខាងវិជ្ជាជីវៈដោយគ្រាន់តែលឺគេថា ហើយបន្ថែមល្បោយខ្លួនឯងតុបតែងបានជាសាច់រឿងមួយវែងអន្លាយដើម្បីវាយប្រហារអ្នកដទៃ ឬវាយប្រហារលើរាជរដ្ឋាភិបាល»។
ឯកឧត្តមបន្ថែមថា «ខ្ញុំសូមបញ្ជាក់ជំហរជាថ្មីក្នុងនាមជាអ្នកធ្លាប់ប្រឡូកក្នុងអាជីពនេះ៣០ឆ្នាំហើយដែលបានរួមចំណែកក្នុងការកាត់បន្ថយរូបភាពហិង្សាលើទំព័រសារព័ត៌មានក៏ដូចជាក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ថា សូមបញ្ឈប់ការប្រើប្រាស់រូបភាពហិង្សា រូបភាពដែលបំពានលើសិទ្ធិបុគ្គលឯកជន នៅលើទំព័រសារព័ត៌មានឬលើបណ្តាញសង្គមតទៅទៀតពីព្រោះវាមានផលប៉ះពាល់អវិជ្ជមានច្រើនយ៉ាងណាស់»៕