លោក ឡុង ផលគុណ និងលោកស្រី សួន វណ្ណនេ បានកំពុងបើកការដ្ឋានសាងសង់អាគារស្នាក់នៅកម្ពស់ជាង៨ជាន់រំលោភយកដីមាត់ស្ទឹងសង្កែយ៉ាងស្ងៀមស្ងាត់ លាក់បាំងពីភ្នែកលោករដ្ឋមន្ត្រីក្រសួងធនធានទឹក!

(បាត់ដំបង)៖ ពិតជាគួរឲ្យភ្ញាក់ផ្អើលនិងសោកស្ដាយខ្លាំងណាស់ដែលម្ចាស់ការដ្ឋានសាងសង់អគារស្នាក់នៅមានកម្ពស់រហូតដល់ទៅកម្ពស់៨ជាន់ ស្ថិតនៅក្នុងភូមិឡឥដ្ឋ សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានលិខិតអនុញ្ញាតសាងសង់ត្រឹមត្រូវ ប៉ុន្តែបែរជាសម្ងំសាងសង់រំលោភយកដីមាត់ស្ទឹងសង្កែយ៉ាងស្ងៀមស្ងាត់ ហាក់បីដូចកំពុងព្យាយាមលាក់បាំងពីភ្នែករបស់លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧត្តុនិយម។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥នេះ។

បើតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ការដ្ឋានសាងសង់អគារកម្ពស់៨ជាន់ខាងលើគឺជាលោក ឡុង ផលគុណ និងលោកស្រី សួន វណ្ណនេ ដែលអ្នកទាំងពីរនាក់ប្ដីប្រពន្ធបានដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតសាងសង់ទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី ០២ ខែមិថុនា ឆ្នាំ២០២៣ ហើយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ហើយទទួលបានលិខិតអនុញ្ញាតសាងសង់កាលពីថ្ងៃអង្គរ ទី០៨ ខែសីហា ឆ្នាំ២០២៣ ដែលមានចុះហត្ថលេខាអនុញ្ញាតដោយឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ប្រភពបានឲ្យដឹងបន្តថា លោក ឡុង ផលគុណ និងលោកស្រី សួន វណ្ណនេ ម្ចាស់ការដ្ឋានខាងលើ មិនត្រឹមតែលួចសាងសង់អាគាររំលោភយកដីមាត់ស្ទឹងសង្កែប៉ុណ្ណោះទេ ប៉ុន្តែពីរនាក់ប្ដីប្រពន្ធខាងលើនេះ ក៏មិនបានគោរពអនុវត្តឲ្យបានត្រឹមត្រូវតាមលិខិតអនុញ្ញាតសាងសង់ខាងលើនេះផងដែរ។ ពោលគឺរំលោភលើអនុក្រឹត្យលេខ៩៨ អនក្រ.បក ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ ស្ដីពីការគ្រប់គ្រងអាងទន្លេ ដោយការកាន់កាប់ដីជាប់តំបន់ស្ទឹង ត្រូវកាន់កាប់ស្ថិតលើរយៈចម្ងាយលើសពី៣០ម៉ែត្រ គិតពីមាត់ច្រាំងស្ទឹង។

ពាក់ព័ន្ធករណីខាងលើនេះ លោក សួន សុភា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តបាត់ដំបងបានឲ្យអង្គភាព The Mirror News ដឹងថា «សំណង់នេះមានទំហំលើសពី៣០០០ម៉ែត្រក្រឡា និងបានចេញលិខិតអនុញ្ញាតដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួចហើយ»។

បើតាមលោក សឿម ប៊ុនរិទ្ធ អភិបាលរងនិងជាអ្នកនាំពាក្យខេត្តបាត់ដំបងបានប្រាប់ឲ្យអង្គភាព The Mirror News ដឹងដែរថា ការងារនេះ ជាការងាររបស់មន្ទីរជំនាញ ហើយលោកធ្លាប់ទទួលព័ត៌មានពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តបានបញ្ជាក់ថា ដោយសារសំណង់នេះ មានទំហំលើសពី៣០០០ម៉ែត្រការ៉េ ជាសមត្ថកិច្ចពិនិត្យ និងអនុញ្ញាតច្បាប់សាងសង់ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ហើយថាម្ចាស់បានរត់ច្បាប់នៅក្រសួងហើយ។

អ្នកនាំពាក្យខេត្តបាត់ដំបងរូបនេះបានបន្តថា ចំពោះរដ្ឋបាលខេត្ត មានសមត្ថកិច្ចពិនិត្យនិងអនុញ្ញាតច្បាប់សាងសង់ចាប់ពីលើស៥០០ម៉ែត្រការ៉េ ដល់ត្រឹម៣០០០ម៉ែត្រការ៉េ។ រដ្ឋបាលក្រុង ស្រុក មានសមត្ថកិច្ចពិនិត្យ និងអនុញ្ញាតច្បាប់សាងសង់ ត្រឹម៥០០ម៉ែត្រការ៉េចុះ។

បើតាមលិខិតអនុញ្ញាតសាងសង់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់អនុញ្ញាតឲ្យសាងសង់អគារស្នាក់នៅរួមចំនួន០១អគារ កម្ពស់អតិបរមា៣៨, ៤២ ម៉ែត្រ មានជាន់ផ្ទាល់ដី ជាន់ទី១ ដល់ជាន់ទី៨ ជាន់ទែរ៉ាស់ ដំបូលប្រក់ក្បឿង មានផ្ទៃក្រឡាសំណង់សរុប ៣.៦០៤,៥០ ម៉ែត្រការ៉េ មានសន្ទស្សន៍ប្រើប្រាស់ដី៣,៧៩ នៅលើដីឡូត៍ទំហំ៦២២,០០ម៉ែត្រការ៉េ មានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ ០២០៣០២០៥-០៤៥១ ភូមិឡឥដ្ឋ សង្កាត់ ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង របស់លោក ឡុង ផលគុណ និងលោកស្រី សួន វណ្ណនេ ៚ប្តី-ប្រពន្ធ) ដោយម្ចាស់សំណង់ត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖

១៖ ត្រូវរៀបចំឲ្យមានសួនជ្រាបទឹកឲ្យបានយ៉ាងតិច ៣០% នៃផ្ទៃដីឡូត៍ដែលនៅសល់ពីការសាងសង់ ត្រូវដាំដើមឈើ និងរុក្ខជាតិបៃតងឲ្យបានអតិបរមា ត្រូវរៀបចំផែនការសាងសង់ និងប្រើប្រាស់ អគារសន្សំសំចៃថាមពល និងត្រូវប្រើប្រាស់សម្ភារៈសំណង់សមស្របដែលរួមចំណែកដល់ គោលនយោបាយជាតិអភិវឌ្ឍន៍បៃតងរបស់រាជរដ្ឋាភិបាល។

២៖ ហាមប្រើប្រាស់ផ្លូវ ចិញ្ចើមផ្លូវ ទីធ្លាសាធារណៈជាចំណតយានយន្ត កន្លែងទុកដាក់សម្ភារៈសំណង់ និងឧបករណ៍សំណង់ គ្រឿងចក្រសាងសង់ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។

៣៖ ត្រូវរៀបចំបន្ថែមចំណតរថយន្តតូចចំនួន ១៦ ចំណតទៀត នៅក្នុងបរិវេណដីឡូត៍។

៤៖ ត្រូវរៀបចំឲ្យមានផ្លូវជម្រាល ចំណតរថយន្ត និងបរិក្ខារសម្រាប់ជនមានពិការភាព ក្នុងបរិវេណដីឡូត៍ នៅច្រកចេញ-ចូលអគារ និងខាងក្នុងអគារឲ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស។

៥៖ ត្រូវរៀបចំឲ្យមានពន្លឺ និងខ្យល់ចេញចូលគ្រប់គ្រាន់ក្នុងអគារ និងក្នុងបន្ទប់រស់នៅស្របតាមបទដ្ឋាន បច្ចេកទេស និងត្រូវបំពាក់សម្ភារៈសំណង់ដែលមិនប៉ះពាល់ដល់សុវត្ថិភាពសាធារណៈ សុខភាព បរិស្ថាន និងសង្គម និងសោភណភាពអគារឲ្យមានលក្ខណៈស្ថាបត្យកម្មល្អសមស្រប។

៦៖ ត្រូវរៀបចំឲ្យមានហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រងសំណល់រឹង-រាវ រៀបចំអាងប្រព្រឹត្តកម្មទឹកកខ្វក់ បំពាក់ម៉ាស៊ីនចម្លោះទឹកកខ្វក់ ប្រព័ន្ធល្អស្របតាមមុខងារប្រើប្រាស់អគារមុនបង្ហូរចេញ ប្រព័ន្ធ ទឹកស្អាត ប្រព័ន្ធអគ្គិសនី ឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសដោយមានការពិនិត្យយល់ព្រម ពីសមត្ថកិច្ចជំនាញពាក់ព័ន្ធ ព្រមទាំងប្រើប្រាស់បច្ចេកទេសសាងសង់សមស្រប ដើម្បីធានាសុវត្ថិភាព ដល់សំណង់ជិតខាង ការពារបរិស្ថាន សុវត្ថិភាពសាធារណៈ និងសុខុមាលភាពសង្គម។

៧៖ ត្រូវសិក្សាប្លង់ប្រព័ន្ធបង្ការ និងពន្លត់អគ្គិភ័យស្របតាមបទដ្ឋានបច្ចេកទេស និងមានការបញ្ជាក់ ទទួលស្គាល់ពីអគ្គស្នងការដ្ឋាននគរបាលជាតិ។

៨៖ ត្រូវអនុវត្តតាមខ្លឹមសារដែលមានចែងក្នុងសៀវភៅគោលការណ៍ណែនាំស្តីពីសុវត្ថិភាព និងសុខភាព នៅការដ្ឋានសំណង់។

៩៖ ត្រូវស្នើសុំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម (EIA) ពីក្រសួងបរិស្ថាន។

១០៖ ក្នុងករណីមានការលក់ដូរចំណែកណាមួយនៃអគារស្នាក់នៅរួម ម្ចាស់សំណើត្រូវគោរពតាម បទប្បញ្ញត្តិទាំងឡាយ ដែលមាននៅក្នុងអនុក្រឹត្យស្តីពីការគ្រប់គ្រងនិងប្រើប្រាស់អគារសហកម្មសិទ្ធិ។

១១៖ ត្រូវសុំការអនុញ្ញាតជាមុនពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងករណីមានការ កែប្រែមុខងារអគារ សោភណភាពអគារ ឬការសាងសង់បន្ថែមផ្សេងៗ ។

១២៖ បន្ទាប់ពីទទួលបានលិខិតអនុញ្ញាតសាងសង់ ត្រូវស្នើសុំលិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ ជាមុនពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយផ្អែកលើលក្ខខណ្ឌផ្សេងៗ ដូចមាន ចែងក្នុងប្រកាសលេខ ៣២ ប្រក/សណ ចុះថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០០១ ស្តីពីការគ្រប់គ្រង ការដ្ឋានសំណង់។

១៣៖ ត្រូវសហការជាមួយមន្ត្រីជំនាញរបស់ក្រសួងចុះបោះបង្គោលកំណត់ព្រំទីតាំងសំណង់ក្នុងដីឡូត៍ ឲ្យបានត្រឹមត្រូវស្របតាមលិខិតអនុញ្ញាតសាងសង់ និងលិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ នៅមុនពេលដំណើរការសាងសង់។

១៤៖ ក្នុងករណីការដ្ឋានដំណើរការសាងសង់មុនទទួលបានលិខិតអនុញ្ញាតបើកការដ្ឋាន លិខិតអនុញ្ញាត សាងសង់ត្រូវព្យួរ ហើយការដ្ឋានសាងសង់ត្រូវបានផ្លាករហូតដល់ទទួលបានលិខិតអនុញ្ញាត បើកការដ្ឋាន ។ ក្នុងករណីម្ចាស់រឹងរូសនៅតែបន្តការសាងសង់ ម្ចាស់សំណង់អាចប្រឈមមុខ នៅនឹងវិធានការដកហូតសម្ភារៈសាងសង់ និងអាចត្រូវបានប្តឹងទៅតុណ្ហការតាមនីតិវិធីជាធរមាន ។

១៥៖ ត្រូវសុំលិខិតបិទការដ្ឋានសាងសង់ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោយពីបាន បញ្ចប់ការសាងសង់។

*លិខិតអនុញ្ញាតសាងសង់នឹងត្រូវអស់នឹងត្រូវអស់សុពលភាព បើការងារសាងសង់ពុំត្រូវបានដំណើរការក្នុង រយៈពេល ១ (មួយ) ឆ្នាំ គិតចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

ទោះបីជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋនៅក្រុងបាត់ដំបងទទូចស្នើឲ្យលោក សុខ លូ អភិបាលខេត្តបាត់ដំបងនិងលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧត្តុនិយមចាត់មន្ត្រីជំនាញចុះពិនិត្យមើលដើម្បីឆាប់ផ្ដល់ភាពស្របច្បាប់ដល់ម្ចាស់ទីតាំងខាងលើ ដែលខំចំណាយទ្រព្យធនសង់សំណង់រឹងមាំរំលោភយកដីសាធារណៈរបស់រដ្ឋនោះ ឲ្យបានត្រឹមត្រូវផងចុះ៕ ដោយ៖ សច្ចៈ

 

អត្ថបទដែលជាប់ទាក់ទង