អយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំនឹងធ្វើការស្រាវជ្រាវបន្ថែមទៅលើពាក្យចចាមអារាម ដែលបានលើកឡើងថា ដោះលែងអ្នកផលិតកាំបិតឲ្យបានត្រឡប់ទៅផ្ទះវិញ ជាថ្នូរនឹងប្រាក់ចំនួន៥,៥០០ដុល្លារ
(ត្បូងឃ្មុំ)៖ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ តំណាងអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំបានបញ្ជាក់ថា ខ្លួននឹងបើកការស្រាវជ្រាវករណីបង្ហោះតាមបណ្ដាញសង្គម ពាក់ព័ន្ធករណីដោះលែងជាងធ្វើកាំបិត២នាក់ នៅស្រុកតំបែរ ជាមួយថ្នូរលុយ៥,៥០០ដុល្លារ។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំដែលបណ្ដាញព័ត៌មាន The Mirror News ទទួលបាន បានឲ្យដឹងថា «អយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ នឹងធ្វើការស្រាវជ្រាវបន្ថែមទៅលើពាក្យចចាមអារាម ដែលបានលើកឡើងថា ដោះលែងអ្នកផលិតកាំបិតឲ្យបានត្រឡប់ទៅផ្ទះវិញ ជាថ្នូរនឹងប្រាក់ចំនួន៥,៥០០ដុល្លារ»។
ប្រភពដដែលបានបន្តថា កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាល ខេត្តត្បូងឃ្មុំ បានសហការជាមួយក្រុម HOTLANE SCAM24/7 របស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងអធិការដ្ឋាននគរបាលស្រុកតំបែរ បានចុះបង្ក្រាបទីតាំងសិប្បកម្ម ធ្វើកាំបិត មួយកន្លែងនៅចំណុច ផ្ទះឈ្មោះ សា សូទី ស្ថិតនៅភូមិទួលសំបូរ ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។
សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យចំនួន២នាក់ ឈ្មោះ សា សូទី អាយុ៣៨ឆ្នាំ មេជាង និងឈ្មោះ អិន ប្រុសទូច អាយុ២៥ឆ្នាំ ជាកូនជាង និងជាអ្នកឡាយវីដេអូ លក់ កាំបិត និងដាវតាម FACEBOOK និង TIKTOK ហើយសមត្ថកិច្ចក៏បានដកហូតវត្ថុតាងមួយចំនួនរួមមាន៖ ដាវវែង ចំនួន០៣ដើម, ដាវខ្លីចំនួន០៦ដើម, កាំបិតផ្គាក់ដងវែងចំនួន០៣ដើម, កាំបិតផ្គាក់ដងខ្លីចំនួន០១ដើម, កាំបិតខ្វែវ ចំនួន០២ដើម, កាំបិតប៉័ងតោចំនួន០៣ដើម, កាំបិតស្នៀតចំនួន០៧ដើម, ពូថៅចំនួន០២ដើម, ស្រោមដាវធ្វើពីឈើ ចំនួន០៤, ស្រោមកាំបិតប៉័ងតោធ្វើពីឈើ ចំនួន០១, ឧបករណ៍សម្រាប់កែច្នៃកាំបិតចំនួន០៥ និងម៉ូទ័រចំនួន០៥។
ក្រោយពីតំណាងអយ្យការធ្វើការសាកសួរទៅលើជនសង្ស័យទាំងពីរនាក់ ដែលមានឈ្មោះ ឈ្មោះ សា សូទី និងឈ្មោះ អិន ប្រុសទូច តំណាងអយ្យការបានសម្រេចឲ្យជនសង្ស័យទាំងពីរនាក់បានត្រឡប់ទៅផ្ទះវិញជាបណ្ដោះអាសន្ន តាមរយៈការស្នើសុំធានាកូនក្ដីឲ្យបានត្រឡប់ទៅផ្ទះវិញជា បណ្តោះអាសន្នពីសំណាក់មេធាវី ហើយសំណុំរឿងតំណាងអយ្យការកំពុងស៊ើបអង្កេតបន្ត៕