កម្លាំងប៉ូលិសនិងកម្លាំងPMខណ្ឌជ្រោយចង្វារសហការគ្នាធ្វើការឡោមព័ទ្ធឈានដល់ការឃាត់ជនសង្ស័យបាន១៣នាក់
កម្លំាងនគរបាលប៉ុស្តិ៍រដ្ឋបាលជ្រោយចង្វារ សហការជាមួយកម្លំាងកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ កាលពីយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នំា២០២៣ បានចុះបង្រាបករណីបង្ខាំងមនុស្សស្ថិតនៅចំណុចផ្ទះលេខ131G ផ្លូវកែវចិន្ដា ក្រុម៨ ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។
បើតាមប្រភពបានឲ្យដឹងថា ប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានឃាត់ជនសង្ស័យចំនួន១៣នាក់ ដោយក្នុងនោះមានជនជាតិបង់ក្លាដេស១២នាក់ និងខ្មែរម្នាក់ ហើយរំដោះបានជនជាតិចិនចំនួន២នាក់។
ប្រភពបានបន្តថា ក្រោយទទួលបានព័ត៌មានលេខសង្គ្រោះបន្ទាន់ពីអគ្គស្នងការនគរបាលជាតិ ថាមានករណីបង្ខាំងមនុស្សនៅចំណុចខាងលើ និងជនរងគ្រោះបានទូរស័ព្ទទៅលេខរបស់អាវុធហត្ថ ១២៩១បន្ថែម ទើបកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វារ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខណ្ឌ ចុះដល់ទីតាំងកន្លែងកើតហេតុភ្លាមៗ ដោយបានធ្វើការឡោមព័ទ្ធកន្លែងកើតហេតុ រហូតឈានដល់ការបង្រ្កាបជាក់ស្ដែង ឃាត់ខ្លួនជនសង្ស័យ១៣នាក់ ហើយបានរំដោះជនរងគ្រោះ២នាក់។
បច្ចុប្បន្នជនសង្ស័យទាំង១៣នាក់ និងជនរងគ្រោះ២នាក់ ត្រូវបាននាំខ្លួនទៅកាន់អាវុធហត្ថខណ្ឌជ្រោយចង្វារដើម្បីសាកសួរបន្ត៕