ដើម្បីឲ្យផ្លូវថ្នល់ក្នុងភូមិសាស្ត្រខេត្តកណ្តាលទាំងមូលអាចប្រើប្រាស់បានយូរ បម្រើដល់វិស័យពាណិជ្ជកម្ម ការធ្វើចរាចរណ៍ ការដឹកជញ្ជូនទំនិញ កសិផលរបស់ប្រជាពលរដ្ឋទូទៅ លោក ប៉ែត សារ៉ាត់ បានបែងចែកក្រុមការងារជា៥ក្រុមឲ្យធ្វើការថែទាំជាប្រចាំ
(កណ្ដាល)៖ លោក ប៉ែត សារ៉ាត់ បានគួសបញ្ជាក់ថា «ដើម្បីឲ្យផ្លូវថ្នល់ក្នុងភូមិសាស្ត្រខេត្តកណ្តាលទាំងមូលអាចប្រើប្រាស់បានយូរ បម្រើដល់វិស័យពាណិជ្ជកម្ម ការធ្វើចរាចរណ៍ ការដឹកជញ្ជូនទំនិញ កសិផលរបស់ប្រជាពលរដ្ឋទូទៅ លោកបានបែងចែកក្រុមការងារជា៥ក្រុមឲ្យធ្វើការថែទាំជាប្រចាំ»។
ការគូសបញ្ជាក់របស់លោក ប៉ែត សារ៉ាត់ អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាលនៅវេលាម៉ោង៨៖៣០នាទីព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥នេះ ក្នងនាមតំណាងលោកប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តក្នុងការដឹកនាំកិច្ចប្រជុំស្តី «ការដាក់ឱ្យដំណើរការ ក្រុមការងារថែទាំ ឆ្នំា ២០២៥ តាមបណ្តា ក្រុង ស្រុក ក្នុងភូមិសាស្ត្រខេត្តកណ្តាល» នៅសាលប្រជុំការិយាល័យសាធារណការ ដោយមានការចូលរួមពី ប្រធាន អនុប្រធានការិយាល័យ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា បុគ្គលិកអ្នកបើកបរ កម្មករអណ្តែតជាច្រើនរូបទៀត។
ជាមួយនោះ លោក ប៉ែត សារ៉ាត់ ក៏បានលើកឡើងពីគោលបំណងនៃកិច្ចប្រជុំនាពេលនេះផងដែរ គឺដើម្បីរៀបចំក្រុមការងារថែទាំផ្លូវជាតិ ផ្លូវខេត្តក្រាលកៅស៊ូ ការងារកាយរំដោះទឹក និងជួសជុលសំណង់សិល្បការ្យផ្សេងៗ តាមបណ្តា ក្រុង ស្រុក ក្នុងភូមិសាស្ត្រខេត្តកណ្តាលទាំងមូល ដើម្បីថែរក្សាផ្លូវថ្នល់ ស្ពាន បណ្តាញលូ និងសំណង់សិល្បការ្យនានាក្នុងវិស័យសាធារណការ អាចប្រើប្រាស់បានយូរ បម្រើដល់វិស័យពាណិជ្ជកម្ម ការធ្វើចរាចរណ៍ ការដឹកជញ្ជូនទំនិញ កសិផល របស់ប្រជាពលរដ្ឋទូទៅ។
ទន្ទឹមនោះ លោកប្រធានអង្គប្រជុំក៏បានបែងចែកក្រុមការងារជា៥ក្រុម ដើម្បីថែទាំផ្លូវថ្នល់ជាប្រចាំ៖ *ក្រុមទី១៖ ស្នាក់នៅទីតាំងផ្លូវជាតិលេខ ២៣ ស្ថិតក្នុងស្រុកកោះធំ ទទួលខុសត្រូវថែទាំកំណាត់ផ្លូវជាតិ និងផ្លូវខេត្តលេខ ១ ២១ ១៤ ១១០ និង១២៩។ *ក្រុមទី២៖ ស្នាក់នៅទីតាំងឃុំ វិហាសួគ៌ ស្រុកខ្សាច់កណ្តាល ទទួលខុសត្រូវថែទាំកំណាត់ផ្លូវជាតិ និងផ្លូវខេត្តលេខ ៦ ៨ ៧០អា ៧០បេ ៣៨៣ ៣៨០អា ៣៨០អា១ ៣៨១អា ៣៨៣ ៣៨៣អា ៣៨៣កា និង ៣៨២។ *ក្រុមទី៣ ស្នាក់នៅទីតាំងឃុំ ផ្សារដែក ស្រុកពញ្ញាឮ ទទួលខុសត្រូវថែទាំកំណាត់ផ្លូវជាតិ និងផ្លូវខេត្តលេខ ៥ ខ្នែងផ្លូវជាតិលេខ៥ចាស់ ៦១ ២៦១៨ ១៥១អា និង២៦១៨។ *ក្រុមទី៤ស្នាក់នៅទីតាំងឃុំ ក្រាំងម្កាក់ ស្រុកអង្គស្នួល ទទួលខុសត្រូវថែទាំកំណាត់ផ្លូវជាតិ ផ្លូវខេត្តលេខ ២ ៣ ៤២ ១កាដេ៩ ១កាដេ១១ ១កាដេ១០ និង៣កាដេ១២។ និង*ក្រុមទី៥ ក្រុមពិសេស ស្នាក់នៅអង្គភាពក្រុងតាខ្មៅ បែងចែកជា០៣ក្រុមតូចបន្ថែម៖ *ក្រុមក គឺទទួលខុសត្រូវជួសជុលការងារគ្រឹះធំៗ កាយរំដោះទឹកតាមចិញ្ចើមផ្លូវទូទាំងខេត្តកណ្តាល និងការងារបន្ទាន់តាមការចាត់តាំងរបស់អង្គភាព។*ក្រុមខគឺទទួលខុសត្រូវលាង និងបោសសម្អាតផ្លូវសំខាន់ៗ ក្នុងក្រុងតាខ្មៅ និងក្រុមគ គឺទទួលខុសត្រូវថែទាំកំណាត់ផ្លូវជាតិ ផ្លូវខេត្តលេខ ១ ២ ២១ ២១អា ២១បេ ១១០ និងផ្លូវថ្នល់ រួមទាំងសំណង់សិល្បការ្យនានាក្នុងក្រុងតាខ្មៅ។ ដើម្បីអនុវត្តការងារថែទាំកំណាត់ផ្លូវជាតិ ផ្លូវខេត្តក្រាលកៅស៊ូ ស្ពាន លូ ជួសជុលសំណង់សិល្បការ្យផ្សេងៗ ការងារកាយរំដោះទឹកតាមចិញ្ចើមថ្នល់ ការទប់ស្កាត់ការចាក់ដី ឬសាងសង់សំណង់រំលោភដីចំណីផ្លូវ ក្នុងភូមិសាស្ត្រខេត្តកណ្តាលទំាងមូលទទួលបានជោគជ័យ។លោកបន្តថា មន្ទីរក៏បានស្នើសុំកិច្ចសហការចូលរួមរបស់រដ្ឋបាល ក្រុង ស្រុក ឃុំ សង្កាត់ អ្នកប្រើប្រាស់ផ្លូវថ្នល់ ពិសេសប្រជាពលរដ្ឋទូទៅដែលរស់នៅសង្ខាងផ្លូវផងដែរ។
លោកអនុប្រធានមន្ទីររូបនេះបានផ្តាំផ្ញើនិងជំរុញដល់ក្រុមការងារទាំងអស់ត្រូវតែយកចិត្តទុកដាក់បំពេញការងារតាមតួនាទី និងភារកិច្ចរបស់ខ្លួន លើកកម្ពស់ឲ្យមានប្រសិទ្ធភាព ដើម្បីសម្រេចភាពជោគជ័យតាមផែនការដែលបានដាក់ចេញ៕